ភ្នំពេញៈ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់ឱ្យដឹងកាលពីថ្ងៃទី ៥ ខែកក្កដាថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៣ នេះ ការនាំចេញស្វាយស្រស់សម្រេចបាន ៨៨ ៥០៩ តោន ក្នុងនោះបាននាំចេញទៅប្រទេសវៀតណាមមានចំនួន ៧៤ ៦៨១ តោន និងនាំចេញទៅប្រទេសថៃ សម្រេចបាន ១៣ ៨២៨ តោន។
កញ្ញា អុឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងថា ក្រៅពីការនាំចេញស្វាយស្រស់ហើយ កម្ពុជាក៏បាននាំចេញតំណាប់ស្វាយទៅកាន់ប្រទេសថៃផងដែរ ដែលមានចំនួនជាង៣៨២តោន ខណៈដែលផលិតផលតំណាប់ស្វាយនេះមិនបាននាំចេញទៅវៀតណាមទេ ក្នុងពេល៥ខែនេះមកនេះ។
កញ្ញាបានបញ្ជាក់ថា៖«គិតចាប់ពីឆ្នាំ២០១៩ ដល់ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាយើងបាននាំចេញស្វាយស្រស់ទៅកាន់វៀតណាម ក្នុងបរិមាណជាង៤៧៧ ៧៩១តោន ខណៈដែលនាំទៅថៃ មានចំនួន ១៣៨ ៣៣៧តោន»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុនត្រូពិកខេម បានឱ្យដឹងថា ទោះបីក្រុមហ៊ុនមិនបាននាំចេញស្វាយស្រស់នៅដើមឆ្នាំនេះ ប៉ុន្តែនាំចេញតំណាប់ស្វាយវិញ។
លោកថ្លែងថា តម្រូវការស្វាយពីក្រៅប្រទេស មានការកើនឡើង និងមានតម្លៃល្អ ប៉ុន្តែផលិតកម្មស្វាយនៅក្នុងស្រុកបែរជាមានការធ្លាក់ចុះទៅវិញ ដោយសារអ្នកដាំដុះស្វាយភាគច្រើន បានផ្អាក ឬបោះបង់អាជីពនេះចោល ក្រោយពីខាតច្រើន នៅអំឡុងពេលវិបត្តិកូវី១៩កាលពីឆ្នាំមុនៗ។
លោកបានថ្លែងថា៖ «ការបោះបង់ ការធ្វើស្វាយរបស់កសិករ គឺដោយសារឆ្នាំ២០២២កន្លងទៅ តម្លៃស្វាយចុះថោក និងដោយសារតែការបិទខ្ទប់នៅចិន ហើយតម្លៃនៃការដឹកជញ្ជូនមានការឡើងថ្លៃពេក ដូចនេះបានធ្វើឱ្យស្វាយស្រស់នាំចេញទៅអត់រួចបានធ្វើឱ្យធ្លាក់ថ្លៃ និងបានធ្វើឱ្យម្ចាស់ចម្ការ និងកសិករ ដាំដុះស្វាយ បានសម្រេចចិត្តបោះបង់របរនេះ និងខ្លះលែងចំណាយលើការថែទាំស្វាយទៀត ព្រោះខាតច្រើនកាលឆ្នាំមុន»។
លោកហ៊ុន ឡាក់ បានបន្ថែមថា បញ្ហានេះ បានធ្វើឱ្យការប្រមូលផលស្វាយឆ្នាំនេះ ពោលគឺចាប់ពីខែតុលា ឆ្នាំ២០២២មក ដល់ពេលនេះ មានការថយចុះ ស្របពេលដែលតម្រូវការ បានចាប់ផ្តើមងើបឡើងវិញ ដោយសារអ្នកបញ្ជាទិញបានចាប់ផ្តើមដាក់ការបញ្ជាឡើងវិញ តែងាកមកកម្ពុជា មានផលិតកម្មស្វាយតិចតួច។
លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញ នៃក្រុមហ៊ុនអង្គរហ្គ្រីន បានឱ្យដឹងដែរថា ស្វាយរដូវបានអស់ហើយ ចាប់តាំងពីខែឧសភាកន្លងមកនេះ ដោយសារក្រុមហ៊ុនរបស់លោក បាននាំចេញបានប្រមាណជិត១ពាន់តោនទៅកាន់ទីផ្សារថៃ តាមរយៈដៃគូជប៉ុន និងមាននាំចេញទៅវៀតណាមខ្លះដែរ។ ស្វាយរដូវនឹងចាប់ផ្តើមវិញនៅខែតុលាខាងមុខនេះ។
លោកបានបញ្ជាក់ថា៖«តាំងពីដើមរដូវ ពោលគឺចាប់ខែតុលា ឆ្នាំ២០២២ មកដល់ពេលនេះ ការដាំដុះស្វាយមានការធ្លាក់ចុះច្រើន ហើយកសិករដែលបន្តការដាំដុះវិញ ក៏បានទិន្នផលមិនសូវល្អថែមទៀត ទើបធ្វើឱ្យការផ្គត់ផ្គង់មានការធា្លក់ចុះខ្លាំង គឺថយប្រមាណ៥០ទៅ៧០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងការប្រមូលផលឆ្នាំមុន»។ ប៉ុន្តែ«តម្លៃស្វាយបានកើនឡើងមកវិញ ខណៈដែលតម្រូវការលើទីផ្សារនៅមានជាធម្មតា»។
លោកបានបន្ថែមថា ក្រៅពីទីផ្សារ ជប៉ុន ថៃ និងវៀតណាម ក្រុមហ៊ុនរបស់លោកកំពុងគិតនាំចេញទៅកាន់ទីផ្សារចិន ដោយគ្រោងនឹងធ្វើការនាំចេញជាផ្លូវការ។
លោក វណ្ណ ឫទ្ធី បានថ្លែងថា៖ «ថ្មីៗនេះ យើងបានផ្ញើស្វាយយើង១៥០គីឡូក្រាមទៅដាក់តាំងពិព័រណ៍នៅចិន ហើយឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនចិន។ឥឡូវក្រុមការងាររបស់យើងកំពុងស្ថិតនៅប្រទេសចិន ដើម្បីពិភាក្សាលើការនាំស្វាយចេញទៅចិនជាផ្លូវការដោយរំពឹងនឹងទទួលបានដំណឹងល្អឆាប់ៗនេះ»។
យោងតាមក្រសួងកសិកម្ម កាលពីឆ្នាំ២០២២ កម្ពុជានាំចេញស្វាយស្រស់ទៅកាន់ប្រទេសវៀតណាម បានជិត១០ម៉ឺនតោន និងទៅកាន់ប្រទេសថៃ បានជិត៤ម៉ឺនតោន។ក្រៅពី ប្រទេសទាំង២នេះ ប្រទេសចិន និងកូរ៉េ ក៏ជាទីផ្សារដ៏សំខាន់មួយដែរ សម្រាប់ស្វាយស្រស់ និងផលិតផលស្វាយកម្ពុជា៕