(អ៊ុយក្រែន)៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា រុស្ស៊ីបានកម្ទេចស្ថានីយថាមពលស្ទើរតែ ១ភាគ៣ របស់អ៊ុយក្រែនកាលពីសប្ដាហ៍កន្លងទៅ ខណៈទីក្រុង Moscow បានបាញ់ស្រោចមីស៊ីលកាន់តែច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធ ជាអ្វីដែលអ៊ុយក្រែន និងលោកខាងលិចហៅថា ជាយុទ្ធនាការបំភិតបំភ័យជនស៊ីវិល។
មីស៊ីលជាច្រើនគ្រាប់បានវាយប្រហារលើស្ថានីយថាមពលក្នុងរដ្ឋធានី Kyiv សម្លាប់មនុស្ស ៣នាក់ និងនៅក្នុងទីក្រុង Kharkiv ភាគខាងកើត Dnipro និង Kryvyi Rih ភាគខាងត្បូង និងទីក្រុង Zhytomyr ភាគខាងលិច បណ្ដាលឲ្យដាច់ចរន្តអគ្គិសនី និងបណ្ដាញផ្គត់ផ្គង់ទឹក។ បុរសម្នាក់បានស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ដែលត្រូវបានរងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Mykolaiv ភាគខាងត្បូង។ រុស្ស៊ីទទួលស្គាល់ដោយបើកចំហ ការដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ដោយរលកនៃការវាយប្រហារដោយមីស៊ីល និងយានដ្រូនចាប់តាំងពីដើមសប្ដាហ៍មុន នូវអ្វីដែលលោកប្រធានាធិបតី Vladimir Putin និយាយថា ជាការសងសឹកចំពោះការបំផ្ទុះស្ពាននៅឧបទ្វីបគ្រីម៉េ។
ទីក្រុង Moscow បានទាត់ចោលពីការដាក់គោលដៅលើជនស៊ីវិល ទោះបីជាខ្លួនបានវាយប្រហារលើភូមិឋាន ទីក្រុងតូច-ធំនានាទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ ជាអ្វីដែលដើមឡើយរុស្ស៊ីបានហៅថាជាប្រតិបត្តិការសឹកពិសេស ដើម្បីធ្វើឲ្យប្រទេសជិតខាងរបស់ខ្លួនមួយនេះក្លាយជាប្រទេសគ្មានយោធា៕