Alynana Media Cambodia
Icon Collap
clinic narit

សួនសត្វ​រាជាអាស៊ី​ នាំ​អ្នកទស្សនា​នៅ​អាណាចក្រ​មេរិក ​មកកាន់​ប្រាសាទខ្មែរ​

Media LNN | Jun 20, 2023
សួនសត្វ​រាជាអាស៊ី​ នាំ​អ្នកទស្សនា​នៅ​អាណាចក្រ​មេរិក ​មកកាន់​ប្រាសាទខ្មែរ​
Clinic narith

ភ្នំពេញ​: ស្ថិតនៅ​ចំ​កណ្តាល​ក្រុង Fresno រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ជា​សហគមន៍​ខ្មែរ​មាន​ចំនួន​ប្រជា​ជន​ច្រើនជាងគេ​នៅ​សហរដ្ឋ​អា​​មេ​រិ​ក បានបង្ហាញ​នូវ​រតន​សម្បត្ដិ​ដ៏​អាថ៌កំបាំង​ដោយ​នាំ​អារម្មណ៍​ភ្ញៀវ​ទៅកាន់​អច្ឆរិយៈ​បុរាណ​នៅ​អាស៊ីអាគ្នេយ៍​។​

 

​ជាមួយ​ព្រះ​ភក្ដ្រ​ញញឹម​ស្រស់​នៅ​កំពូល​ខ្លោងទ្វារ​ចូល​ភ្ញៀវ​គ្រប់រូប​សុទ្ធតែ​បង្ហាញ​នូវ​ភាព​ភ្ញាក់ផ្អើល​និង​រំជើបរំជួល ដែល​ហាក់​បាន​ឈាន​ជើង​ចូល​ប្រាសាទ​ដ៏​ធំ​នៃ​ឧទ្យាន​បុរាណវិទ្យា​អង្គរ​ដ៏​ល្បី​ល្បាញ​យ៉ាង​ដូច្នោះ​ដែរ​។​

​ពេលដែល​ភ្ញៀវ​ចូល​ទៅដល់​បរិវេណ​ខាងក្នុង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​មួយ​នឹង​ទាក់ទាញ​ក្រសែភ្នែក​មហាជន​នៅ​ផ្នែក​ខាងស្តាំ​។ ផ្នែក​ខ្លះ​នៃ​ប្រាសាទ​ហ៊ុមព័ទ្ធ​ដោយ​ឫស​ឈើ​យក្ស បាន​រំឭក​ប្រាសាទ​តា​-​ព្រហ្ម​នៅក្នុង​ភាពយន្ដ​ហូលីវូដ​។​

​ទោះបី​ជាមាន​ភាពស្រដៀងគ្នា​គួរឱ្យភ្ញាក់ផ្អើល​ទៅនឹង​រចនា​​ប័​ទ្ម​ប្រាសាទអង្គរវត្ត ប្រាសាទ​តា​​ព្រហ្ម​និង​អង្គរធំ​ដ៏​ល្បី​ក៏ដោយ​កន្លែង​ដ៏​គួរឱ្យ​ទាក់ទាញ​នេះ​ស្ថិតនៅ​ឆ្ងាយ​ចម្ងាយ​រាប់ម៉ឺន​គីឡូ​​ម៉ែត្រ​ពី​ប្រាសាទបុរាណ​ពិត​ប្រាកដ​។​

​ពិព័រណ៍ The Kingdoms of Asia ឬ «​រាជាណាចក្រ​អាស៊ី​» គឺជា​ចំណែក​នៃ​សួនសត្វ​ថ្មី​ដែល​បើក​ដំណើរការ​នៅក្នុង​សួនសត្វ Fresno Chaffee ជា​កន្លែង​ដែល​អ្នកទស្សនា​អាច​គយគន់​សត្វព្រៃ​ពី​តំបន់​អាស៊ីអាគ្នេយ៍​បណ្ដើរ និង​ផ្ដោតអារម្មណ៍​វិល​ទៅកាន់​សម័យ​អាណាចក្រ​ខ្មែរ​ដ៏​អស្ចារ្យ​ផងដែរ​។

 

​លោកស្រី​ប្រ៊ី​ក​ឃេ​ន អេ​ម​ស្ពា​រ៉ាស៊ី​ណូ នាយក​ផ្នែក​សិក្សា​នៅ​សួនសត្វ Fresno Chaffee បានឱ្យដឹងថា​៖ «​ប្រាសាទបុរាណ​និង​ទស្សនីយភាព​នៃ​ប្រទេស​កម្ពុជា គឺជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​សត្វព្រៃ​ដែល​បាន​រស់​​នៅក្នុង​បរិស្ថាន​អមដោយ​ការ​រចនា​យ៉ាង​ស្រស់ស្អាត​នៃ​ស្ថាប​ត្យ​កម្ម​និង​សិល្បៈ​»​។

