ភ្នំពេញៈ អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ទោះបីកម្ពុជារៀបចំការបោះឆ្នោតជាតិក្នុងខែនេះក៏ដោយ ក៏ចំនួនជើងហោះហើរនៅតែកើនឡើង និងគ្មានការលុបចោលជើងហោះហើរឡើយ។
កម្ពុជារៀបចំការបោះឆ្នោតជាតិនីតិកាលទី៧ នៅថ្ងៃទី ២៣ ខែកក្កដា ដោយមានគណបក្សនយោបាយចំនួន ១៨ ខណៈមានអ្នកចុះឈ្មោះបោះឆ្នោតមានជាង ៩,៧ លាននាក់។
លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែកក្កដាថា គិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ កម្ពុជាកំពុងរៀបចំការបោះឆ្នោតជាតិលើកទី ៧ ចំនួនជើងហោះហើរនៅព្រលានយន្តហោះអន្តរជាតិទាំង ៣ គឺភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ បានកើនឡើងជាបន្តបន្ទាប់។
លោកបន្ថែមថា ចាប់ពីដើមខែកក្កដា ដល់សប្ដាហ៍ទី២ ខែកក្កដា ជើងហោះហើរនៅព្រលានយន្តហោះអន្តរជាតិទាំង ៣ ទទួលបាន ៨៥០ ក្នុង ១ សប្តាហ៍ ហើយចំនួននេះកើនដល់ ៨៧៨ ជើងក្នុង ១ សប្តាហ៍ចាប់ពីសប្តាហ៍ទី ៣ និងទី ៤ នៃខែកក្កដា។
លោកថ្លែងថា៖ «បើផ្អែកលើទិន្នន័យដែលខ្ញុំទទួលបានពីក្រុមហ៊ុនអាកាសចរណ៍ដែលដាក់ជូនពួកយើង គឺខ្ញុំមិនឃើញជើងហោះហើរណាមួយត្រូវបានលុបចោល ដោយសារក្តីបារម្ភពីការបោះឆ្នោតជាតិនោះទេ។ ផ្ទុយទៅវិញ យើងទទួលបានការកើនឡើង ២៧ ជើងហោះហើរក្នុង ១ សប្ដាហ៍ ចាប់ពីសប្ដាហ៍ទី ៣ និងសប្ដាហ៍ទី ៤ ខែកក្កដា»។
លោកលើកឡើងថា៖ «ខ្ញុំអាចនិយាយបានថា ស្ថានការណ៍បោះឆ្នោតមិនប៉ះពាល់ដល់ចំនួនភ្ញៀវតាមផ្លូវអាកាសចូលនិងចេញពីព្រលានយន្តហោះអន្តរជាតិទាំង ៣ របស់យើងទេ។ ដូច្នេះយើងនៅតែទទួលបានកំណើនចំនួនជើងហោះហើរជារៀងរាល់សប្តាហ៍ និងជារៀងរាល់ខែ ទោះបីជាការកើនឡើងនេះមិនត្រូវតាមការរំពឹងទុករបស់យើងក៏ដោយ»។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ចំនួនភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់តាំងពីចុងឆ្នាំមុន ប៉ុន្តែវានៅតែទាបបើធៀបមុនពេលមានការរីករាលដាលជំងឺកូវីដ ១៩។ លោកបានសង្កេតឃើញថា បើទោះកម្ពុជាកំពុងរៀបចំការបោះឆ្នោតជាតិប៉ុន្តែចំនួនភ្ញៀវទេសចរបរទេសនៅតែមកកម្ពុជាដដែល។
លោកបញ្ជាក់ថា៖ «អ្នកអាចមើលឃើញថាចំនួនភ្ញៀវទេសចរនៅតែមកទស្សនាប្រទេសយើង ទោះបីពួកគេដឹងថាយើងកំពុងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំនេះក៏ដោយ។ ភ្ញៀវទេសចរបរទេសមួយចំនួនដែលចូលមកក្នុងពេលបោះឆ្នោត ទទួលបានបទពិសោធន៍ជាមួយយើង ខណៈអ្នកផ្សេងទៀតមិនបារម្ភអ្វីឡើយ»។
យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានស្វាគមន៍ភ្ញៀវបរទេសចំនួន ២ ១៦៣ ៧៨២ នាក់ក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ កើនជាង ៣៣៣ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំមុនដែលមាន ៣៤៣ ៤៦៤ នាក់។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចូលមកតាមផ្លូវអាកាសមានចំនួន ៧៨០ ៧៩៥ នាក់ កើនឡើង ៣២៧,៨ ភាគរយ។
យោងតាមតួលេខភ្ញៀវទេសចរបរទេសឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានចំនួន ៥៧២ ៤៧២ នាក់ កើន ២៦៤ ភាគរយ, ព្រលានយន្តហោះអន្តរជាតិសៀមរាប ២០១ ៤៩០ កើន ៨៩៣,៦ ភាគរយ និងព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ៦ ៨៣៣ នាក់កើនឡើងជាង ៣៧ ភាគរយ៕