រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលមិនបានបង្ហាញជំហរជំទាស់ក្នុងពេលមុន ទីបំផុតបានស្នើទៅរដ្ឋាភិបាលជប៉ុនឱ្យផ្អាកនូវផែនការបញ្ចេញទឹកចេញពីអាងប្រព្រឹត្តិកម្មពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែល ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបើកភ្លើងបៃតងឱ្យបញ្ចេញចូលទៅសមុទ្រ ប៉ុន្តែប្រជាជនកូរ៉េ បក្សប្រឆាំងកូរ៉េ ប្រជាជនចិន និងកូរ៉េខាងជើងផង បានបង្ហាញការជំទាស់ជាខ្លាំង។
ការិយាល័យប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក យួន សុកយ៉ូល (Yoon Suk-yeol) បានស្នើសុំឱ្យបញ្ជូនអ្នកជំនាញកូរ៉េខាងត្បូងទៅត្រួតពិនិត្យការគ្រោងទុកនៃការបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលរងគ្រោះដោយរលកយក្សស៊ូណាមិ ក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃពុធជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida។
ប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានស្នើសុំឱ្យបញ្ឈប់ការហូរទឹកចេញពីរោងចក្រដែលត្រូវបានបំផ្លាញ ប្រសិនបើកម្រិតវិទ្យុសកម្មនៅតែលើសពីស្តង់ដារសុវត្ថិភាព ទោះបីជាបន្ទាប់ពីចម្រោះធាតុវិទ្យុសកម្មចេញក៏ដោយ។
លោក យួន បានស្នើសុំឱ្យបញ្ជូនអ្នកជំនាញកូរ៉េខាងត្បូង និងការចែករំលែកទិន្នន័យត្រួតពិនិត្យតាមពេលវេលាជាក់ស្តែង ដើម្បីផ្ទៀងផ្ទាត់ថាតើដំណើរការនេះត្រូវបានអនុវត្តតាមការគ្រោងទុកដែរឬទេ។
ផែនការនៃការបញ្ចេញទឹកពីអាងប្រព្រឹត្តកម្មនោះគ្រោងនឹងអនុវត្តឱ្យបានឆាប់ក្នុងពេលប៉ុន្មានសប្តាហ៍មុខនេះ បន្ទាប់ពី លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានផ្តល់របាយការណ៍នៃការវាយតម្លៃផលប៉ះពាល់ដល់នាយករដ្ឋមន្ត្រីជប៉ុនកាលពីសប្តាហ៍មុន។
ប្រទេសចិន កូរ៉េខាងជើង និងបក្សប្រឆាំងក្នុងប្រទេសកូរ៉េខាងត្បូងសុទ្ធតែបានអះអាងដូចៗគ្នាថា របាយការណ៍របស់ IAEA មិនគ្រប់ជ្រុងជ្រោយ ដោយសារមិនបានបញ្ចូលធាតុចូលពីអ្នកជំនាញ ប៉ុន្តែ លោក Rafael Grossi បានការពារថា ផែនការបញ្ចេញរបស់ជប៉ុនគឺស្របតាមបច្ចេកទេស និងសមស្រប៕