បាងកក៖ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានថ្កោលទោសចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកទាំង ១១ ចំណុចនៅខេត្តទាំង ៣ ជាប់ព្រំដែនភាគខាងត្បូងថៃ ដោយលោកបានបញ្ជាឲ្យកងកម្លាំងសន្តិសុខពន្លឿនការស៊ើបអង្កេតប្រមូលភស្តុតាង និងចាត់វិធានការលើជនជនដៃដល់តាមផ្លូវច្បាប់ឲ្យដល់ទីបញ្ចប់ ។
នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ លោក ថាណាខន អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានទទួលរបាយការណ៍ស្តីពីស្ថានការណ៍បំផ្ទុះគ្រាប់បែកទាំង ១១ កន្លែងក្នុងពេលតែមួយនៅខេត្តទាំង ៣ ជាប់ព្រំដែនភាគខាងត្បូង ក៏ដូចជាឲ្យសមត្ថកិច្ចពន្លឿនការចាប់ខ្លួនជនសង្ស័យផងដែរ ។ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីបានថ្កោលទោសជនបង្ករ និងបានបញ្ជាសមត្ថកិច្ចជំនាញពន្លឿនការស៊ើបអង្កេតស្វែងរកមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើង និងបានសម្តែងការព្រួយបារម្ភចំពោះមន្ត្រីនៅគ្រប់វិស័យ និងផ្តាំផ្ញើដល់មន្ត្រីទាំងអស់សម្រាប់ការបំពេញភារកិច្ចរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគឺត្រូវការពារសន្តិសុខ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងតំបន់កាន់តែតឹងរ៉ឹងថែមទៀត ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានថ្កោលទោសចំពោះទង្វើទាំងនេះថា ជាការធ្វើសកម្មភាពយ៉ាងគឃ្លើនដោយចេតនា បណ្តាលឲ្យមានមនុស្សបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ បន្ទាប់ពីជនដៃដល់បានដាក់គោលដៅលើផ្សារទំនើប ជាកន្លែងដែលមានមនុស្សម្នាច្រើនកុះករដើរទៅមកទិញអីវ៉ាន់ ៕
ប្រភព៖ Naewna