Alynana Media Cambodia
Icon Collap
clinic narit

តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ​បាន​ធ្លាក់ចុះ​ជាង ១០ ​ភាគរយ ខណៈ​ការ​ចិញ្ចឹម​ក្នុង​ស្រុកកំពង់កើនឡើង​

Admin Alynana | Aug 18, 2022
តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ​បាន​ធ្លាក់ចុះ​ជាង ១០ ​ភាគរយ ខណៈ​ការ​ចិញ្ចឹម​ក្នុង​ស្រុកកំពង់កើនឡើង​
Clinic narith

(ភ្នំពេញ)៖ តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ​បាន​ធ្លាក់ចុះ​ជាង ១០ ​ភាគរយ ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​ការ​កើនឡើង​ការចិញ្ចឹម​ក្នុង​ស្រុក​បានអនុញ្ញាត​ឱ្យ​កម្ពុជា​អាច​រ៉ាប់រង​បាន ១០០ ​ភាគរយ​ចំពោះ​តម្រូវការ​សាច់ជ្រូក​បរិភោគ​ប្រចាំថ្ងៃ​។ នេះ​បើ​យោង​តាម​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់​ថា​ ក្នុង​ថ្ងៃទី​ ១៧ ខែសីហា​ថា ការដាក់​ចេញ​នូវ​គោលនយោបាយ​ជំរុញ និង​លើក​ទឹកចិត្ត​ចំពោះ​ការចិញ្ចឹម​សត្វ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​កសិកម្ម​បាន​ធ្វើឱ្យ​សម្ទុះ​ការចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​ហក់​ឡើង​យ៉ាង​លឿន ជាពិសេស​ចាប់​តាំងពី​ការលេចឡើង​នៃ​វត្តមាន​ជំងឺ​កូវីដ ​១៩​។ កម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចិញ្ចឹម​ជ្រូក​ធំៗ​ជាច្រើន​កំពុង​ដំណើរការ​ដូចជា CP, M's Pig ACMC Cambodia និង Betagro ព្រមទាំង​មាន​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ជាច្រើន​ទៀត​។

លោក​បន្ថែមថា ពេលនេះ​កម្ពុជា​មិនមាន​ភាពចាំបាច់​ក្នុង​ការនាំចូល​ជ្រូក​ពី​ប្រទេស​ជិតខាង​ទេ ព្រោះ​បរិមាណ​ជ្រូក​រស់ គឺ​មាន​ចំនួន​គ្រប់គ្រាន់​ហើយ ព្រមទាំង​អាច​លើសពី​តម្រូវការ​ទៀតផង​។ ចំនួន​សត្វ​ជ្រូក​ចិញ្ចឹម​ដ៏ច្រើន​នាពេលនេះ បាន​ជំរុញ​ឱ្យ​តម្លៃ​សាច់ជ្រូក​នៅលើ​ទីផ្សារ​ធ្លាក់ចុះ​ជាង ១០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​នេះ​ខ្ញុំ​ហ៊ាន​និយាយ​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការផ្គត់ផ្គង់​សាច់ជ្រូក​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដោយ​ពុំ​ចាំបាច់​នាំចូល​ទៀត​ទេ​។ តម្លៃ​ជ្រូករស់ និង​សាច់ជ្រូក​នៅ​កម្ពុជា​ពេលនេះ​ក៏​ទាប​ជាង​ប្រទេស​ជិតខាង​ក្នុង​រង្វង់​ជាង ១០ ​ភាគរយ​ដែរ​»​។

បើតាម​លោក ពៅ បច្ចុប្បន្ន​ជ្រូក​រស់នៅ​ក្នុងស្រុក​មាន​តម្លៃ​ជា​មធ្យម ២,៨ ​ដុល្លារ​ក្នុង ​១ ​គីឡូក្រាម ធ្លាក់ចុះ​ពី ៣,២​ ដុល្លារ​កាលពី​អំឡុង​ខែសីហា​ឆ្នាំមុន​។ រីឯ​ជ្រូក​រស់នៅ​ប្រទេស​វៀតណាម ដែល​កន្លង​មក​ក្រុម​ឈ្មួញ​តែង​នាំ​ចូលមក​កម្ពុជា គឺមាន​តម្លៃ​ចន្លោះ​ពី​ ២,៩៣​ ដុល្លារ​ក្នុង ១ ​គីឡូក្រាម​។

