(ភ្នំពេញ)៖ តម្លៃសាច់ជ្រូកលើទីផ្សារបានធ្លាក់ចុះជាង ១០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈការកើនឡើងការចិញ្ចឹមក្នុងស្រុកបានអនុញ្ញាតឱ្យកម្ពុជាអាចរ៉ាប់រងបាន ១០០ ភាគរយចំពោះតម្រូវការសាច់ជ្រូកបរិភោគប្រចាំថ្ងៃ។ នេះបើយោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានប្រាប់ថា ក្នុងថ្ងៃទី ១៧ ខែសីហាថា ការដាក់ចេញនូវគោលនយោបាយជំរុញ និងលើកទឹកចិត្តចំពោះការចិញ្ចឹមសត្វរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្មបានធ្វើឱ្យសម្ទុះការចិញ្ចឹមជ្រូកនៅកម្ពុជាហក់ឡើងយ៉ាងលឿន ជាពិសេសចាប់តាំងពីការលេចឡើងនៃវត្តមានជំងឺកូវីដ ១៩។ កម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនចិញ្ចឹមជ្រូកធំៗជាច្រើនកំពុងដំណើរការដូចជា CP, M's Pig ACMC Cambodia និង Betagro ព្រមទាំងមានកសិដ្ឋានចិញ្ចឹមជ្រូកជាច្រើនទៀត។
លោកបន្ថែមថា ពេលនេះកម្ពុជាមិនមានភាពចាំបាច់ក្នុងការនាំចូលជ្រូកពីប្រទេសជិតខាងទេ ព្រោះបរិមាណជ្រូករស់ គឺមានចំនួនគ្រប់គ្រាន់ហើយ ព្រមទាំងអាចលើសពីតម្រូវការទៀតផង។ ចំនួនសត្វជ្រូកចិញ្ចឹមដ៏ច្រើននាពេលនេះ បានជំរុញឱ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារធ្លាក់ចុះជាង ១០ ភាគរយបើធៀបនឹងឆ្នាំមុន។
លោកបញ្ជាក់ថា៖ «នៅពេលនេះខ្ញុំហ៊ាននិយាយថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់សាច់ជ្រូកតាមតម្រូវការទីផ្សារក្នុងស្រុក ដោយពុំចាំបាច់នាំចូលទៀតទេ។ តម្លៃជ្រូករស់ និងសាច់ជ្រូកនៅកម្ពុជាពេលនេះក៏ទាបជាងប្រទេសជិតខាងក្នុងរង្វង់ជាង ១០ ភាគរយដែរ»។
បើតាមលោក ពៅ បច្ចុប្បន្នជ្រូករស់នៅក្នុងស្រុកមានតម្លៃជាមធ្យម ២,៨ ដុល្លារក្នុង ១ គីឡូក្រាម ធ្លាក់ចុះពី ៣,២ ដុល្លារកាលពីអំឡុងខែសីហាឆ្នាំមុន។ រីឯជ្រូករស់នៅប្រទេសវៀតណាម ដែលកន្លងមកក្រុមឈ្មួញតែងនាំចូលមកកម្ពុជា គឺមានតម្លៃចន្លោះពី ២,៩៣ ដុល្លារក្នុង ១ គីឡូក្រាម។
អ្នកចែកចាយបន្ត និងលក់សាច់ជ្រូកនៅផ្សារអូរឫស្សី លោក តាំង ម៉េងគា បានប្រាប់ថា ការកើនឡើងនៃការវិនិយោគលើការចិញ្ចឹមជ្រូកបានធ្វើឱ្យតម្លៃសាច់ជ្រូកក្នុងឆ្នាំ ២០២២ ធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំមុន ដោយសាច់ជ្រូកបោះដុំឱ្យម៉ូយលក់បន្តពេលនេះ គឺ ១៥ ០០០ រៀលក្នុង ១ គីឡូក្រាម និងលក់រាយតម្លៃចន្លោះពី ១៧ ០០០-១៩ ០០០ រៀល ខណៈកាលពីឆ្នាំមុនតម្លៃបោះដុំ គឺប្រហាក់ប្រហែលតម្លៃលក់រាយនៅពេលនេះ។ ការធ្លាក់ចុះតម្លៃសាច់ជ្រូក គឺមកពីបរិមាណជ្រូកដែលចិញ្ចឹមក្នុងស្រុកកើនឡើង។
លោកនិយាយថា៖ «តម្លៃសាច់ជ្រូកស្រស់នៅពេលនេះទាបជាងឆ្នាំមុន ហើយសាច់ជ្រូកដាក់លក់នៅទីផ្សារពេលនេះ ក៏ជាជ្រូកចិញ្ចឹមក្នុងស្រុក ១០០ ភាគរយផងដែរ»។
លោកបន្ថែមថា នៅពេលនេះមិនមានការនាំចូលជ្រូករស់ (ពីវៀតណាម) មកកាប់សាច់លក់នៅកម្ពុជាទៀតទេ ព្រោះកម្ពុជាចិញ្ចឹមបានច្រើន និងមានតម្លៃធូរជាងជ្រូកប្រទេសជិតខាង។
ទោះបីយ៉ាងណាលោកអះអាងថា ការលួចនាំចូលគ្រឿងក្នុងជ្រូក (បង្កក) ពីប្រទេសជិតខាង (វៀតណាម) គឺនៅតែមានជាហូរហែនៅឡើយ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឱកាសចុះទៅពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក សត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារនៅខេត្តតាកែវ និងកំពត នាដើមសប្តាហ៍នេះបានលើកឡើងថា ការចិញ្ចឹមសត្វកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍអនុវិស័យផលិតកម្មសត្វ សាច់ និងម្ហូបអាហារដែលមានដើមកំណើតពីសត្វ ពិសេសរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារនៅមូលដ្ឋាន និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។
លោកក៏បានណែនាំឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម ត្រូវបន្តធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេសចិញ្ចឹម ផលិតចំណីសត្វ ស្តង់ដាពិឃាតសត្វ និងការផលិតម្ហូបអាហារ ដើម្បីបង្កើនការយល់ដឹង ជំនឿចិត្ត ព្រមទាំងទទួលយកនូវផលិតផលដែលសហការផលិត និងឈានទៅនាំចេញនាពេលខាងមុខ។
បើយោងតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាជាមធ្យមកម្ពុជាមានតម្រូវការសត្វជ្រូក (រស់) ប្រមាណជាង ៨ ០០០ ក្បាលក្នុង ១ ថ្ងៃសម្រាប់ធ្វើម្ហូបអាហារ៕