ភ្នំពេញៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខុមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួលអាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានស្តីពីជំនួបពិភាក្សាការងាររវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមរយៈសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែមិថុនា លោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាល AFD បានឱ្យដឹងថា បារាំង នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីរួមចំណែកប្រតិបត្តិការសម្រេចឱ្យបានគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខុមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតសំខាន់ទៅលើការប្រែប្រួលអាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក Philippe ថ្លែងថា៖ «AFD នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់ ៣ រួមមាន ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន, ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ»។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏មានសារៈសំខាន់បារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ឥណទាន សម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យ កសិកម្ម សុខាភិបាល វប្បធម៌ បរិស្ថាន មីក្រូហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ទេសចរណ៍ ទឹកស្អាត អប់រំ និងថាមពល (អគ្គិសនីកម្ពុជា)។
លោកបានបន្តថា កម្ពុជាខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន តាមរយៈការដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជននិងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញល្បឿននៃការស្តារសេដ្ឋកិច្ចជាតិឱ្យបានលឿន។
លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា៖ «ទន្ទឹមនេះកម្ពុជាបានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា គោលនយោបាយសារពើពន្ធ ដើម្បីជំរុញការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថានគោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពលយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមឆ្នាំ ២០២២-២០២៦ ជាដើម»។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្តថា រដ្ឋាភិបាលបារាំង បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគី រហូតទទួលបានការ រីកចម្រើនជាលំដាប់ ពិសេសការផ្តល់ជំនួយបច្ចេកទេស (French Expertise) ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ និងហិរញ្ញវត្ថុសាធារណៈតាមគោលការណ៍បៃតង ដោយបានជួយរៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដើម្បីធានាឱ្យបាននូវការអនុវត្តជាមូលដ្ឋាននូវថវិកាសមិទ្ធកម្ម យ៉ាងយូរត្រឹមឆ្នាំ ២០២៦។
លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា៖ «បានជួយរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ សម្រាប់អនុវត្តខ្លឹមសារគោលការណ៍នានា ដូចបានកំណត់ក្នុងច្បាប់នេះ និងការរៀបចំផែនការយន្តការ និងឧបករណ៍ បច្ចេកទេសចាំបាច់សម្រាប់គាំទ្រដល់ការកសាង និងពង្រឹងសមត្ថភាពស្ថាប័ន ក៏ដូចជាសមត្ថភាពមន្ត្រី ជំនាញ ពិសេសលើផ្នែក Green PFM និង Green Bond ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតបនឹងឧត្តមានុវត្តន៍អន្តរជាតិ»៕