លោកស្រី​បាន​និយាយថា សួនសត្វ​នេះ មាន​សត្វ​ជាង​ ២០០ ​ប្រភេទ​នៅក្នុង The Kingdoms of Asia​ ដែលជា​បរិវេណ​សួនសត្វ​ទើប​បង្កើត​ថ្មី​ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បីឱ្យ​មើលទៅ​ដូច​ទៅនឹង​ដែនដី​សុវណ្ណ​ភូមិ​។​

​លោក Jon Dohlin នាយក​ប្រតិបត្តិ​សួនសត្វ Fresno Chaffee បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាសថា​៖ «​នេះ​ជាការ​បន្ថែម​ដ៏​អស្ចារ្យ​មួយ​ចំពោះ​បទ​ពិសោធន៍​នៅទីនេះ​ជា​ដំណើរ​ដ៏​វិសេសវិសាល​ទៅកាន់​ទីជម្រក​វប្បធម៌ និង​សត្វព្រៃ​នៃ​តំបន់​អា​ស៊ី​អាគ្នេយ៍​»​។​

​ដោយសារ​សួនសត្វ​នៅ​ជុំវិញ​ពិភពលោក​បន្តធ្វើ​បច្ចុប្បន្នភាព​ទីជម្រករ​បស់​ពួកគេ​មនុស្ស​ជា​ច្រើន​កំពុង​ផ្លាស់ប្តូរ​ឆ្ពោះទៅរក​ការបង្ហាញ​ប្រភេទ​សត្វ​តាម​តំបន់​ភូមិសាស្ត្រ​របស់​ពួកគេ​ជំនួស​ឱ្យ​ប្រភេទ​សត្វ​។​

​លោកស្រី​ស្ពា​រ៉ាស៊ី​ណូ​ដែលមាន​បទពិសោធន៍​ជាមួយ​អង្គ​ការអភិរក្ស​សត្វព្រៃ WCS អស់​រយៈពេល​ជាង​ ១៦​ ឆ្នាំ​ក្នុងការ​អភិ​​វ​ឌ្ឍ​កម្មវិធី Wildlife Theatre បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​នេះ​បង្កើត​បរិយាកាស​ដែល​ភ្ញៀវ​មាន​អារ​ម្ម​ណ៍​ថា បានធ្វើ​ដំណើរ​វិលត្រឡប់​ទៅកាន់​អតីតកាល ឬ​ទៅកាន់​ដែនដី​ដ៏​ពិសិដ្ឋ ដែល​សម្បូរ​ទៅដោយ​សិល្បៈ​និង​វប្បធម៌​នៃ​ប្រទេស​កម្ពុជា​ខណៈពេលដែល​កំ​ពុង​សិក្សា​បន្ថែម​អំពី​សត្វព្រៃ​ក្នុង​តំបន់​»​។​

​ជាមួយ​ប្រាសាទ​គ្រប់គ្រង​ដោយ​ឫស​ឈើ​យក្ស ទឹកអូរ​ក្រោម​ប្រា​សាទ​បាក់បែក រំលេច​ឱ្យឃើញ​លិង្គ​មួយ​ពាន់​ដែល​យក​លំនាំ​តាម​ទីឋាន​សក្ការៈ​ភ្នំ​គូលែន​ដ៏​អស្ចារ្យ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ​គឺ​ការប្រើប្រាស់​រចនាប័ទ្ម​បុរាណវិទ្យា ដើម្បី​តំណាងឱ្យ​អរិយធម៌​ខ្មែរ​សុទ្ធសាធ​។ នេះ​បើតាម​លោក​គឹម​ដា​នី ប្រធាន​សហគមន៍​អភិរក្ស​វប្បធម៌​ខ្មែរ​នៅ​ទីក្រុង Fresno ដែល​រស់នៅ​សហរដ្ឋអាមេរិក​តាំងពី​ឆ្នាំ​ ១៩៨៦​។​

​លោក ដា​នី ជា​សមាជិក​នៃ​ទីប្រឹក្សា​វប្បធម៌​សម្រាប់​សួនសត្វ​បាន​និយាយថា​គម្រោង​នេះ​បានចាប់ផ្តើម​កាលពី​៣​ឆ្នាំមុន​នៅពេល​ជំរំ​សត្វ​ហ្សី​រ៉ា​ហ្វ ត្រូវបាន​រុះរើ​ទៅ​កន្លែង​ថ្មី​ហើយ​ជំនួស​មកវិញ​ជា​ពិព័រណ៍ Kingdoms of Asia​។

