(មណ្ឌលគិរី)៖ ចំនួនភ្ញៀវទេសចរទៅលេងខេត្តមណ្ឌលគិរី ត្រូវបានគេកត់សម្គាល់ឃើញថា មានការថយចុះ ប៉ុន្តែកើនច្រើនជាង វិបត្តិកូវីដ-១៩ កាលឆ្នាំ២០២១ ដែលក្នុងរយៈពេល ៦ខែ ឆ្នាំនេះ ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរប្រមាណជាង២២ ម៉ឺននាក់ ។
លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជារៀងរាល់ចុងសប្តាហ៍ នៃខែនីមួយៗ តែងមានអ្នកទេសចរទៅលេងកម្សាន្តឥតដាច់ ជាពិសេសថ្ងៃបុណ្យឈប់សម្រាកនានា។ តាមការអង្កេតរបស់មន្ត្រីជំនាញ អ្នកទេសចរដែលទៅលេងកម្សាន្ត គឺភាគច្រើនជាអ្នកមានជីវភាពល្អប្រសើរ ដូច្នេះ ពាក់ព័ន្ធដំណើរកម្សាន្តរបស់ពួកគេហាក់មិនមានបញ្ហាចោទលើការចំណាយ ដូចជាប្រេងសាំងឡើងថ្លៃនោះប៉ុន្មានទេ។
លោកបានទទួលស្គាល់ថា ការប្រែប្រួលនៃតម្លៃទំនិញ និងប្រេងសាំងនេះ ពិតជាបានបង្កផលប៉ះពាល់ខ្លះ ចំពោះវិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី ដោយចំនួនអ្នកទេសចរមិនច្រើនដូចមុន ដ្បិតអ្នកមានជីវភាពរាងទាបបានកាត់បន្ថយដំណើរកម្សាន្តរបស់ពួកគេ ដើម្បីទប់ទល់បញ្ហាជីវភាពប្រចាំថ្ងៃ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានបង្ហាញថា ភ្ញៀវទេសចរដែលបានទៅទស្សនា ក្នុងខេត្ត ក្នុងឆមាសទី១ ឆ្នាំនេះ សរុបមានចំនួន ២២៤,៧២៩នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិ ចំនួន ២២២,៩២២នាក់ ភ្ញៀវទេសចរអន្តរជាតិ ចំនួន ១,៨០៧នាក់ បើធៀបនឹងឆមាសឆ្នាំ២០២១ មានចំនួន ៧៧,០៥៥នាក់ កើនលើស ១៩១,៦៥ភាគរយ។
ទោះបីខេត្តមណ្ឌលគិរីទទួលរងផលប៉ះពាល់ខ្លះក៏ពិតមែន ប៉ុន្តែ ខេត្តនៃតំបន់ភូមិភាគឦសានមួយនេះ នៅតែមានសក្តានុពលខ្ពស់ ក្នុងការទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរឱ្យទៅលេង ដោយខេត្តមណ្ឌលគិរី មានភាពសម្បូរបែបនូវធនធានធម្មជាតិ អាកាសធាតុត្រជាក់ និងមានវប្បធម៌ជនជាតិដើមភាគតិច ជាពិសេសមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដូចជារមណីដ្ឋានវប្បធម៌ភ្នំដោះក្រមុំ រមណីយដ្ឋានសមុទ្រឈើ ចំការកាហ្វេ និងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជាដើម ៕