នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើទឹកដីកម្ពុជា គឺផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានចាប់ផ្តើមបើកការ ដ្ឋានសាងសង់ហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ។ ជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេ មេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បា វិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលទើបតែត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងឆ្នាំ ២០២២ កន្លងមកនេះ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូលរួម ចំណែក មិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូ ម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១ គីឡូម៉ែត្រ។
ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅ ដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង១,៦០០ ម៉ែត្រ ទទឹង២៦ម៉ែត្រ និង ផ្លូវតភ្ជាប់ទាំង សងខាងពីក្បាលស្ពាន មានប្រវែង ២,១០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និង ផ្លូវក្រោមស្ពាន(Underpass) ចំនួន ២ កន្លែង ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ ប៊ីលានដុល្លារអាមេរិក កក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិ បត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ដោយឡែកស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជ រដ្ឋាភិបាល រួមជាមួយនឹងថវិកាបដិភាគសម្រាប់ការ បោសសម្អាតគ្រាប់មីន យុទ្ធ ភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
គម្រោងទាំងពីរនេះ នឹងអនុវត្តការសាង សង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើ ប្រាស់រយៈពេលសាង សង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គឺជាខ្សែសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមានភាពប្រទាក់ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវផ្សេងៗ ដែលត្រូវឆ្លងកាត់នៅត្រង់ចំណុចផ្លូវប្តូរទិសចរាចរណ៍(Interchange)។ ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរ ណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មីអរិយ ក្សត្រនៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្ត ស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភា គីរវាងកម្ពុជា និងវៀតណាមបន្ថែមទៀត។ បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះ នឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលបច្ចុប្បន្នកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និង មានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។
បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះ ក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១(AH-1) ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់ប្រទាក់ក្រឡានៅផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គឱ្យកាន់ តែទូលំទូលាយ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារ ការប្រកួតប្រជែង និង ភាពធន់សេដ្ឋកិច្ច-សង្គម ៕