Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋចំនួន ៦ បានស្នើឱ្យតុលាការកំពូលអាមេរិកច្រានចោលការប្រឹងប្រែងរបស់លោកចូ បៃដិន ក្នុងការលុបចោលបំណុលរបស់និស្សិត

Admin Alynana | Nov 25, 2022
រដ្ឋចំនួន ៦ បានស្នើឱ្យតុលាការកំពូលអាមេរិកច្រានចោលការប្រឹងប្រែងរបស់លោកចូ បៃដិន ក្នុងការលុបចោលបំណុលរបស់និស្សិត
Clinic narith

រដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ វិច្ឆិកា បានស្នើឱ្យតុលាការកំពូលរបស់អាមេរិកច្រានចោលការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការស្តារផែនការរបស់លោកឡើងវិញ ដើម្បីលុបចោលបំណុលនិស្សិតរាប់ពាន់លានដុល្លារ ដែលរដ្ឋទាំងនេះបានចាត់ទុកថា ផែនការនេះ គឺវាលើសពីសិទ្ធិអំណាចរបស់រដ្ឋការរបស់លោកបៃដិន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។

រដ្ឋចំនួន​ ៦ គឺ​រដ្ឋ​ អាកាន់​សាស់,​ អាយ​អូវ៉ា, កាន់​សាស់,​ មីស៊ូរី, ​នេប្រាស្កា និង​រដ្ឋកាលីហ្វ័ញ៉ាខាងត្បូង បានដាក់ពាក្យឆ្លើយ​តប​​ទៅ​នឹងសំណើ​សុំ​យុត្តិ​ធម៌​របស់រដ្ឋបាល​​​លោក បៃដិន ​ក្នុងការលុបចោលដីកាបង្គាប់​របស់តុលាការ​ជាន់ទាបដែលបញ្ឈប់កម្មវិធីបន្ធូរ​បន្ថយ​បំណុលនិស្សិត​នេះ ខណៈដែលការប្តឹងផ្តល់លើភាពស្របច្បាប់របស់ដីកា​នេះ​​នៅ​តែបន្តធ្វើនៅឡើយ​។ រដ្ឋចំនួន ៥​ ដែលស្នើឲ្យរាំងខ្ទប់​គម្រោងលើកលែងបំណុលនិស្សិត​របស់​រដ្ឋបាលចូបៃឌិនោះ គឺជារដ្ឋដែលគ្រប់គ្រងដោយគណ​បក្ស​សាធារណរដ្ឋ ចំណែក​ឯ​រដ្ឋ ​កាន់​សាស់​​​មានអគ្គមេធាវីមកពីគណបក្សសាធារណរដ្ឋ។

នៅក្នុងពាក្យ​ឆ្លើយ​តប​នេះ​ ​រដ្ឋ​ទាំង​នេះ​បាននិយាយថា រដ្ឋបាល​​របស់លោក បៃដិន​ កំពុងព្យាយាម​«ប្រើ​អំណាចលើសពីអ្វីដែលសភា​បាន​ផ្ដល់​ឱ្យ​»​។ ទោះយ៉ាងណា រដ្ឋបាល​លោកចូបៃឌិន​​​បាននិយាយថា ការសម្រេចចិត្តរបស់​តុលាការ​កាលពីថ្ងៃទី១៤ ខែវិច្ឆិកា​ ដើម្បីរារាំងផែនការនេះបាន​​បង្ក​ឱ្យ​​មាន​អ្នកខ្ចី​ប្រាក់​ដែលងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរាប់លាននាក់​ ស្ថិតនៅក្នុងស្ថាន​ភាព​មិន​ច្បាស់​លាស់​។

នៅក្នុងគោលនយោបាយផ្តល់អត្ថ​ប្រយោជន៍ដល់ពល​រដ្ឋ​អាមេរិករាប់លាននាក់ លោក បៃដិន​ បានប្រកាសកាលពីខែសីហាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងលុប​ចោល​បំណុល​កម្ចី​របស់​និស្សិត​​រហូតដល់ ១ ​ម៉ឺនដុល្លារ​សម្រាប់អ្នកខ្ចីដែលរកបានប្រាក់ចំណូល​តិចជាង ១២ម៉ឺន​៥ពាន់ដុល្លារក្នុងមួយឆ្នាំ ឬក៏លើក​លែង​បំណុល​​ ២៥ ម៉ឺន​ដុល្លារ​​សម្រាប់គូស្វាមីភរិយាទើបរៀបការ។ ​និស្សិត​ដែលទទួលបាន​ជំនួយ​ ផែល ក្រាន (Pell Grants)​ ជា​កម្មវិធី​មួយ​ផ្ដល់​ប្រយោជន៍ដល់​និស្សិត​មហាវិទ្យាល័យ​​មានប្រាក់ចំណូលទាប​នោះ ​​នឹងត្រូវ​បានគេ​​លុប​ចោល​បំណុល​របស់​ពួកគេ​រហូតដល់ ២ ម៉ឺន​ដុល្លារ​ផងដែរ។​​

គោលនយោបាយនេះ គឺជាការបំពេញតាមការសន្យា ដែល​ប្រធានាធិបតី​មក​ពី​ក្រុម​ប្រជាធិបតេយ្យរូបនេះ ធ្លាប់​បាន​ធ្វើ​ក្នុងអំឡុងពេលយុទ្ធនាការឃោសនា​រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត​​ប្រធានាធិបតីកាលពីឆ្នាំ២០២០។ ការិយាល័យថវិកាសភាកាល​ពី​ខែកញ្ញាបានគណនាថា ការលើកលែងបំណុល​នេះ​នឹងធ្វើឱ្យរដ្ឋាភិបាលអាមេរិក​ត្រូវខាតបង់ប្រហែល ៤០០​ ពាន់លានដុល្លារ។

រដ្ឋដែលប្រឈមនឹងគោលនយោបាយនេះ​ ​បានជំទាស់​ក្នុងបណ្តឹងរបស់ពួកគេដោយលើកឡើងថា ផែនការ​លុបចោល​បំណុល​នេះ ​បានរំលោភបំពានលើអំណាច​សភា និងគំរាមកំហែងដល់ប្រាក់ចំណូល​របស់​រដ្ឋ​​នាពេលអនាគត ដែលរកបានដោយអង្គភាពរដ្ឋតាម​រយៈ​ការ​វិនិយោគ ឬផ្តល់ប្រាក់​កម្ចីដល់​សិស្ស៕