 

អ្នក​ចែកចាយ​បន្ត និង​លក់​សាច់ជ្រូក​នៅ​ផ្សារ​អូរឫស្សី លោក តាំង ម៉េងគា បាន​ប្រាប់ថា ការកើនឡើង​នៃ​ការវិនិយោគ​លើ​ការចិញ្ចឹម​ជ្រូក​បាន​ធ្វើឱ្យ​តម្លៃ​សាច់ជ្រូក​ក្នុង​ឆ្នាំ​ ២០២២ ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំមុន ដោយ​សាច់ជ្រូក​បោះ​ដុំ​ឱ្យ​ម៉ូយ​លក់​បន្ត​ពេលនេះ គឺ ១៥ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម និង​លក់រាយ​តម្លៃ​ចន្លោះ​ពី ១៧ ០០០-១៩ ០០០​ រៀល ខណៈ​កាលពី​ឆ្នាំមុន​តម្លៃ​បោះ​ដុំ គឺ​ប្រហាក់​ប្រហែល​តម្លៃ​លក់រាយ​នៅពេលនេះ​។ ការធ្លាក់ចុះ​តម្លៃ​សាច់ជ្រូក គឺ​មកពី​បរិមាណ​ជ្រូក​ដែល​ចិញ្ចឹម​ក្នុងស្រុក​កើនឡើង​។
3-strory-2

លោក​និយាយ​ថា​៖ «​តម្លៃ​សាច់ជ្រូក​ស្រស់​នៅពេលនេះ​ទាប​ជាង​ឆ្នាំមុន ហើយ​សាច់ជ្រូក​ដាក់លក់​នៅ​ទីផ្សារ​ពេលនេះ ក៏​ជា​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក ១០០ ​ភាគរយ​ផងដែរ​»​។

លោក​បន្ថែមថា នៅពេល​នេះ​មិន​មានការ​នាំចូល​ជ្រូក​រស់​ (​ពី​វៀតណាម​) មក​កាប់សាច់​លក់​នៅ​កម្ពុជា​ទៀត​ទេ ព្រោះ​កម្ពុជា​ចិញ្ចឹម​បាន​ច្រើន និង​មាន​តម្លៃ​ធូរ​ជាង​ជ្រូក​ប្រទេស​ជិតខាង​។

ទោះបី​យ៉ាងណា​លោក​អះអាង​ថា ការ​លួច​នាំចូល​គ្រឿងក្នុង​ជ្រូក ​(​បង្កក​) ​ពី​ប្រទេស​ជិតខាង ​(​វៀតណាម​) គឺ​នៅតែ​មាន​ជា​ហូរហែ​នៅឡើយ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ឱកាស​ចុះទៅ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក សត្តឃាតដ្ឋាន​ជ្រូក និង​រោងចក្រ​ផលិត​ចំណីអាហារ​នៅ​ខេត្តតាកែវ និង​កំពត នា​ដើម​សប្តាហ៍​នេះ​បាន​លើកឡើង​ថា ការចិញ្ចឹម​សត្វ​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​អនុវិស័យ​ផលិតកម្ម​សត្វ សាច់ និង​ម្ហូបអាហារ​ដែល​មាន​ដើមកំណើត​ពី​សត្វ ពិសេស​រក្សា​ស្ថិរភាព​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ​នៅ​មូលដ្ឋាន និង​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​ស្រុក​។

លោក​ក៏បាន​ណែនាំ​ឱ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម ត្រូវ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​ចិញ្ចឹម ផលិត​ចំណី​សត្វ ស្តង់ដា​ពិឃាតសត្វ និង​ការផលិត​ម្ហូបអាហារ ដើម្បី​បង្កើន​ការយល់ដឹង ជំនឿ​ចិត្ត ព្រមទាំង​ទទួល​យក​នូវ​ផលិតផល​ដែល​សហការ​ផលិត និង​ឈានទៅ​នាំចេញ​នាពេល​ខាងមុខ​។

 

បើ​យោងតាម​ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ជា​មធ្យម​កម្ពុជា​មាន​តម្រូវការ​សត្វ​ជ្រូក​ (​រស់​) ​ប្រមាណ​ជាង ៨ ០០០ ​ក្បាល​ក្នុង ១​ ថ្ងៃ​សម្រាប់​ធ្វើ​ម្ហូបអាហារ​៕