Alynana Media Cambodia
Icon Collap
clinic narit

លោកស្រី ចាណេត ​យេឡេន ​​​ថាសមាជិក​ក្រុមប្រទេស​ជី៧​កំពុង​​សម្លឹងមើលវិធី​ទប់ទល់នឹង«ការបង្ខិតបង្ខំ​ផ្នែកសេដ្ឋកិច្ច»របស់ចិន

Media LNN | May 15, 2023
លោកស្រី ចាណេត ​យេឡេន ​​​ថាសមាជិក​ក្រុមប្រទេស​ជី៧​កំពុង​​សម្លឹងមើលវិធី​ទប់ទល់នឹង«ការបង្ខិតបង្ខំ​ផ្នែកសេដ្ឋកិច្ច»របស់ចិន
Clinic narith

រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី ចាណេត យេឡេន កាលពីថ្ងៃព្រហស្បតិ៍ ទី ១១ឧសភាបានថ្លែងថា សមាជិកជាច្រើននៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ បានរំលែកកង្វល់សហរដ្ឋអាមេរិក ជុំវិញការប្រើប្រាស់«ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច»ដោយប្រទេសចិនលើប្រទេសដទៃទៀត ហើយកំពុងពិចារណាអំពីរបៀបទប់ទល់នឹងអាកប្បកិរិយាបែបនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

លោកស្រី ចាណេត ​យេឡេន ​​បាន​ប្រាប់សន្និសីទសារព័ត៌មាននៅ​ប្រទេស​ជប៉ុនកាលពីថ្ងៃព្រហស្បតិ៍​ថា សមាជិក​ក្រុមប្រទេស​ជី៧​កំពុង​​សម្លឹងមើលវិធី​ទប់ទល់នឹង«ការបង្ខិតបង្ខំ​ផ្នែកសេដ្ឋកិច្ច»របស់ប្រទេស​​ចិន ក្រោយ​ពី​ទី​​ក្រុងវ៉ាស៊ីនតោន​បាន​ពិចារណាជាយូរមកហើយ​អំពីលទ្ធភាពដាក់កំហិតបន្ថែមទៀត ដោយមាន​គោលដៅជាក់លាក់ ​ ​លើការ​វិនិយោគ​ក្រៅប្រទេសទៅកាន់ប្រទេសចិន​ ហើយ​បានពិភាក្សាអំពីលទ្ធភាព​នោះជាមួយ​សម្ព័ន្ធ​មិត្ត​ក្នុង​ក្រុមនេះ​ដែរ​។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិករូបនេះបានប្រជុំជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមកពីប្រទេសអាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី កាណាដា និងជប៉ុនដែលជាម្ចាស់ផ្ទះ។ លោកស្រីបានឱ្យដឹងថា រដ្ឋាភិបាលអាមេរិក​បានពិភាក្សាជម្រើសខាងលើ​តែ​ម្នាក់​ឯង​មួយ​រយៈ​​មកហើយ តែ​មិនទាន់បានបញ្ចប់វិធីសាស្រ្តរបស់ខ្លួន​​នៅឡើយ​។ ​រដ្ឋបាល​លោក ចូ បៃដិន ​​បាន​ប្តេជ្ញាថា​ នឹង​ពិភាក្សា​​បញ្ហានេះជាមួយដៃគូនិងសម្ព័ន្ធមិត្ត ​ហើយ​បាន​ចាត់​ទុកការ​សម្របសម្រួល​របស់​​ប្រទេសដែលមានឆន្ទៈ​ដូចគ្នា​ថា​​មាន​ប្រសិទ្ធភាពនិង​មានប្រយោជន៍បំផុត។​

ប្រទេសចិនបាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្ដៅ​គគុក​ដែលបណ្ដា​មេដឹកនាំហិរញ្ញវត្ថុក្នុងក្រុមប្រទេស​​ជី៧​បាន​លើក​មក​ពិភាក្សា​នៅពេល​​ពួកគេ​បាន​ជួបប្រជុំគ្នានៅទីក្រុង​នីហ្គាតា​​ក្នុង​សប្តាហ៍នេះ។​ ប្រធាន​ក្រុមប្រទេស​ជី​៧​បច្ចុប្បន្ន​ គឺ​ប្រទេសជប៉ុន ​បានដឹកនាំកិច្ចខិតខំប្រឹងប្រែងថ្មីៗ​ដើម្បី​ធ្វើពិពិធ​កម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកខ្លាំងរបស់ពួកគេលើប្រទេសចិន​​ដែលជា​មហា​អំណាច​សេដ្ឋកិច្ចទី២​ក្នុងពិភពលោក​​ និង​ជា​ម្ចាស់​បំណុលបរទេសធំបំផុតទី​២​របស់​​​អាមេរិក​។

សមាជិកសភាអាមេរិកបាននិងកំពុងជំរុញឱ្យរដ្ឋបាល​លោក បៃដិន ​បង្កើនការត្រួតពិនិត្យការ​វិនិយោគ​ដោយក្រុមហ៊ុន​និង​បុគ្គល​​អាមេរិកនៅក្នុងប្រទេសផ្សេងៗ​​ ជាពិសេស​នៅ​ចិន​ ​​ដោយ​លើកឡើងអំពីការព្រួយបារម្ភលើផ្នែកបញ្ហាសន្តិសុខជាតិនិងខ្សែសង្វាក់ផ្គត់ផ្គង់ ​និងបាន​ជំរុញឱ្យប្រធានាធិបតី​​ចេញបទបញ្ជាប្រតិបត្តិមួយពាក់ព័ន្ធនឹងបញ្ហានេះ​។

ជាមួយគ្នានេះ លោកស្រី យេឡេន ​បានបញ្ជាក់​ថា ​វិធានការណាមួយរបស់សហរដ្ឋអាមេរិក​នឹង​ត្រូវធ្វើឡើង«ជាទ្រង់ទ្រាយតូច​ និងដោយជាក់លាក់ ចំពោះបច្ចេកវិទ្យាដែលមានការពាក់ព័ន្ធ​ច្បាស់លាស់ជាមួយសន្តិសុខ​ជាតិ»​ ប៉ុន្តែលោកស្រីមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ធ្វើសកម្មភាពទេ។