(ស៊ីនជាំង)៖ អគ្គិភ័យនៅក្នុងអគារផ្ទះល្វែងមួយកន្លែងស្ថិតនៅតំបន់ស៊ីនជាំង ភាគពាយព្យប្រទេសចិន បានបណ្ដាលឱ្យមនុស្ស ១០ នាក់ស្លាប់ និង ៩ នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរចិន នៅថ្ងៃសុក្រ ទី ២៥ វិច្ឆិកានេះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិនស៊ីនហួ (Xinhua) បានរាយការណ៍ថា អគ្គិភ័យបានចាប់ផ្តើមឆាបឆេះពីអគារជាន់ខ្ពស់មួយ ក្នុងក្រុងអ៊ុយរ៉ូមឈី (Urumqi) កាលពីយប់ថ្ងៃព្រហស្បតិ៍ (វេលាម៉ោងប្រមាណ ៦ និង ៥០ នាទីយប់ នៅខ្មែរ)។ ក្រុមអ្នកពន្លត់អគ្គិភ័យ ត្រូវប្រើពេលប្រមាណ ៣ម៉ោង ទើបអាចពន្លត់ភ្លើងបាន។
ស៊ីនហួ បានរាយការណ៍ថា៖ «មនុស្ស ១០ នាក់បានស្លាប់ ទោះបីជាទទួលបានការព្យាបាលបន្ទាន់ក៏ដោយ»។ បើតាមសេចក្តីរាយការណ៍របស់ស៊ីនហួដដែល មនុស្ស ៩នាក់ផ្សេងទៀតដែលរងរបួសពីគ្រោះអគ្គិភ័យ មិនរងគ្រោះថ្នាក់គំរាមកំហែងដល់អាយុជីវិតឡើយ ហើយការស៊ើបអង្កេតពីមូលហេតុដែលនាំឱ្យមានភ្លើងឆេះ បានចាប់ផ្តើមដែរហើយ។
គួរជ្រាបថា សោកនាដកម្មខាងលើនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមនុស្ស ៣៨ នាក់បានស្លាប់នៅក្នុងគ្រោះអគ្គិភ័យ ឯក្រុមហ៊ុនពាណិជ្ជកម្មឧស្សាហកម្មមួយ ស្ថិតនៅកណ្តាលប្រទេសចិន។ អគ្គិភ័យកាលណោះ បណ្តាលមកពីផ្កាភ្លើងដែលឆាបឆេះក្រណាត់កប្បាស។
មនុស្ស ៤ នាក់ ត្រូវបានឃុំខ្លួនជុំវិញអគ្គិភ័យនៅក្នុងទីក្រុងអេនីយ៉ង (Anyang) ហើយអាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យត្រួតពិនិត្យផ្នែកសុវត្ថិភាព។
គួរបញ្ជាក់ជូនដែរថា ហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ការយល់ដឹងអំពីសុវត្ថិភាពនៅមានកម្រិត និងអំពើពុករលួយក្នុងជួរមន្ត្រីរដ្ឋាភិបាលក្នុងករណីមួយចំនួន បាននាំឱ្យគ្រោះអគ្គិភ័យនៅចិនកើតឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
បន្ថែមលើនេះ ការដួលរលំអគារជាបន្តបន្ទាប់នៅជុំវិញប្រទេសចិន ការបន្តប្រឈមមុខនឹងការផ្ទុះឡើងនៃករណីឆ្លងជំងឺកូវីដថ្មីដែលជំរុញឱ្យមានវិធានការបិទខ្ទប់ និងការរឹតបន្តឹងការធ្វើដំណើរដ៏តឹងតែង បានធ្វើឱ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅក្នុងប្រទេសចិន៕