Alynana Media Cambodia
Icon Collap
clinic narit

ទុរេន​សំឡូត​ប្រមូល​ផល​បាន​ជាង​ ៣ ​ពាន់​តោន​ហើយ ​គិត​ត្រឹម​ដើមខែ​នេះ​

Media LNN | Jul 03, 2023
ទុរេន​សំឡូត​ប្រមូល​ផល​បាន​ជាង​ ៣ ​ពាន់​តោន​ហើយ ​គិត​ត្រឹម​ដើមខែ​នេះ​
Clinic narith

បាត់ដំបងៈ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបងបានឱ្យដឹងថា ការប្រមូល​ផល​ទុរេន​ក្នុងឆ្នាំនេះ ដោយ​គិត​ត្រឹម​ដើមខែ​កក្កដា ទុរេន​សំឡូត ប្រមូល​ផល​បាន​ប្រមាណ​ជាង​ ៣ ០០០​ តោន ស្មើនឹង​ប្រមាណ​៦០​ភាគរយ​ហើយ នៃ​ផ្ទៃដី​ដាំ​ទុរេន​សរុប​ ៤១៧ ហិកតា​នៅ​ទូទាំង​ស្រុក​សំឡូត​។​

​លោក​ ហេង សិទ្ធិ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បានឱ្យដឹង​នៅ​ថ្ងៃទី​ ២ ខែកក្កដា ថា ការប្រមូល​ផល​ទុរេន​សំឡូត នៅ​ឆ្នាំនេះ មិនសូវ​ខុសពី​ឆ្នាំមុន​នោះទេ ទាំង​ផ្ទៃដី​ដាំ​ដុះ បរិមាណ​ផល ដោយ​ការប្រមូល​ផល​ទុរេន​ជា​រៀងរាល់ឆ្នាំ មាន​បរិមាណ​ជាង​ ៥ ០០០​ តោន ។ ចំពោះ​តម្លៃ​វិញ​ទុរេន​ឆ្នាំនេះ គឺ​ចន្លោះ​ពី​ ១៣ ០០០​ រៀល​ទៅ​ ១៥ ០០០​ រៀល សម្រាប់​ទុរេន​ដឹក​ចេញពី​ចម្ការ​តាម​ប្រភេទ​ទុរេន​នីមួយៗ ហើយ​នៅ​ខេត្តបាត់ដំបង មានតែ​ស្រុក​សំឡូត​មួយ​ប៉ុណ្ណោះ ដែលមាន​ការដាំដុះ​ទុរេន ដោយ​ប​ច្ចុ​ប្បន្ន​ផ្ទៃដី​ដាំ​ដុះ​ទុរេន​មាន​ចំនួន ​៥៤៦ ​ហិកតា ខណៈដែល​ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន​ ៤១៧ ហិ​ក​តា ដោយ​ក្នុង ១​ ហិកតា​អាច​ប្រមូលបាន​ជាង​ ១២ ​តោន​។​

​លោក​មានប្រសាសន៍ថា ៖ «​ជាទូទៅ​ការប្រមូល​ផល​ទុរេន​សំឡូត អាច​នឹង​បញ្ចប់​នៅ​ចុង​ខែកក្កដា​នេះ​។ ការប្រែប្រួល​នៃ​អាកាសធាតុ​មិនមាន​ផលប៉ះពាល់​ខ្លាំង​ដល់​ទុរេន​ទេ ព្រោះ​ដំណាំ​ទុរេន​មិន​ដូច​ស្រូវ​ទេ​។ សម្រាប់​ពូជ​ទុរេន​វិញ​ពពួក​ទុរេន​ពូជ​ម៉ាន់​ថង​ទឹកដោះគោ​ថ្លៃ​ជាងគេ តែ​មិនសូវ​សម្បូរ​ទេ​។ នៅ​ដើម​ឆ្នាំនេះ ទុរេន​មិនទាន់​សម្បូរ​នៅឡើយ​ទេ គឺ​មក​សម្បូរ​ច្រើន​នៅ​ចុងខែ ​៦ ឬ​ដើមខែ ​៧ »​។​

