Alynana Media Cambodia
Icon Collap
clinic narit

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានសាង សង់ ថ្ងៃនេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន

Media LNN | Jun 07, 2023
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បើកការដ្ឋានសាង សង់ ថ្ងៃនេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
Clinic narith

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នេះ សមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីមួយទៀតនៅលើទឹកដីកម្ពុជា គឺផ្លូវល្បឿនលឿន​ភ្នំពេញ-​បា​វិត ត្រូវបានចាប់ផ្តើមបើកការ ដ្ឋានសាងសង់ហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធៀន ឯក​អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ។ ជាមួយនឹងការបើកការដ្ឋានសាង​សង់​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់​ស្ពាន​ឆ្លងកាត់ទន្លេ មេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ ។

   ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវ​ល្បឿន​​លឿនភ្នំពេញ-បា វិត ជាផ្លូវល្បឿនលឿនខ្សែទី២ក្នុងប្រទេសកម្ពុជា បន្ទាប់​ពីផ្លូវល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ ដែលទើបតែត្រូវបានបើក​ឱ្យប្រើប្រាស់​ជាផ្លូវការ កាល​ពីចុងឆ្នាំ ២០២២ កន្លងមកនេះ ។

   ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ផ្លូវល្បឿនលឿននេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោម​សមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលបានកើតចេញពីកិច្ចខិតខំប្រឹង​ប្រែងរបស់អគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោនាយករដ្ឋមន្ត្រី និងការចូល​រួម ចំណែក មិនអាចខ្វះបានពីបណ្តាប្រទេសជាមិត្តរបស់កម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។

   ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា គម្រោងសាងសង់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់​ផ្តើម​ពីឃុំ​ថ្ម​គរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង ៤,១ គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូ ម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១ គីឡូម៉ែត្រ។

     ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ  រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅ ដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់​ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង១,៦០០ ម៉ែត្រ ទទឹង២៦ម៉ែត្រ និង ផ្លូវតភ្ជាប់ទាំង សងខាងពីក្បាលស្ពាន មានប្រវែង ២,១០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC កម្រាស់ ១០សង់ទីម៉ែត្រ រួមទាំង​ការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ (Interchange) ចំនួន ១កន្លែង និង ផ្លូវក្រោមស្ពាន(Underpass) ចំនួន ២ កន្លែង ។

  ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យ​ដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត គ្រោង​ចំណាយ​ថវិកាវិនិយោគសរុ​ប​ប្រមា​ណ ១,៣៥ ប៊ីលានដុល្លារអាមេរិក កក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ​(BOT) ដែលមានរយៈពេលប្រតិ បត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០ភាគរយ ជាទុនវិនិ​យោគ​របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០ភាគរយ ជាប្រាក់កម្ចី​របស់ក្រុមហ៊ុន។ ដោយឡែកស្ពានឆ្លងកាត់​ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨​លាន​ដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជ រដ្ឋាភិបាល រួមជាមួយនឹងថវិកា​បដិ​ភាគសម្រាប់ការ បោសសម្អាតគ្រាប់មីន យុទ្ធ ភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

គម្រោងទាំងពីរនេះ នឹងអនុវត្តការសាង សង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់​ចិន (CRBC) ប្រើ ប្រាស់រយៈពេលសាង សង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៧។

   ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវល្បឿនលឿន​ភ្នំពេញ​-ក្រុង​បា​វិត គឺជាខ្សែសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា​តភ្ជាប់ពីរាជធានីភ្នំពេញ​ ទៅកាន់ក្រុង​បាវិត ឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមានភាពប្រទាក់​ក្រឡាគ្នាជាមួយបណ្តាញខ្សែផ្លូវផ្សេងៗ ដែលត្រូវឆ្លងកាត់នៅត្រង់ចំណុចផ្លូវប្តូរទិស​ចរា​ចរណ៍(Interchange)។ ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរ ណ៍នៅរាជធានីភ្នំពេញ និងក្រុងថ្មីអរិយ ក្សត្រនៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្ត ស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាលក្ខណៈទ្វេភា គីរវាងកម្ពុជា និងវៀតណាមបន្ថែមទៀត។ បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះ នឹងជួយសម្រួលបន្ទុកចរាចរណ៍នៅលើផ្លូវជាតិលេខ១ ដែលបច្ចុប្បន្នកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និង មានហានិភ័យខ្ពស់នៃគ្រោះថ្នាក់ចរាចរណ៍។

   បន្ថែមពីលើនេះ ផ្លូវល្បឿនលឿននេះ ក៏នឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់​ក្នុងការបំពេញ​បន្ថែម​ឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១(AH-1) ដែលនឹងជួយសម្រួលបន្ថែមនូវការតភ្ជាប់​ប្រទាក់ក្រឡានៅផ្ទៃក្នុងប្រទេស និងការតភ្ជាប់កម្ពុជាទៅក្នុងក្របខណ្ឌតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គឱ្យកាន់ តែទូលំទូលាយ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារ ការ​ប្រកួតប្រជែង និង ភាពធន់សេដ្ឋកិច្ច-សង្គម ៕