Alynana Media Cambodia
Icon Collap
clinic narit

កូរ៉េខាងត្បូង ​ស្នើ​ជប៉ុន ផ្អាក​​​ផែនការ​បញ្ចេញ​​ទឹក​​ពី​​​រោងចក្រនុយក្លេអ៊ែរ​

Media LNN | Jul 14, 2023
កូរ៉េខាងត្បូង ​ស្នើ​ជប៉ុន ផ្អាក​​​ផែនការ​បញ្ចេញ​​ទឹក​​ពី​​​រោងចក្រនុយក្លេអ៊ែរ​
Clinic narith

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​​​​ ដែល​មិនបាន​បង្ហាញ​ជំហរ​ជំទាស់​​ក្នុង​ពេល​មុន ទីបំផុត​​បាន​ស្នើ​ទៅ​​រដ្ឋាភិបាលជប៉ុន​​​ឱ្យ​​ផ្អាក​នូវ​ផែន​ការ​​​បញ្ចេញ​ទឹក​​​​​ចេញ​ពី​អាង​ប្រព្រឹត្តិកម្ម​​​​​ពីរោង​ចក្រ​នុយក្លេអ៊ែរ​ Fukushima ដែល​​ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) បាន​បើក​ភ្លើង​បៃ​តង​​ឱ្យ​បញ្ចេញ​ចូល​ទៅ​សមុទ្រ ប៉ុន្តែ​ប្រជាជន​​កូរ៉េ​ បក្ស​ប្រឆាំងកូរ៉េ​ ប្រជាជន​ចិន និង​កូរ៉េខាង​ជើង​ផង បាន​បង្ហាញ​ការ​ជំទាស់​ជាខ្លាំង។​

ការិយាល័យ​ប្រធានាធិបតី​បាន​និយាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យួន សុក​យ៉ូល (Yoon Suk-yeol) បានស្នើ​សុំឱ្យ​បញ្ជូន​អ្នកជំនាញ​កូរ៉េខាងត្បូង​ទៅ​ត្រួតពិនិត្យ​ការ​គ្រោង​ទុក​​នៃ​​ការបញ្ចេញ​ទឹក​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima ដែល​រងគ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមិ ក្នុង​អំឡុង​​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ពុធ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ក៏បាន​ស្នើ​សុំឱ្យ​បញ្ឈប់​ការហូរ​ទឹក​ចេញពី​រោងចក្រ​ដែល​ត្រូវបាន​បំផ្លាញ ប្រសិនបើ​កម្រិត​វិទ្យុសកម្ម​នៅតែ​លើសពី​ស្តង់ដារ​សុវត្ថិភាព ទោះបីជា​បន្ទាប់ពី​ចម្រោះ​ធាតុ​វិទ្យុសកម្ម​ចេញ​ក៏ដោយ។

លោក យួន​​ បានស្នើ​សុំឱ្យ​បញ្ជូន​អ្នកជំនាញ​កូរ៉េខាងត្បូង និង​ការចែករំលែក​ទិន្នន័យ​ត្រួតពិនិត្យ​តាម​ពេលវេលា​ជាក់ស្តែង ដើម្បី​ផ្ទៀងផ្ទាត់​ថា​តើ​ដំណើរការ​នេះ​ត្រូវបាន​អនុវត្តតាម​ការគ្រោងទុក​ដែរឬទេ។

​ផែន​ការ​នៃ​ការ​បញ្ចេញ​​ទឹក​ពី​អាង​​ប្រព្រឹត្តកម្ម​​នោះ​​គ្រោង​នឹង​អនុវត្ត​ឱ្យ​បានឆាប់​​​ក្នុង​ពេលប៉ុន្មាន​សប្តាហ៍​មុខ​នេះ​ បន្ទាប់​ពី​ លោក​ Rafael Grossi ប្រធានទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (IAEA) ​បានផ្តល់របាយការណ៍​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​ដល់​នាយករដ្ឋមន្ត្រី​ជប៉ុន​កាល​ពីសប្តាហ៍​មុន។

 

ប្រទេសចិន​ កូរ៉េខាងជើង និង​បក្ស​ប្រឆាំង​ក្នុង​ប្រទេសកូរ៉េ​ខាងត្បូង​សុទ្ធ​តែ​បាន​អះអាង​​ដូចៗ​គ្នា​ថា របាយ​ការណ៍​របស់​ IAEA មិន​គ្រប់ជ្រុង​ជ្រោយ ដោយសារ​មិនបាន​បញ្ចូល​​​ធាតុចូល​ពី​អ្នក​ជំនាញ​​​ ប៉ុន្តែ​​ លោក Rafael Grossi បាន​ការពារ​​ថា ផែន​ការ​បញ្ចេញ​របស់ជប៉ុន​គឺ​ស្រប​តាម​បច្ចេកទេស និង​សមស្រប៕