ភ្នំពេញៈ សន្និធិបំណុលសាធារណៈរបស់កម្ពុជាគិតត្រឹមចុងត្រីមាសទី១ ឆ្នាំ ២០២៣ មានប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះជិត ៩៩,៦ ភាគរយ ជាបំណុលសាធារណៈក្រៅប្រទេស និងជិតពាក់កណ្តាលជាបំណុលជាប្រាក់ដុល្លារ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកសារព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា (Cambodia Public Debt Statistical Bullentin) ដែលចេញផ្សាយក្នុងសប្តាហ៍នេះ បានបង្ហាញថា ដោយគិតទាំងបំណុលមរតក នៅត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០,២៧ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៩,៥៩ ភាគរយ ត្រូវនឹងប្រមាណ ១០,២៣ ពាន់លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគី ៦៧ ភាគរយ និងពហុភាគី ៣៣ ភាគរយ) និង ០,៤១ ភាគរយត្រូវនឹងចំនួន ៤២,៤៥ លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។
យោងតាមឯកសារសមាសភាគបំណុលសាធារណៈទាំងនោះរួមមាន ៤៣ ភាគរយ ជាដុល្លារអាមេរិក, ២១ ភាគរយ ជាអេសដេអ៊ែរ, ១២ ភាគរយ ជាយ័នចិន, ១១ ភាគរយ ជាយ៉េនជប៉ុន, ៧ ភាគរយ ជាអឺរ៉ូ, និង ៦ ភាគរយទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។
ដោយឡែកសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៣ រដ្ឋាភិបាលក៏បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍នានាសរុប ៤៨៨,៣១ លានដុល្លារអាមេរិក សមមូលទៅនឹង ៣៦១,១៥ លានអេសដេអ៊ែរ ស្មើនឹង ២១,២៤ ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែរ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៣៤ ភាគរយ និងក្របខ័ណ្ឌពហុភាគីមាន ៦៦ ភាគរយ។ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ មានកំណើន ៥៤ ភាគរយ ជាដុល្លារអាមេរិក។
ឯកសារបញ្ជាក់ថា «ជារួម ឥណទានទាំងនេះសុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៣៨ ភាគរយ។ គោលដៅការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រដ្ឋាភិបាលសំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានអះអាងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជានៅតែត្រូវបានវាយតម្លៃថា ស្ថិតនៅក្នុងភាពអាចគ្រប់គ្រងបានពោល គឺនៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល ទោះសេដ្ឋកិច្ចកម្ពុជាទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី។
លោកបញ្ជាក់ថា៖ «ការរក្សាបានចីរភាពបំណុលសាធារណៈនេះ គឺវាអាស្រ័យដោយកម្ពុជាមានប្រព័ន្ធគ្រប់គ្រងបំណុលសាធារណៈដ៏រឹងមាំ»។
លោកបន្តថា ការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយចីរភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈកាលជាង ២ ទសវត្សរ៍កន្លងមក។
អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៥ ខែមិថុនាថា ដោយសារកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះកម្ពុជាតែងទទួលបានឥណទានក្នុងអត្រាការប្រាក់ទាបដែលនេះជាឱកាសល្អសម្រាប់រដ្ឋាភិបាលក្នុងការយកប្រាក់កម្ចីទាំងអស់នោះទៅអភិវឌ្ឍប្រទេស។ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានការដ្ឋានសាងសង់ និងគម្រោងដែលបានបញ្ចប់ការសាងសង់ជាច្រើន (ពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ) ដែលគម្រោងទាំងអស់នោះកំពុងចូលរួមចំណែកទាក់ទាញអ្នកវិនិយោគ ក៏ដូចជាបង្កើតការងារ និងចំណូលសេដ្ឋកិច្ចជាតិផងដែរ។
លោកបានថ្លែងថា៖ «ក្រៅពីទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ពីប្រាក់កម្ចីទាំងអស់នោះ ខ្ញុំក៏សង្កេតឃើញថា ការប្រើប្រាស់ និងការគ្រប់គ្រងបំណុលរបស់រដ្ឋាភិបាលកម្ពុជាក៏មានភាពល្អប្រសើរខ្លាំងផងដែរ»។
លោកលើកឡើងទៀតថា ក្រៅពីការចុះហត្ថលេខាទទួលកម្ចីពីគេ កម្ពុជាក៏បានធ្វើការបង្វែរប្រាក់សងទៅឱ្យម្ចាស់បំណុលយ៉ាងទៀងទាត់ដែរ។
ក្នុងត្រីមាសទី១ ផងដែរ រដ្ឋាភិបាលក៏បានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ១០០ ពាន់លានរៀល ស្មើនឹងប្រមាណ ២៤,៦៧ លានដុល្លារអាមេរិក ត្រូវនឹងប្រមាណ ១២,៣ ភាគរយនៃទំហំសរុបដែលច្បាប់អនុញ្ញាត (៨១៣ ពាន់លានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ចេញផ្សាយកាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៣ បានព្យាករថា បំណុលទូទៅសរុបរបស់រដ្ឋាភិបាលកម្ពុជានឹងកើនដល់ ៣៧,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៣ នេះ ដោយកើនពី ៣៦,៥ ភាគរយ ក្នុងឆ្នាំ ២០២២ ដែលជាអត្រាមួយទាបជាងប្រទេសសមាជិកអាស៊ានជាច្រើនទៀត។
ក្នុងវេទិកាសាធារណៈ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៣ លោក វង្ស៊ី វិសុទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា បំណុលសាធារណៈរបស់កម្ពុជាសម្រាប់មនុស្សម្នាក់ៗមាន «ប្រហែល ៦០០ ដុល្លារ» បើធៀបនឹងប្រទេសអាមេរិកដែលមានចំនួន «ជិត ១០ ម៉ឺនដុល្លារ» ដោយសារតែ «បំណុលសាធារណៈរបស់ប្រទេសខ្លួនជាង ១២០ ភាគរយ ធៀបនឹងអនុបាតផលិតផលក្នុងស្រុកសរុប៕