​លោក​បានឱ្យដឹងថា​៖ «​ជា​ផ្នែក​មួយ​នៃ​សួនសត្វ Fre-sno Chaffee Zoo ដែលមាន​ពិព័រណ៍​សា​ហ្វា​រី ពិព័រណ៍​សមុទ្រ និង​ដើមឈើ​យក្ស​ចំពោះ​ពិព័រណ៍ Kingdoms of Asia យើង​មាន​មោទនភាព​ដែល​គេ​យក​រចនា​ប័​ទ្ម​ខ្មែរ​ជា​តំណាង​សួនសត្វ​អា​ស៊ី​អាគ្នេយ៍​នេះ​»​។

​លោក​បន្ដថា​៖ «​ការប្រើប្រាស់​រចនាប័ទ្ម​ប្រាង្គ​​ប្រាសាទ​ដោយសារ​កម្ពុជា​គឺជា​រាជាណាចក្រ​ធំជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ក៏ដូចជា​មានឈ្មោះ​ល្បី​ល្បាញ រួមទាំង​ការ​រំលេច​រូបភាព​នៅក្នុង​ភាពយន្ដ​ហូ​លី​វីដ​អេ​ន​ជេ​លី​ណា ជោ​លី រឿង Tomb Raider»​។

ក្នុងនាម​ជា​សមាជិក​ទីប្រឹក្សា​វប្បធម៌​ការងារ​ស្នូល​របស់លោក​ដា​នី​គឺ​ធ្វើឱ្យ​ប្រាកដថា ការ​រចនា​នេះ ធ្វើតាម​ប្រពៃណី​ខ្មែរ ចាប់តាំងពី​សួនសត្វ​របស់លោក​ខាងលិច​នេះ​ត្រូវបាន​រៀបចំឡើង​តាម​រចនាប័ទ្ម​ខ្មែរ​។​

​លោក​រៀបរាប់ថា ដំបូង​ឡើយ​នាយក​ប្រតិបត្តិ​សួនសត្វ​ចង់​ដាក់បញ្ចូល​នូវ​ការ​រចនា​ផ្សេងៗ រួមទាំង ការតាំង​បង្ហាញ​រូប​ស្មូន​អប្សរា​ដោយ​មិន​ប្រកាន់​តាម​ក្បួនខ្នាត​ខ្មែរ​។ ទោះជា​យ៉ាងណាក៏ដោយ​បន្ទាប់ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​ទីប្រឹក្សា​វប្បធម៌ ពួកគេ​បាន​យល់ព្រម​ទទួលយក​រចនា​ប័​ទ្ម​តែមួយ ដើម្បី​ការពារ​ការយល់ច្រឡំ​។

លោក ដា​នី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ចំពោះ​រចនាប័ទ្ម​ទាំងអស់​នៅក្នុង​សួន​សត្វ​នេះ គ្មាន​ខាង​ថៃ ឬ​ឡា​វណា​មក​ទាមទារ​ថា ជា​របស់គេ​នោះទេ ដោយសារ​សួនសត្វ​យក​លំនាំ​តាម​ខ្មែរ​សុទ្ធសាធ​»​។

​មុនពេល​បើក​ពិព័រណ៍ Kingdoms of Asia ជា​សាធារណៈ​នៅ​ថ្ងៃទី ​៣​ ខែមិថុនា សួនសត្វ Fresno Chaffee បានរៀបចំ​កម្មវិធី​ពិសេស​មួយ​។ ទីប្រឹក្សា​វប្បធម៌ ដែល​បាន​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុង​ដំណើរការ​សាង​​សង់​ដើម្បី​ធានា​នូវ​ភាពត្រឹមត្រូវ និង​ការគោរព​ត្រូវបាន​ផ្តល់​កិត្តិ​​យស​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​លោកស្រី​ស្ពា​រ៉ាស៊ី​ណូ​និយាយថា​៖ «​យើង​ក៏មាន​ការសម្តែង​ដ៏​គួរឱ្យ​ទាក់ទាញ​ដោយ​ក្រុម​អភិរក្ស​វប្បធម៌​ខ្មែរ​រួបរួម ដែលជា​ក្រុម​រាំ​ក្នុងស្រុក និង​ការ​និមន្ដ​ព្រះសង្ឃ​ប្រោះព្រំ​ទៅតាម​ប្រពៃណី​សាសនា​របស់​កម្ពុជា​»​។

