Alynana Media Cambodia
Icon Collap
clinic narit

បារាំង​នឹង​បន្ត​គាំទ្រកម្ពុជា​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ហិរញ្ញវត្ថុ​បៃតង​

Media LNN | Jun 09, 2023
បារាំង​នឹង​បន្ត​គាំទ្រកម្ពុជា​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​ហិរញ្ញវត្ថុ​បៃតង​
Clinic narith

ភ្នំពេញៈ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD)​ នឹង​បន្ត​គាំទ្រ​ដល់​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ដែលមាន​ស្រាប់ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ពង្រឹង​សុខុមាលភាព​សង្គម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​កម្ពុជា ដោយ​ផ្តោតជាសំខាន់​ទៅលើ​ការ​បម្រែបម្រួល​អាកាសធាតុ ហិរញ្ញវត្ថុ​បៃតង ស្របតាម​ខ្លឹម​​សារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​ពិភាក្សា​ការងារ​រវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក ​Philippe LE HOUEROU ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍ ​(AFD) កាលពី​ថ្ងៃទី ​៦ ខែមិថុនា ឆ្នាំ ​២០២៣ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័​ត៌​មាន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ៧ ខែមិថុនា លោក Philippe LE HOUEROU ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល AFD បានឱ្យដឹងថា បារាំង នឹង​បន្ត​គាំទ្រ​ដល់​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ ដើម្បី​រួមចំណែក​ប្រតិបត្តិ​ការសម្រេច​ឱ្យបាន​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ពង្រឹង​សុខុមាលភាព​សង្គម និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រទេស​កំពុងអភិវឌ្ឍន៍ ពិសេស​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការប្រែប្រួល​អាកាសធាតុ ហិរញ្ញវត្ថុ​បៃតង ស្របតាម​ខ្លឹម​សារ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។​

​លោក Philippe ថ្លែងថា​៖ «AFD​ នៅតែ​រក្សា​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ហិរញ្ញប្បទាន​លើ​វិស័យ​អាទិភាព​ដែលមាន​ស្រាប់ ដែល​ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​កម្ពុជា និង​យុទ្ធសាស្ត្រ​របស់ AFD (Country Strategy 2022-2026) ដែល​ផ្តោតទៅលើ​គោលដៅ​សំខាន់​ ៣ រួមមាន ការអភិវឌ្ឍ​ដែល​បន្សំ​ទៅនឹង​បម្រែបម្រួល​អាកាស​ធាតុ និង​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​, ការចូលរួម​បង្កើត​ការងារ និង​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ប្រកបដោយ​ចីរភាព និង​អភិបាលកិច្ច​ល្អ​»​។​

​លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​មាន​សារៈសំខាន់​បារាំង តាមរយៈ AFD បានផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ ឥណទាន សម្បទាន ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន​ឥត​សំណង ក្នុងការ​អភិវឌ្ឍ​នៅ​កម្ពុជា ដោយ​ផ្តោតលើ​វិស័យ កសិកម្ម សុខា​ភិ​បាល វប្បធម៌ បរិស្ថាន មីក្រូ​ហិ​រញ្ញ​វត្ថុ ជំនួយ​បច្ចេកទេស ទេស​ចរណ៍ ទឹកស្អាត អប់រំ និង​ថា​ម​ពល (​អគ្គិសនី​កម្ពុជា​)​។​

​លោក​បាន​បន្តថា កម្ពុជា​ខិតខំ​ប្រឹងប្រែង​កែទម្រង់​លើ​គ្រប់ផ្នែក គ្រប់​វិស័យ ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​នានា ដើម្បី​ទាក់ទាញ​វិនិយោគិន តាមរយៈ​ការដាក់ឱ្យ​អនុវត្ត​នូវ​ច្បាប់​ស្តីពី​វិនិយោគ​ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន​និង​ក្របខ័ណ្ឌ​គោ​លន​យោ​បាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ២០២១-២០៣៥ ដើម្បី​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​ជំរុញ​ល្បឿន​នៃ​ការស្តារ​សេដ្ឋកិច្ចជាតិ​ឱ្យបាន​លឿន​។

 

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា​៖ «​ទន្ទឹមនេះ​កម្ពុជា​បានដាក់​ចេញ​នូវ​គោ​លន​យោ​បាយ​សំខាន់ៗ​មួយចំនួនទៀត ដូចជា គោលនយោបាយ​សារ​ពើ​ពន្ធ ដើម្បី​ជំរុញ​ការប្រើប្រាស់​យានជំនិះ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​គោលនយោបាយ​ជាតិ​ស្ដីពី​ប្រសិទ្ធភាព​ថាមពល​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​ឆ្នាំ​ ២០២២-២០២៦ ជាដើម​»​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងបន្តថា រដ្ឋាភិបាល​បារាំង បាន​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្បទាន​ទ្វេភាគី រហូត​ទទួល​បានការ រីកចម្រើន​ជា​លំដាប់ ពិសេស​ការ​ផ្តល់ជំនួយ​បច្ចេកទេស (French Expertise)​ ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងការ​គាំទ្រ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​ឆ្នាំ ២០១៨-២០២៥ និង​ហិរញ្ញវត្ថុ​សាធារណៈ​តាម​គោលការណ៍​បៃតង ដោយបាន​ជួយ​រៀបចំ​ច្បាប់​ស្តីពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ (​ថ្មី​) ដើម្បី​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​ជា​មូលដ្ឋាន​នូវ​ថវិកា​សមិទ្ធកម្ម យ៉ាងយូរ​ត្រឹម​ឆ្នាំ ២០២៦​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា​៖ «​បាន​ជួយ​រៀបចំ​លិខិត​បទ​ដ្ឋា​ន​គតិយុត្ត​ពាក់ព័ន្ធ​សំខាន់ៗ សម្រាប់​អនុវត្ត​ខ្លឹមសារ​គោល​ការណ៍​នានា ដូច​បានកំណត់​ក្នុង​ច្បាប់​នេះ និង​ការរៀបចំ​ផែនការ​យន្តការ និង​ឧបករណ៍ បច្ចេកទេស​ចាំបាច់​សម្រាប់​គាំទ្រ​ដល់​ការកសាង និង​ពង្រឹងសមត្ថភាព​ស្ថាប័ន ក៏ដូចជា​សមត្ថភាព​ម​ន្ត្រី ជំនាញ ពិសេស​លើ​ផ្នែក Green PFM និង Green Bond ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​ចក្ខុ​​វិស័យ​នៃ​ការ​ប្រែក្លាយ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា ឱ្យ​ឆ្លើយតប​នឹង​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ​»៕