Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជានាំចេញ​ស្វាយ​ស្រស់​បាន​ជាង ​៨៨ ០០០​ តោន ក្នុង​រយៈពេល ​៥ ​ខែ ឆ្នាំ​ ២០២៣

Media LNN | Jul 06, 2023
កម្ពុជានាំចេញ​ស្វាយ​ស្រស់​បាន​ជាង ​៨៨ ០០០​ តោន ក្នុង​រយៈពេល ​៥ ​ខែ ឆ្នាំ​ ២០២៣
Clinic narith

ភ្នំពេញៈ ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី ​៥ ខែកក្កដាថា ក្នុង​រយៈពេល​ ៥ ​ខែ​ដើមឆ្នាំ​ ២០២៣​ នេះ ការនាំចេញ​ស្វាយ​ស្រស់​សម្រេចបាន​​ ៨៨ ៥០៩​ តោន​ ក្នុង​នោះបាន​នាំ​ចេញទៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ ៧៤ ៦៨១ ​តោន និង​នាំចេញ​ទៅ​ប្រទេស​ថៃ សម្រេចបាន ​១៣ ៨២៨ ​តោន​។​967aec83ef58ffa0e49454cf0734c788-98

​កញ្ញា អុឹម រចនា អ្នកនាំពាក្យ​ក្រសួងកសិកម្ម បាន​ថ្លែងថា ក្រៅពី​ការនាំចេញ​ស្វាយ​ស្រស់​ហើយ កម្ពុជា​ក៏បាន​នាំចេញ​តំណាប់​ស្វាយ​ទៅកាន់​ប្រទេស​ថៃ​ផងដែរ ដែលមាន​ចំនួន​ជាង​៣៨២​តោន ខណៈដែល​ផលិតផល​តំណាប់​ស្វាយ​នេះ​មិនបាន​នាំចេញទៅ​វៀតណាម​ទេ ក្នុងពេល​៥​ខែ​នេះ​មកនេះ​។

​កញ្ញា​បាន​បញ្ជាក់ថា​៖«​គិត​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ខែឧសភា ឆ្នាំ​២០២៣​នេះ កម្ពុជា​យើង​បាន​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​វៀតណាម ក្នុង​បរិមាណ​ជាង​៤៧៧ ៧៩១​តោន ខណៈដែល​នាំទៅ​ថៃ មាន​ចំនួន ១៣៨ ៣៣៧​តោន​»​។​

​លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូ​ពិ​ក​ខេ​ម បានឱ្យដឹងថា ទោះបី​ក្រុមហ៊ុន​មិនបាន​នាំចេញ​ស្វាយ​ស្រស់​​នៅ​ដើមឆ្នាំ​នេះ ប៉ុន្តែ​នាំចេញ​តំណាប់​ស្វាយ​វិញ​។

លោកថ្លែងថា តម្រូវការ​ស្វាយ​ពី​ក្រៅប្រទេស មានការ​កើនឡើង និង​មានតម្លៃ​ល្អ ប៉ុន្តែ​ផលិតកម្ម​ស្វាយ​នៅក្នុង​ស្រុក​បែរជា​មានកា​រ​ធ្លាក់ចុះ​ទៅវិញ ដោយសារ​អ្នក​ដាំ​ដុះ​ស្វាយ​ភាគច្រើន បាន​ផ្អាក ឬ​បោះបង់​អាជីព​នេះ​ចោល ក្រោយពី​ខាត​ច្រើន នៅ​អំឡុងពេល​វិបត្តិ​កូ​វី​១៩​កាលពី​ឆ្នាំមុនៗ​។

 

​លោក​បាន​ថ្លែងថា៖ «​ការបោះបង់ ការធ្វើ​ស្វាយ​របស់​កសិករ គឺ​ដោយសារ​ឆ្នាំ២០២២​កន្លងទៅ តម្លៃ​ស្វាយ​ចុះថោក និង​ដោយសារតែ​ការបិទ​ខ្ទប់​នៅ​ចិន ហើយ​តម្លៃ​នៃ​ការដឹកជញ្ជូន​មានការ​ឡើងថ្លៃ​ពេក ដូចនេះ​បានធ្វើឱ្យ​ស្វាយ​ស្រស់​នាំ​ចេញទៅ​អត់​រួច​បានធ្វើឱ្យ​ធ្លាក់​ថ្លៃ និង​បានធ្វើឱ្យ​ម្ចាស់​ចម្ការ និង​កសិករ ដាំ​ដុះ​ស្វាយ បានសម្រេច​ចិត្ត​បោះបង់​របរ​នេះ និង​ខ្លះ​លែង​ចំណាយ​លើ​ការថែទាំ​ស្វាយ​ទៀត ព្រោះ​ខាត​ច្រើន​កាល​ឆ្នាំមុន​»​។​

