រដ្ឋចំនួន ៦ នៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ វិច្ឆិកា បានស្នើឱ្យតុលាការកំពូលរបស់អាមេរិកច្រានចោលការខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក្នុងការស្តារផែនការរបស់លោកឡើងវិញ ដើម្បីលុបចោលបំណុលនិស្សិតរាប់ពាន់លានដុល្លារ ដែលរដ្ឋទាំងនេះបានចាត់ទុកថា ផែនការនេះ គឺវាលើសពីសិទ្ធិអំណាចរបស់រដ្ឋការរបស់លោកបៃដិន។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងាររ៉យទ័រ។
រដ្ឋចំនួន ៦ គឺរដ្ឋ អាកាន់សាស់, អាយអូវ៉ា, កាន់សាស់, មីស៊ូរី, នេប្រាស្កា និងរដ្ឋកាលីហ្វ័ញ៉ាខាងត្បូង បានដាក់ពាក្យឆ្លើយតបទៅនឹងសំណើសុំយុត្តិធម៌របស់រដ្ឋបាលលោក បៃដិន ក្នុងការលុបចោលដីកាបង្គាប់របស់តុលាការជាន់ទាបដែលបញ្ឈប់កម្មវិធីបន្ធូរបន្ថយបំណុលនិស្សិតនេះ ខណៈដែលការប្តឹងផ្តល់លើភាពស្របច្បាប់របស់ដីកានេះនៅតែបន្តធ្វើនៅឡើយ។ រដ្ឋចំនួន ៥ ដែលស្នើឲ្យរាំងខ្ទប់គម្រោងលើកលែងបំណុលនិស្សិតរបស់រដ្ឋបាលចូបៃឌិនោះ គឺជារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ចំណែកឯរដ្ឋ កាន់សាស់មានអគ្គមេធាវីមកពីគណបក្សសាធារណរដ្ឋ។
នៅក្នុងពាក្យឆ្លើយតបនេះ រដ្ឋទាំងនេះបាននិយាយថា រដ្ឋបាលរបស់លោក បៃដិន កំពុងព្យាយាម«ប្រើអំណាចលើសពីអ្វីដែលសភាបានផ្ដល់ឱ្យ»។ ទោះយ៉ាងណា រដ្ឋបាលលោកចូបៃឌិនបាននិយាយថា ការសម្រេចចិត្តរបស់តុលាការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីរារាំងផែនការនេះបានបង្កឱ្យមានអ្នកខ្ចីប្រាក់ដែលងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរាប់លាននាក់ ស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់។
នៅក្នុងគោលនយោបាយផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋអាមេរិករាប់លាននាក់ លោក បៃដិន បានប្រកាសកាលពីខែសីហាថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងលុបចោលបំណុលកម្ចីរបស់និស្សិតរហូតដល់ ១ ម៉ឺនដុល្លារសម្រាប់អ្នកខ្ចីដែលរកបានប្រាក់ចំណូលតិចជាង ១២ម៉ឺន៥ពាន់ដុល្លារក្នុងមួយឆ្នាំ ឬក៏លើកលែងបំណុល ២៥ ម៉ឺនដុល្លារសម្រាប់គូស្វាមីភរិយាទើបរៀបការ។ និស្សិតដែលទទួលបានជំនួយ ផែល ក្រាន (Pell Grants) ជាកម្មវិធីមួយផ្ដល់ប្រយោជន៍ដល់និស្សិតមហាវិទ្យាល័យមានប្រាក់ចំណូលទាបនោះ នឹងត្រូវបានគេលុបចោលបំណុលរបស់ពួកគេរហូតដល់ ២ ម៉ឺនដុល្លារផងដែរ។
គោលនយោបាយនេះ គឺជាការបំពេញតាមការសន្យា ដែលប្រធានាធិបតីមកពីក្រុមប្រជាធិបតេយ្យរូបនេះ ធ្លាប់បានធ្វើក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០។ ការិយាល័យថវិកាសភាកាលពីខែកញ្ញាបានគណនាថា ការលើកលែងបំណុលនេះនឹងធ្វើឱ្យរដ្ឋាភិបាលអាមេរិកត្រូវខាតបង់ប្រហែល ៤០០ ពាន់លានដុល្លារ។
រដ្ឋដែលប្រឈមនឹងគោលនយោបាយនេះ បានជំទាស់ក្នុងបណ្តឹងរបស់ពួកគេដោយលើកឡើងថា ផែនការលុបចោលបំណុលនេះ បានរំលោភបំពានលើអំណាចសភា និងគំរាមកំហែងដល់ប្រាក់ចំណូលរបស់រដ្ឋនាពេលអនាគត ដែលរកបានដោយអង្គភាពរដ្ឋតាមរយៈការវិនិយោគ ឬផ្តល់ប្រាក់កម្ចីដល់សិស្ស៕