Alynana Media Cambodia
Icon Collap
clinic narit

បំណុល​សាធារណៈ​មាន​ជាង $១០ ​ពាន់​លានអ្នកសេដ្ឋកិច្ច​ថា អាច​គ្រប់គ្រង​បាន​

Media LNN | Jun 16, 2023
បំណុល​សាធារណៈ​មាន​ជាង $១០ ​ពាន់​លានអ្នកសេដ្ឋកិច្ច​ថា អាច​គ្រប់គ្រង​បាន​
Clinic narith

ភ្នំពេញៈ សន្និធិ​បំណុល​សា​ធា​​រណៈ​របស់​កម្ពុជា​គិត​ត្រឹម​ចុង​​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ មាន​ប្រមាណ​ជាង ១០​ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ជិត ៩៩,៦​ ភាគរយ ​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស និង​ជិត​ពាក់កណ្តាល​ជា​បំណុល​ជា​ប្រាក់​ដុល្លារ​។ នេះ​បើតាម​ក្រ​​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ឯកសារ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ (Cambodia Public Debt Statistical Bullentin) ដែល​ចេញផ្សាយ​ក្នុង​សប្តាហ៍​នេះ បាន​បង្ហាញថា ដោយ​គិត​ទាំង​បំណុល​មរតក នៅត្រឹម​ដំណាច់ត្រីមាស​ទី​១ ឆ្នាំ​ ២០២៣ កម្ពុ​ជាមាន​សន្និធិ​បំណុល​សាធារណៈ​សរុប​ចំនួន ​១០,២៧ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុងនោះ ៩៩,៥៩​ ភាគ​​រយ ​ត្រូវ​នឹង​ប្រមាណ ១០,២៣ ​ពាន់​លាន​ដុល្លារ​អាមេរិក ជា​បំ​​ណុល​សាធារណៈ​ក្រៅប្រទេស​ (​ក្របខ័ណ្ឌ​ទ្វេភាគី ៦៧ ​ភាគ​រយ និង​ពហុភាគី ៣៣​ ភាគ​​រយ​) និង ០,៤១​ ភាគរយ​ត្រូវ​នឹង​ចំនួន ៤២,៤៥ ​លាន​ដុល្លារ​អាមេរិក ជា​បំណុល​សាធារណៈ​ក្នុងប្រទេស​។​

​យោងតាម​ឯកសារ​សមាសភាគ​បំណុល​សាធារណៈ​ទាំង​​នោះ​រួមមាន ៤៣ ​ភាគរយ ​ជា​ដុល្លារ​អាមេរិក​, ២១​ ភាគរយ ​ជា​អេស​ដេ​អ៊ែរ​, ១២​ ភាគរយ ​ជា​យ័ន​ចិន​, ១១ ​ភាគរយ ​ជា​យ៉េន​ជប៉ុន​, ៧ ​ភាគរយ ​ជា​អឺរ៉ូ​, និង ៦ ​ភាគរយ​ទៀត​ ជា​រូបិយវត្ថុ​ជាតិ និង​រូបិយប័ណ្ណ​ផ្សេងៗ​។​

​ដោយឡែក​សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣ រដ្ឋាភិបាល​ក៏បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ថ្មី​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​សរុប ៤៨៨,៣១​ លាន​ដុល្លារ​អាមេរិក សមមូល​ទៅនឹង ៣៦១,១៥ ​លាន​អេស​ដេ​អ៊ែរ ស្មើនឹង ​២១,២៤ ​ភាគរយ ​នៃ​ពិតាន​ដែល​ច្បាប់​អនុញ្ញាត ​(១ ៧០០ ​លាន​អេស​ដេ​អ៊ែរ​) ក្នុងនោះ​ក្របខ័ណ្ឌ​ទ្វេភាគី​មាន​ប្រមាណ ៣៤​ ភាគរយ និង​ក្របខ័ណ្ឌ​ពហុភាគី​មាន ៦៦ ​ភាគរយ​។ បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ ការចុះ​កិច្ច​ព្រម​ព្រៀង​ឥណទាន​សម្បទាន​ថ្មី​ក្នុង​ត្រី​មាស​ទី​១ ឆ្នាំ​ ២០២៣ មាន​កំណើន​ ៥៤​ ភាគរយ​ ជា​ដុល្លារ​អាមេរិក​។​

​ឯកសារ​បញ្ជាក់ថា ​«​ជារួម ឥណទាន​ទាំងនេះ​សុទ្ធសឹង​ជា​ឥណទាន​មាន​កម្រិត​សម្បទាន​ខ្ពស់ ដោយមាន​ធាតុ​អំណោយ​ជា​មធ្យម​ប្រមាណ ៣៨ ​ភាគ​រយ​។ គោលដៅ​ការចុះ​កិច្ចព្រមព្រៀង​ឥណទាន​ថ្មី​ទាំងនេះ គឺ​សម្រាប់​បំពេញតម្រូវការ​ហិរញ្ញប្បទាន​ក្នុង​វិស័យ​អាទិ​​ភាព​របស់​រដ្ឋាភិបាល​សំដៅ​រួមចំណែក​ទ្រទ្រង់​ចីរភាព​នៃ​កំណើន រយៈពេល​វែង និង​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព ផលិតកម្ម​»​។​

 

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​​វត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​អះអាងថា ស្ថានភាព​បំណុល​សាធារណៈ​ប​ច្ចុ​​ប្បន្ន​របស់​កម្ពុជា​នៅតែ​ត្រូវបាន​វាយ​​តម្លៃ​ថា ​ស្ថិតនៅក្នុង​ភាព​អាច​គ្រប់គ្រង​បាន​ពោល គឺ​នៅតែមាន​ «​ចីរភាព​» ​និង ​«​ហានិភ័យ​កម្រិត​ទាប​» ​ដដែល ទោះ​សេដ្ឋកិច្ចកម្ពុជា​ទទួលរ​ង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ និង​ពី​កត្តា​ខាងក្រៅ​ផ្សេងទៀត​ក្តី​។​

