Alynana Media Cambodia
Icon Collap
clinic narit

ភ្លើង​ឆេះ​ផ្ទះល្វែង​នៅ​ស៊ីន​ជាំ​ង ប្រទេសចិន​ បានឆក់យកអាយុជិវីតមនុស្ស​ ១០​ នាក់និង​ ៩​ នាក់ទៀត​រងរបួស

Admin Alynana | Nov 25, 2022
ភ្លើង​ឆេះ​ផ្ទះល្វែង​នៅ​ស៊ីន​ជាំ​ង ប្រទេសចិន​ បានឆក់យកអាយុជិវីតមនុស្ស​ ១០​ នាក់និង​ ៩​ នាក់ទៀត​រងរបួស
Clinic narith

​(ស៊ីន​ជាំ​ង)​៖ អគ្គិភ័យ​នៅក្នុង​អគារ​ផ្ទះល្វែង​មួយកន្លែង​ស្ថិតនៅ​តំបន់​ស៊ីន​ជាំ​ង ភាគ​ពាយព្យ​ប្រទេស​ចិន បាន​បណ្ដាលឱ្យ​មនុស្ស ១០​ នាក់ស្លាប់ និង ៩​ នាក់​ផ្សេងទៀត​រងរបួស​។ នេះ​បើតាម​ការ​ឱ្យដឹងពី​អាជ្ញាធរ​ចិន នៅ​ថ្ងៃ​សុក្រ ទី ​២៥ វិច្ឆិកា​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន​ស៊ីន​ហួ (Xinhua) បាន​រាយការណ៍​ថា អគ្គិភ័យ​បានចាប់ផ្តើម​ឆាបឆេះ​ពី​អគារ​ជាន់ខ្ពស់​មួយ ក្នុង​ក្រុង​អ៊ុយ​រ៉ូម​ឈី (Urumqi) កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ (​វេលា​ម៉ោង​ប្រមាណ ៦ និង​ ៥០​ នាទី​យប់ នៅ​ខ្មែរ​)​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ត្រូវ​ប្រើពេល​ប្រមាណ ៣​ម៉ោង ទើប​អាច​ពន្លត់ភ្លើង​បាន​។

​ស៊ីន​ហួ បាន​រាយការណ៍​ថា​៖ «​មនុស្ស ១០​ នាក់​បាន​ស្លាប់ ទោះបីជា​ទទួលបាន​ការ​ព្យាបាល​បន្ទាន់​ក៏ដោយ​»​។ បើតាម​សេចក្តីរាយការណ៍​របស់​ស៊ីន​ហួដ​ដែល មនុស្ស ៩​នាក់​ផ្សេងទៀត​ដែល​រងរបួស​ពី​គ្រោះ​អគ្គិភ័យ មិន​រងគ្រោះថ្នាក់​គំរាមកំហែង​ដល់​អាយុជីវិត​ឡើយ ហើយ​ការស៊ើបអង្កេត​ពី​មូល​ហេតុដែល​នាំឱ្យមាន​ភ្លើង​ឆេះ បានចាប់ផ្តើម​ដែរ​ហើយ​។​

​គួរ​ជ្រាបថា សោកនាដកម្ម​ខាងលើនេះ បានកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មនុស្ស ៣៨​ នាក់​បាន​ស្លាប់​នៅក្នុង​គ្រោះ​អគ្គិភ័យ ឯ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឧស្សាហកម្ម​មួយ ស្ថិតនៅ​កណ្តាល​ប្រទេស​ចិន​។ អគ្គិភ័យ​កាលណោះ បណ្តាលមកពី​ផ្កាភ្លើង​ដែល​ឆាបឆេះ​ក្រណាត់​កប្បាស​។​

​មនុស្ស ៤ នាក់ ​ត្រូវបាន​ឃុំខ្លួន​ជុំវិញ​អគ្គិភ័យ​នៅក្នុង​ទីក្រុង​អេ​នី​យ៉ង (Anyang) ហើយ​អាជ្ញាធរ​ក្នុង​តំបន់​បាន​បញ្ជា​ឱ្យ​ត្រួតពិនិត្យ​ផ្នែក​សុវត្ថិភាព​។​

 

​គួរបញ្ជាក់​ជូន​ដែរ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ចាស់ៗ ការយល់ដឹង​អំពី​សុវត្ថិភាព​នៅមានកម្រិត និង​អំពើពុករលួយ​ក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​ក្នុងករណី​មួយចំនួន បាន​នាំឱ្យ​គ្រោះ​អគ្គិភ័យ​នៅ​ចិន​កើត​ឡើងជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​នេះ​។

​បន្ថែម​លើ​នេះ ការដួលរលំ​អគារ​ជា​បន្តបន្ទាប់​នៅ​ជុំវិញ​ប្រទេស​ចិន ការបន្ត​ប្រឈមមុខ​នឹង​ការ​ផ្ទុះឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី​ដែល​ជំរុញឱ្យមាន​វិធាន​ការបិទ​ខ្ទប់ និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​ដ៏​តឹងតែង បានធ្វើឱ្យ​ប៉ះពាល់​ដល់​ម​នុស្ស​រាប់លាន​នាក់​នៅក្នុង​ប្រទេស​ចិន​៕​