តម្រូវការគ្រឿងសំណង់នៅក្នុងប្រទេសវៀតណាម រួមមាន ដែក ស៊ីម៉ងត៍ និងផ្ទាំងកញ្ចក់ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ខណៈហេតុផលវិញនោះអ្នកជំនាញបកស្រាយថា គឺមកពីទីផ្សារអចលនទ្រព្យស្ងប់ស្ងាត់ និងកកស្ទះការលក់ចេញតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយក៏បន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ ។យោងតាមសមាគមស៊ីម៉ងត៍វៀតណាមបានឲ្យដឹងថា ការប្រើប្រាស់ស៊ីម៉ងត៍ក្នុងស្រុក និងនាំចេញក្នុងឆ្នាំ ២០២២ ទទួលបានរហូតដល់ ១០០ លានតោន ប៉ុន្តែធ្លាក់ចុះ ៨.៤ លានតោន បើធៀបនឹងឆ្នាំ ២០២១ ។
ចំណែកសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ការប្រើប្រាស់ស៊ីម៉ងត៍បានបន្តធ្លាក់ចុះដល់បរិមាណប្រហែល ៣៧.៤ លានតោន ខណៈដែលថ្លៃផលិតស៊ីម៉ងត៍ កើនឡើងជាមួយនឹងតម្លៃថាមពល ។ដោយឡែក ការផលិតដែកថែបក្នុងរយៈពេល ៤ ខែឈានដល់ជិត ៦ លានតោន ប៉ុន្តែធ្លាក់ចុះ ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការប្រើប្រាស់ដែកថែបក្នុងរយៈពេល ៤ ខែនេះ មានប្រហែល ៦.១ លានតោន ធ្លាក់ចុះ ១៨ ភាគរយ ខណៈដែលការនាំចេញមានត្រឹមតែ ៥១៨.០០០ តោនប៉ុណ្ណោះ ធ្លាក់ចុះ ៧៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ស្របពេលជាមួយគ្នានេះ ទោះការផលិតដែកសំណង់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ឈានដល់ ៣.៤៤ លានតោនក៏ដោយ ប៉ុន្តែវាធ្លាក់ចុះ ២៦.៤ ភាគរយ ខណៈការប្រើប្រាស់ឈានដល់ ៣.៣៦ លានតោន ធ្លាក់ចុះ ២៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ចំណែកសមាគមន៍កញ្ចក់វៀតណាមក៏បានបង្ហាញដែរថា ប្រាក់ចំណូលនៃឧស្សាហកម្មកញ្ចក់សំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ នេះបានថយចុះពី ៧០ ទៅ ៨០ ភាគរយ ។ ទន្ទឹមនេះ ការប្រើប្រាស់កញ្ចក់សំណង់ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះ មានត្រឹមតែ ៥៤ ទៅ ៨២ លានម៉ែត្រការ៉េប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ចាប់តាំងពីចុងឆ្នាំ ២០២២ មក វិស័យអចលនទ្រព្យវៀតណាម គឺមានបញ្ហាជាប់គាំងទីផ្សារយ៉ាងខ្លាំង ដែលបង្ខំឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនប្រកាសក្ស័យធន ៕