​លោក​បញ្ជាក់ថា​៖ «​ការរក្សាបាន​ចីរភាព​បំណុល​សាធារណៈ​នេះ គឺ​វា​អាស្រ័យ​ដោយ​កម្ពុ​ជាមាន​ប្រព័ន្ធ​គ្រប់​​គ្រង​បំណុល​សាធារណៈ​ដ៏​រឹងមាំ​»​។​

​លោក​បន្តថា ការគ្រប់គ្រង​បំណុល​​សាធារណៈ​ប្រកបដោយ​ចីរភាព ប្រ​​សិទ្ធ​ភាព និង​ស័ក្ដិសិទ្ធិ​ភាព បានរួម​​ចំណែក​យ៉ាងសំខាន់​ក្នុងការ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈ​កាល​ជាង ​២ ​ទសវត្សរ៍​កន្លងមក​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី ​១៥ ខែមិថុនា​ថា ដោយសារ​កម្ពុជា​ជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះ​កម្ពុជា​តែង​ទទួលបាន​ឥណទាន​ក្នុង​អត្រា​ការប្រាក់​ទាប​ដែល​នេះ​ជា​ឱកាសល្អ​សម្រាប់​រដ្ឋា​ភិ​​បាល​ក្នុងការ​យកប្រាក់​កម្ចី​ទាំងអស់នោះ​ទៅ​អភិវឌ្ឍ​ប្រទេស​។ ជាក់ស្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​មាន​ការដ្ឋាន​សាង​​សង់ និង​គម្រោង​ដែល​បានបញ្ចប់​ការ​សាងសង់​ជាច្រើន ​(​ពិសេស​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ធា​រា​​សាស្ត្រ​) ដែល​គម្រោង​ទាំងអស់នោះ​កំពុង​ចូលរួមចំណែក​ទាក់ទាញ​អ្នក​វិនិយោគ ក៏ដូចជា​បង្កើត​ការងារ និង​ចំណូល​សេដ្ឋកិច្ចជាតិ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖ «​ក្រៅពី​ទទួល​​បាន​សមិទ្ធផល​ផ្លែផ្កា​ជា​បន្ត​បន្ទាប់ពី​ប្រាក់កម្ចី​ទាំងអស់នោះ ខ្ញុំ​ក៏​សង្កេតឃើញថា ការប្រើប្រាស់ និង​ការ​គ្រប់​គ្រង​បំណុល​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏មាន​ភាពល្អប្រសើរ​ខ្លាំង​ផងដែរ​»​។​

​លោក​លើកឡើង​ទៀតថា ក្រៅពី​ការ​​ចុះហត្ថលេខា​ទទួល​កម្ចី​ពី​គេ កម្ពុជា​ក៏បាន​ធ្វើការ​បង្វែរ​ប្រាក់​សង​ទៅឱ្យ​ម្ចាស់បំណុល​យ៉ាង​ទៀងទាត់​ដែរ​។​

​ក្នុង​ត្រីមាស​ទី​១ ផងដែរ រដ្ឋាភិបាល​ក៏បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​សរុប​ចំនួន ១០០​ ពាន់​លាន​រៀល ស្មើនឹង​ប្រមាណ ២៤,៦៧​ លាន​ដុល្លារ​អាមេរិក ត្រូវ​នឹង​ប្រមាណ ១២,៣​ ភាគ​​រយ​នៃ​ទំហំ​សរុប​ដែល​ច្បាប់​អនុញ្ញាត​ (៨១៣​ ពាន់​លាន​រៀល​) ​ដើម្បី​ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​គាំទ្រ​គម្រោង​វិនិយោគ​សា​​ធារ​ណៈ សំដៅ​លើកស្ទួយ​កំណើន និង​ផលិតភាព​សេដ្ឋកិច្ច​។​

​របាយការណ៍​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​​អន្តរជាតិ​ (IMF) ​ចេញផ្សាយ​កាលពី​ថ្ងៃទី ​១២ ខែមេសា ឆ្នាំ​ ២០២៣ បាន​ព្យាករ​ថា បំណុល​ទូទៅ​សរុប​របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​កើន​ដល់ ៣៧,៥ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ក្នុង​ឆ្នាំ ​២០២៣ ​នេះ ដោយ​កើន​ពី ៣៦,៥​ ភាគរយ ​ក្នុង​ឆ្នាំ ​២០២២ ដែលជា​អត្រា​មួយ​ទាប​ជាង​ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​ទៀត​។​

​ក្នុង​វេទិកាសាធារណៈ កាលពី​ថ្ងៃទី​ ២៥ ខែមករា ឆ្នាំ​ ២០២៣ លោក វ​ង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា បំណុល​សាធារណៈ​របស់​កម្ពុ​ជាស​ម្រា​ប់​មនុស្ស​ម្នាក់ៗ​មាន «​ប្រហែល ៦០០​ ដុល្លារ​» បើ​ធៀប​នឹង​ប្រទេស​​អាមេរិក​ដែលមាន​ចំនួន​ «​ជិត ​១០ ​ម៉ឺន​ដុល្លារ​» ​ដោយសារតែ​ «​បំណុល​សា​​ធា​រណៈ​របស់​ប្រទេស​ខ្លួន​ជាង ១២០ ភាគរយ ​ធៀប​នឹង​អនុ​បាត​ផលិតផល​ក្នុងស្រុក​សរុប​៕