រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ចាណេត យេឡេន កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ឧសភាបានថ្លែងថា សមាជិកជាច្រើននៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ បានរំលែកកង្វល់សហរដ្ឋអាមេរិក ជុំវិញការប្រើប្រាស់«ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច»ដោយប្រទេសចិនលើប្រទេសដទៃទៀត ហើយកំពុងពិចារណាអំពីរបៀបទប់ទល់នឹងអាកប្បកិរិយាបែបនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
លោកស្រី ចាណេត យេឡេន បានប្រាប់សន្និសីទសារព័ត៌មាននៅប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកក្រុមប្រទេសជី៧កំពុងសម្លឹងមើលវិធីទប់ទល់នឹង«ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច»របស់ប្រទេសចិន ក្រោយពីទីក្រុងវ៉ាស៊ីនតោនបានពិចារណាជាយូរមកហើយអំពីលទ្ធភាពដាក់កំហិតបន្ថែមទៀត ដោយមានគោលដៅជាក់លាក់ លើការវិនិយោគក្រៅប្រទេសទៅកាន់ប្រទេសចិន ហើយបានពិភាក្សាអំពីលទ្ធភាពនោះជាមួយសម្ព័ន្ធមិត្តក្នុងក្រុមនេះដែរ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិករូបនេះបានប្រជុំជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកពីប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី កាណាដា និងជប៉ុនដែលជាម្ចាស់ផ្ទះ។ លោកស្រីបានឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានពិភាក្សាជម្រើសខាងលើតែម្នាក់ឯងមួយរយៈមកហើយ តែមិនទាន់បានបញ្ចប់វិធីសាស្រ្តរបស់ខ្លួននៅឡើយ។ រដ្ឋបាលលោក ចូ បៃដិន បានប្តេជ្ញាថា នឹងពិភាក្សាបញ្ហានេះជាមួយដៃគូនិងសម្ព័ន្ធមិត្ត ហើយបានចាត់ទុកការសម្របសម្រួលរបស់ប្រទេសដែលមានឆន្ទៈដូចគ្នាថាមានប្រសិទ្ធភាពនិងមានប្រយោជន៍បំផុត។
ប្រទេសចិនបានក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលបណ្ដាមេដឹកនាំហិរញ្ញវត្ថុក្នុងក្រុមប្រទេសជី៧បានលើកមកពិភាក្សានៅពេលពួកគេបានជួបប្រជុំគ្នានៅទីក្រុងនីហ្គាតាក្នុងសប្តាហ៍នេះ។ ប្រធានក្រុមប្រទេសជី៧បច្ចុប្បន្ន គឺប្រទេសជប៉ុន បានដឹកនាំកិច្ចខិតខំប្រឹងប្រែងថ្មីៗដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកខ្លាំងរបស់ពួកគេលើប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក និងជាម្ចាស់បំណុលបរទេសធំបំផុតទី២របស់អាមេរិក។
សមាជិកសភាអាមេរិកបាននិងកំពុងជំរុញឱ្យរដ្ឋបាលលោក បៃដិន បង្កើនការត្រួតពិនិត្យការវិនិយោគដោយក្រុមហ៊ុននិងបុគ្គលអាមេរិកនៅក្នុងប្រទេសផ្សេងៗ ជាពិសេសនៅចិន ដោយលើកឡើងអំពីការព្រួយបារម្ភលើផ្នែកបញ្ហាសន្តិសុខជាតិនិងខ្សែសង្វាក់ផ្គត់ផ្គង់ និងបានជំរុញឱ្យប្រធានាធិបតីចេញបទបញ្ជាប្រតិបត្តិមួយពាក់ព័ន្ធនឹងបញ្ហានេះ។
ជាមួយគ្នានេះ លោកស្រី យេឡេន បានបញ្ជាក់ថា វិធានការណាមួយរបស់សហរដ្ឋអាមេរិកនឹងត្រូវធ្វើឡើង«ជាទ្រង់ទ្រាយតូច និងដោយជាក់លាក់ ចំពោះបច្ចេកវិទ្យាដែលមានការពាក់ព័ន្ធច្បាស់លាស់ជាមួយសន្តិសុខជាតិ» ប៉ុន្តែលោកស្រីមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ធ្វើសកម្មភាពទេ។