Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំង សម្រេចបានជាង ១៥៦ លានដុល្លារ ក្នុងរយៈពេល ៥ ខែនេះ

Media LNN | Jul 05, 2023
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំង សម្រេចបានជាង ១៥៦ លានដុល្លារ ក្នុងរយៈពេល ៥ ខែនេះ
Clinic narith

ភ្នំពេញៈ ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា​-បារាំង​ ក្នុង​រយៈ​ពេល ៥​ ខែ​ដើម​ឆ្នាំ ​២០២៣ សម្រេច​បាន​ជាង ២១០ ​លាន​ដុល្លារ ធ្លាក់​ចុះ ៦​ ភាគ​រយ​ បើ​ធៀប​​​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ ​២០២២ ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​បារាំង មាន​ទឹក​ប្រាក់​ជាង ១៥៦ ​លាន​ដុល្លារ​។ នេះ​បើ​តាម​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។

យោង​តាម​ GDCE ការ​នាំ​ចេញ-​នាំ​ចូល​ទំនិញ​រវាង​កម្ពុជា-​បារាំង ពី​ខែ​មករា-ខែ​ឧសភា ឆ្នាំ​២០២៣ មាន​ទឹក​ប្រាក់​សរុប ២១០,៦៤​លាន​ដុល្លារ ធ្លាក់​ចុះ ៦​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២២ ​ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​បារាំង ១៥៦,៥៨​លាន​ដុល្លារ ថយចុះ ៨,៤​ភាគ​រយ និង​ទំនិញ​បារាំង​មក​កម្ពុជា ៥៤,០៦​លាន​ដុល្លារ កើន​ឡើង ១,៥​ភាគ​រយ​។​ តាម​រយៈ​នេះ គឺ​ជញ្ជីង​ពាណិជ្ជ​កម្ម​កម្ពុជា​មាន​ឧត្តម​ភាព​ ១០២,៥២​លាន​ដុល្លារ​
ដោយ​ឡែក​សម្រាប់​ខែ​ឧសភា ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ គឺ​មាន​ទឹក​ប្រាក់​សរុប ៤១,៩៨​លាន​ដុល្លារ ធ្លាក់​ចុះ ១១,៥៤​ភាគ​រយ ដោយ​ការ​នាំ​ចេញ​របស់​កម្ពុជា មាន​ចំនួន ៣១,១៣​លាន​ដុល្លារ ធ្លាក់​ចុះ ១៦,៨​ភាគ​រយ និង​ទំនិញ​បារាំង​នាំមក​កម្ពុជា​ មាន​ចំនួន ១០,៨៥​លាន​ដុល្លារ​ កើន​ឡើង ៨ភាគ​រយ​។​

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​​​និយាយ​​​ថា បារាំង គឺ​ជា​ទីផ្សារទទួល​ទិញ​ទំនិញ​​សំខាន់​មួយ​របស់​កម្ពុជា ហើយបច្ចុប្បន្ន​​ក៏​មាន​វិនិយោគិន​បារាំង​មួយ​កំពុង​បណ្តាក់​ទុន​​​នៅ​កម្ពុជា​ផងដែរ។​

​​​លោកបន្ត​ថា ប្រទេស​ទាំង ២ មាន​ទំនាក់​ទំនងនយោបាយ និង​ការ​ទូត​ជា​មួយ​គ្នា​ជិត ២​ទសវត្ស​មក​ហើយ។ ​​​ដោយ​សារ​ប្រទេស​បារាំង​ស្ថិត​​​ក្នុង​សហគមន៍​អ៊ឺរ៉ុប​ដែល​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ឱ្យ​កម្ពុជា​ ដូច្នេះ​​​ទំនិញ​​​កម្ពុជា​មួយ​ចំនួនទៅ​បារាំង គឺ​មិន​តម្រូវ​ឱ្យ​បង់​ពន្ធ​ឡើយ​។

លោក​បន្ត​ថា៖​«​នៅ​ពេល​ស្ថាន​ភាព​ជម្លោះ​ និង​វិបត្តិ​សកល​នានា​ដែល​កំពុង​កើត​ក្នុង​​ពេល​នេះ​បញ្ចប់​​ទៅ​​វិញ​ សេដ្ឋកិច្ច​ពិភព​លោក​នឹង​មាន​កំណើន​ ដូច្នេះ​ការ​បញ្ជា​ទិញ​ពី​កម្ពុជា​នឹង​កើន​ឡើង​វិញ»​។​

 

បើ​តាម​លោក លឹម ហេង ផលិត​ផល​កម្ពុជា​នាំ​ទៅ​បារាំង​ ​ភាគ​ច្រើន​​ជា​សម្លៀក​បំពាក់ ស្បែកជើង ​កាបូប​ធ្វើ​ដំណើរ និង​ផលិត​ផល​កសិកម្ម ចំណែក​ទំនិញ​បារាំង​នាំ​មក​កម្ពុជា មាន​ដូច​ជា​ រថយន្ត ឧបករណ៍​អគ្គិសនី-​អេឡិច​ត្រូនិក សម្ភារសំណង់ និង​គ្រឿង​សង្ហារឹម ជា​ដើម​។​

ក្នុងឆ្នាំ​​២០២២ ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេភាគី​កម្ពុជា-​បារាំង មាន​ទឹក​ប្រាក់​សរុប ៥៤២,៣៧​លាន​ដុល្លារ កើន​ឡើង ២៥,៩​​ភាគ​រយ​ធៀប​ឆ្នាំ​២០២១ ដែល​មាន​ចំនួន ៤៣០,៧១​លាន​ដុល្លារ។ ក្នុង​នោះ​​កម្ពុជា​​នាំ​​ចេញ​ទំនិញ​ទៅ​បារាំង ៤២៣,១៣​លាន​ដុល្លារ កើន​ឡើង ២៧,៩​ភាគ​រយ ចំណែក​ទំនិញ​​បារាំង​​នាំ​មក​កម្ពុជា មាន​ចំនួន ១១៩,៨៨​លាន​ដុល្លារ កើន​ឡើង ១៩,៤​​ភាគ​រយ​៕​