បាត់ដំបងៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបងបានឱ្យដឹងថា ការប្រមូលផលទុរេនក្នុងឆ្នាំនេះ ដោយគិតត្រឹមដើមខែកក្កដា ទុរេនសំឡូត ប្រមូលផលបានប្រមាណជាង ៣ ០០០ តោន ស្មើនឹងប្រមាណ៦០ភាគរយហើយ នៃផ្ទៃដីដាំទុរេនសរុប ៤១៧ ហិកតានៅទូទាំងស្រុកសំឡូត។
លោក ហេង សិទ្ធិ មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី ២ ខែកក្កដា ថា ការប្រមូលផលទុរេនសំឡូត នៅឆ្នាំនេះ មិនសូវខុសពីឆ្នាំមុននោះទេ ទាំងផ្ទៃដីដាំដុះ បរិមាណផល ដោយការប្រមូលផលទុរេនជារៀងរាល់ឆ្នាំ មានបរិមាណជាង ៥ ០០០ តោន ។ ចំពោះតម្លៃវិញទុរេនឆ្នាំនេះ គឺចន្លោះពី ១៣ ០០០ រៀលទៅ ១៥ ០០០ រៀល សម្រាប់ទុរេនដឹកចេញពីចម្ការតាមប្រភេទទុរេននីមួយៗ ហើយនៅខេត្តបាត់ដំបង មានតែស្រុកសំឡូតមួយប៉ុណ្ណោះ ដែលមានការដាំដុះទុរេន ដោយបច្ចុប្បន្នផ្ទៃដីដាំដុះទុរេនមានចំនួន ៥៤៦ ហិកតា ខណៈដែលផ្ទៃដីប្រមូលផលមានចំនួន ៤១៧ ហិកតា ដោយក្នុង ១ ហិកតាអាចប្រមូលបានជាង ១២ តោន។
លោកមានប្រសាសន៍ថា ៖ «ជាទូទៅការប្រមូលផលទុរេនសំឡូត អាចនឹងបញ្ចប់នៅចុងខែកក្កដានេះ។ ការប្រែប្រួលនៃអាកាសធាតុមិនមានផលប៉ះពាល់ខ្លាំងដល់ទុរេនទេ ព្រោះដំណាំទុរេនមិនដូចស្រូវទេ។ សម្រាប់ពូជទុរេនវិញពពួកទុរេនពូជម៉ាន់ថងទឹកដោះគោថ្លៃជាងគេ តែមិនសូវសម្បូរទេ។ នៅដើមឆ្នាំនេះ ទុរេនមិនទាន់សម្បូរនៅឡើយទេ គឺមកសម្បូរច្រើននៅចុងខែ ៦ ឬដើមខែ ៧ »។
លោក ណៃ ចន ប្រធានបណ្តុំអាជីវកម្មទុរេនសំឡូត បានប្រាប់ឱ្យដឹងថា ទិន្នផលទុរេន របស់សមាជិកនៃបណ្តុំអាជីវកម្មទុរេននៅឃុំសំឡូត នាឆ្នាំនេះ មិនសូវខុសពីឆ្នាំមុនប៉ុន្មានទ ដោយនៅសំឡូតនេះ មានសមាជិកជាម្ចាស់ចម្ការចំនួនជិត ២០ ចម្ការ ហើយការប្រមូលផលក្នុង ១ ឆ្នាំចន្លោះពី ៣០០ ទៅ ៤០០ តោន។ មកទល់ពេលនេះសមាជិកទាំងអស់ប្រមូលផលបានប្រហែលជាង ៥០ ភាគរយហើយ។
លោកបន្ថែមថា ទីផ្សារសំខាន់របស់ទុរេនសំឡូតគឺរាជធានីភ្នំពេញ ក្រៅពីនេះចែកចាយក្នុងខេត្តបាត់ដំបង និងមានខ្លះសម្រាប់អ្នកទេសចរដែលបានទៅទិញដល់ចម្ការ ក្នុងឃុំសំឡូតផ្ទាល់តែម្តង។
ចំពោះរឿងទីផ្សារនេះដែរ លោក ណៃ ចន បានប្រាប់ថា កន្លងទៅ បណ្តុំអាជីវកម្មទុរេនសំឡូតបានជួបជាមួយក្រុមហ៊ុនមួយចំនួន ដែលមានដូចជាក្រុមហ៊ុនថៃ ចិន និងខ្មែរដោយក្រុមហ៊ុនទាំងនោះ មានបំណងចង់នាំទុរេនរបស់ស្រុកសំឡូតទាំងមូល ទៅលក់នៅទីផ្សារក្រៅប្រទេស ប៉ុន្តែនៅមានឧបសគ្គខ្លះដោយបរិមាណផ្គត់ផ្គង់ដោយភាគីចិនបារម្ភខ្លាចខាងស្រុកសំឡូតផ្គត់ផ្គង់ មិនបានតាមកិច្ចសន្យា។
លោកបញ្ជាក់ថា៖ «បណ្តុំអាជីវកម្មទុរេនសំឡូត តែងតែពិភាក្សាគ្នាជាមួយសមាជិកជាច្រើនដងទាក់ទងនឹងការនាំចេញទុរេនទៅប្រទេសចិននេះ ដោយកន្លងទៅខាងចិន តែងសួរយើងថាតើយើងអាចផ្គត់ផ្គង់ទុរេនឱ្យគេក្នុង ១ ឆ្នាំបានប៉ុន្មាន គេតម្រូវឱ្យយើងផ្តល់ទិន្នន័យលម្អិតឱ្យគេ»។
លោក ណៃ ចន បានបន្ថែមថា ខាងក្រុមហ៊ុននាំចេញ មានការពេញចិត្តណាស់ ចំពោះរសជាតិ និងគុណភាពនៃទុរេន របស់ខាងបណ្តុំអាជីវកម្មទុរេនសំឡូត ប៉ុន្តែខាងសមាជិកភាគច្រើនមានការព្រួយបារម្ភពីការចុះកិច្ចសន្យាហើយមិនអាចផ្គត់ផ្គង់ឱ្យគេបានតាមកិច្ចសន្យា។ ម្យ៉ាងវិញចំពោះបរិមាណផ្គត់ផ្គង់ និងភូតគាមអនាម័យ ភាគីចិនទាមទារឱ្យធ្វើឱ្យបានល្អប្រសើរជាងនេះ ដែលនេះវាទាមទារឱ្យមានការចំណាយដើមទុនច្រើន៕