​លោក​ហ៊ុន ឡាក់ បាន​បន្ថែមថា ​បញ្ហា​នេះ បានធ្វើឱ្យ​ការប្រមូល​ផល​ស្វាយ​ឆ្នាំនេះ ពោលគឺ​ចាប់ពី​ខែតុលា ឆ្នាំ​២០២២​មក ដល់ពេលនេះ មានការ​ថយចុះ ស្រប​ពេលដែល​តម្រូវកា​រ បានចាប់ផ្តើម​ងើបឡើង​វិញ ដោយសារ​អ្នកបញ្ជា​ទិញ​បានចាប់ផ្តើម​ដាក់​ការបញ្ជា​ឡើងវិញ តែ​ងាកមក​កម្ពុជា មាន​ផលិតកម្ម​ស្វាយ​តិចតួច​។​

​លោក វណ្ណ ឫ​ទ្ធី នាយក​ប្រតិបត្តិ​នាយកដ្ឋាន​នាំចេញ នៃ​ក្រុមហ៊ុន​អង្គរ​ហ្គ្រី​ន បានឱ្យដឹង​ដែរ​ថា ​ស្វាយ​រដូវ​បាន​អស់ហើយ ចាប់តាំងពី​ខែឧសភា​កន្លងមកនេះ ដោយសារ​ក្រុមហ៊ុន​របស់លោក បាន​នាំចេញ​បាន​ប្រមាណ​ជិត​១​ពាន់​តោន​ទៅកាន់​ទីផ្សារ​ថៃ តាមរយៈ​ដៃគូ​ជប៉ុន និង​មាន​នាំ​ចេញទៅ​វៀតណាម​ខ្លះ​ដែរ​។ ស្វាយ​រដូវ​នឹង​ចាប់ផ្តើម​វិញ​នៅ​ខែតុលា​ខាងមុខនេះ​។

​ ​លោក​បាន​បញ្ជាក់ថា​៖«​តាំងពី​ដើមរដូវ ពោលគឺ​ចាប់​ខែតុលា ឆ្នាំ​២០២២ មកដល់ពេលនេះ ការដាំដុះ​ស្វាយ​មានការ​ធ្លាក់ចុះ​ច្រើន ហើយ​កសិករ​ដែល​បន្ត​ការដាំដុះ​វិញ ក៏បាន​ទិន្នផល​មិនសូវ​ល្អ​ថែមទៀត ទើប​ធ្វើឱ្យ​ការផ្គត់ផ្គង់​មានការ​ធា្ល​ក់​ចុះ​ខ្លាំង គឺ​ថយ​ប្រមាណ​៥០​ទៅ​៧០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុងការ​ប្រមូល​ផល​ឆ្នាំមុន​»​។​ ប៉ុន្តែ«តម្លៃ​ស្វាយបាន​កើនឡើង​មកវិញ ខណៈដែល​តម្រូវការ​លើ​ទីផ្សារ​នៅមាន​ជាធម្មតា​»។​

​លោក​បាន​បន្ថែមថា ក្រៅពី​ទីផ្សារ ជប៉ុន ថៃ និង​វៀតណាម ក្រុមហ៊ុន​របស់លោក​កំពុង​គិត​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន ដោយ​គ្រោង​នឹងធ្វើ​ការនាំចេញ​ជា​ផ្លូវការ​។​

​លោក វណ្ណ ឫ​ទ្ធី បាន​ថ្លែងថា៖ «​ថ្មីៗ​នេះ យើង​បាន​ផ្ញើ​ស្វាយ​យើង​១៥០​គីឡូក្រាម​ទៅ​ដាក់តាំង​ពិព័រណ៍​នៅ​ចិន ហើយ​ឃើញថា​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ប្រជាជន​ចិន​។​ឥឡូវ​ក្រុមការងារ​របស់​យើង​កំពុង​ស្ថិតនៅ​ប្រទេស​ចិន ដើម្បី​ពិភាក្សា​លើ​ការនាំ​ស្វាយ​ចេញទៅ​ចិន​ជា​ផ្លូវការ​ដោយ​រំពឹង​នឹង​ទទួលបាន​ដំណឹង​ល្អ​ឆាប់ៗ​នេះ​»​។​

​យោងតាម​ក្រសួងកសិកម្ម កាលពី​ឆ្នាំ​២០២២ កម្ពុជា​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ប្រទេស​វៀតណាម បាន​ជិត​១០​ម៉ឺន​តោន និង​ទៅកាន់​ប្រទេស​ថៃ បាន​ជិត​៤​ម៉ឺន​តោន​។​ក្រៅពី ប្រទេស​ទាំង២​នេះ ប្រទេស​ចិន និង​កូរ៉េ ក៏​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​ដែរ សម្រាប់​ស្វាយ​ស្រស់ និង​ផលិតផល​ស្វាយ​កម្ពុជា​៕