​លោក ណៃ ច​ន ប្រធាន​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត បាន​ប្រាប់​ឱ្យដឹងថា ទិន្នផល​ទុរេន របស់​សមាជិក​នៃ​បណ្តុំ​អាជីវកម្ម​ទុរេន​នៅ​ឃុំ​សំឡូត នា​ឆ្នាំនេះ មិនសូវ​ខុសពី​ឆ្នាំមុន​ប៉ុន្មាន​ទ ​ដោយនៅ​សំឡូត​នេះ មាន​សមាជិក​ជា​ម្ចាស់​ចម្ការ​ចំនួន​ជិត ​២០​ ចម្ការ ហើយ​ការប្រមូល​ផល​ក្នុង​ ១ ​ឆ្នាំ​ចន្លោះ​ពី ​៣០០​ ទៅ ​៤០០ ​តោន​។ មកទល់ពេលនេះ​សមាជិក​ទាំង​អស់​ប្រមូល​ផល​បាន​ប្រហែល​ជាង ​៥០ ​ភាគរយ​ហើយ​។​

​លោក​បន្ថែមថា ទីផ្សារ​សំខាន់​របស់​ទុរេន​សំឡូត​គឺ​រាជធានី​ភ្នំ​ពេញ ក្រៅពីនេះ​ចែកចាយ​ក្នុង​ខេត្តបាត់ដំបង និង​មាន​ខ្លះ​សម្រាប់អ្នកទេសចរ​ដែល​បាន​ទៅ​ទិញ​ដល់​ចម្ការ ក្នុង​ឃុំ​សំឡូត​ផ្ទាល់​តែម្តង​។​

 

​ចំពោះ​រឿង​ទីផ្សារ​នេះដែរ លោក ណៃ ច​ន បាន​ប្រាប់ថា កន្លងទៅ បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដែលមាន​ដូចជា​ក្រុមហ៊ុន​ថៃ ចិន និង​ខ្មែរ​ដោយ​ក្រុមហ៊ុន​ទាំងនោះ មានបំណង​ចង់​នាំ​ទុរេន​របស់​ស្រុក​សំឡូត​ទាំងមូល ទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស ប៉ុន្តែ​នៅមាន​ឧបសគ្គ​ខ្លះ​ដោយ​បរិមាណ​ផ្គត់ផ្គង់​ដោយ​ភាគី​ចិន​បារម្ភ​ខ្លាច​ខាង​ស្រុក​សំឡូត​ផ្គត់ផ្គង់ មិនបាន​តាម​កិច្ចសន្យា​។

​លោក​បញ្ជាក់ថា​៖ «​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត តែងតែ​ពិភាក្សាគ្នា​ជាមួយ​សមា​ជិ​ក​ជា​ច្រើនដង​ទាក់ទង​នឹង​ការ​​នាំចេញ​ទុរេន​ទៅ​ប្រទេស​ចិន​នេះ ដោយ​កន្លង​ទៅខាង​ចិន តែង​សួរ​យើង​ថា​តើ​យើង​អាច​ផ្គត់ផ្គង់​ទុ​រេ​ន​ឱ្យគេ​ក្នុង ១ ​ឆ្នាំ​បាន​ប៉ុន្មាន គេ​តម្រូវឱ្យ​យើង​ផ្តល់​ទិន្នន័យ​លម្អិត​ឱ្យគេ​»​។​

​លោក ណៃ ច​ន បាន​បន្ថែមថា ខាង​ក្រុមហ៊ុននាំចេញ មានការ​ពេញចិត្ត​ណាស់ ចំពោះ​រសជាតិ និង​គុណភាព​នៃ​ទុរេន របស់​ខាង​បណ្តុំ​អាជីវកម្ម​ទុរេន​សំឡូត ប៉ុន្តែ​ខាង​សមាជិក​ភាគច្រើន​មានការ​​ព្រួយបារម្ភ​ពី​ការចុះកិច្ចសន្យា​ហើយ​មិនអាច​ផ្គត់ផ្គង់​ឱ្យគេ​បាន​តាម​កិច្ចសន្យា​។ ម្យ៉ាង​វិញ​ចំពោះ​បរិមាណ​ផ្គត់ផ្គង់ និង​ភូតគាម​អនាម័យ ភាគី​ចិន​ទាមទារ​ឱ្យធ្វើ​ឱ្យបាន​ល្អប្រសើរ​ជាង​នេះ ដែល​នេះ​វា​ទាមទារ​ឱ្យមាន​ការចំណាយ​ដើមទុន​ច្រើន​៕