លោកស្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​យើង​ទន្ទឹង​រង់​​ចាំ​យ៉ាង​អន្ទះសា​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ជា​លើក​ទី​ ២ ​នៅ​សួនសត្វ ព្រោះ​វា​អនុញ្ញាតឱ្យ​យើង​ស្វាគមន៍ និង​អបអរ​​សាទរ​សហគមន៍​ចម្រុះ​របស់​យើង​»​។

​បន្ថែម​ពីលើ​ការបង្ហាញ​សត្វព្រៃ​មកពី​តំបន់​អាស៊ាន​ដូច​ជា​ខ្លា​ម៉ា​ឡា​យ៉ាន ខ្លាឃ្មុំ​កម្ជិល​សត្វ​ស្វា​ស៊ូ​ម៉ា​ត្រាន​ស្វា​ម៉ាង​រមាស​នាគ​កូ​ម៉ូ​ដូ​សាន់ ដា​ហ្គា​រី​យ៉ា​ល់​សត្វ​កណ្ដៀរ​តូច អណ្តើក​យក្ស​ម៉ាឡេស៊ី និង​សត្វ​ស្លាប​អាស៊ី​ជាច្រើន​ប្រភេទ ពិព័រណ៍​នេះ​ក៏​នាំយក​ប្រភេទ​សត្វ​ដែល​នាំចូល​ពី​ប្រទេស​កម្ពុជា រួមទាំង​ខ្លាឃ្មុំ​តូចៗ​និង​សត្វ​ភេ​ជាដើម​។​

​សម្រាប់​អ្នក​ដែល​ស្វែងរក​បទពិសោធន៍​កាន់តែ​រស់​រវើក​ផ្សារ​លង្វែក​កំពុង​រង់ចាំ​។ នៅទីនេះ​ស្មារតី​នៃ​ស្ថាបត្យកម្ម​និង​វប្បធម៌​ខ្មែរ​បាន​ផ្ទុះឡើង​ជាមួយនឹង​ការ​រចនា​រូបភាព គួបផ្សំ​និង​សំឡេង​ភ្លេងបុរាណ​ខ្មែរ​ថែម​​ទៀត​។

​លោក ដា​នី ឱ្យដឹងថា លោក​ត្រូវ​បានឱ្យ​ដាក់ឈ្មោះ​ផ្សារ​នោះ​ជា «​ផ្សារ​លង្វែក​» ជាទី​ប្រជុំ​មួយ​ដ៏​ធំ​ខាង​ដោះដូរ​ទំនិញ ហើយ​វា​ស័ក្ដិសម​នឹង​ឈ្មោះ​លង្វែក​ដោយ​សារ​តែ​ទីតាំង​នោះ​សម្បូរ​ដើម​ឫស្សី​។ បន្ថែម​ដោយ​ការ​បង្កប់​នូវ​គ្រឿង​បំពង​សំឡេង​តាម​គុម្ព​ឫស្សី បទ​ភ្លេង​ប្រពៃណី​ខ្មែរ​ត្រូវបាន​ចាក់​បន្លឺឡើង រួមទាំង បទ​នគររាជ និង​ពិណពាទ្យ​។ លោក ដា​នី​និយាយថា​៖ «​ក្នុងនាម​ជា​ខ្មែរ ពេល​ចូល​ទិញ​ទំនិញ ឬ​ចូល​ហាង​បាយ យើង​មាន​អារម្មណ៍​ព្រឺ​សម្បុរ និង​មោទនភាព​ចំពោះ​ជាតិខ្មែរ​ណាស់​»​។

​ប៉ុន្ដែ​លោក​ទទួលស្គាល់ថា ដោយសារ​នៅ​ខ្វះ​ការបន្ថែម​គ្រឿង​តុបតែង​ជា​របស់​ខ្មែរ ភាព​លម្អិត​ទាំងស្រុង​ហាក់​មិនទាន់​បង្ហាញ​ពី​ខ្មែរ​ឱ្យចំ​ ១០០​ ភាគរយ​នោះទេ​។

​លោក​និយាយថា សួនសត្វ​នេះ​នៅ​ខ្វះ​ការតុបតែង​អប្សរា ព្រះ​កេស​ព្រះព្រហ្ម ជ័យ​វរ្ម័នទី ៧ ខណៈ​ជាតិ​សាសន៍​ផ្សេងៗ​ដូចជា ឡាវ មាន​តាំង​បង្ហាញ​សម្លៀក​បំពាក់​ប្រពៃណី​។ ជាមួយ​ទឹក​ចិ​ត្ដ​ស្រឡាញ់​វប្បធម៌ មិន​បង្អង់​យូរ​លោក​ដា​នី ក៏​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ទិញ​មកុដ​អប្សរា​ដាក់តាំង​បង្ហាញ​មួយ​ផងដែរ​៕