Alynana Media Cambodia
Icon Collap
clinic narit

ចំនួន​ជើងហោះហើរ​នៅតែ​កើនឡើង បើទោះបី​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ​

Media LNN | Jul 25, 2023
ចំនួន​ជើងហោះហើរ​នៅតែ​កើនឡើង បើទោះបី​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ​
Clinic narith

ភ្នំពេញៈ អ្នកនាំពាក្យ​នៃ​រដ្ឋលេខា​ធិ​ការដ្ឋាន​អាកាសចរ​ស៊ីវិល បានឱ្យដឹងថា ទោះបី​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ​ក្នុង​ខែ​នេះ​ក៏ដោយ ក៏​ចំនួន​ជើង​ហោះហើរ​នៅតែ​កើនឡើង និង​គ្មាន​ការ​លុបចោល​ជើងហោះហើរ​ឡើយ​។​

​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ​នីតិ​កាល​ទី​៧ នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ដោយមាន​គណបក្សនយោបាយ​ចំនួន ១៨ ខណៈ​មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​មាន​ជាង ៩,៧​ លាន​នាក់​។​

​លោក ស៊ីន ចាន់​សិរី​វុត្ថា អ្នក​នាំ​ពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ (SSCA) បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៤ ខែកក្កដា​ថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​ ២០២៣ កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ​លើក​ទី​ ៧ ចំនួន​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង ​៣ គឺ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ បាន​កើន​ឡើងជា​បន្តបន្ទាប់​។​

​លោក​បន្ថែមថា ចាប់ពី​ដើមខែ​កក្កដា ដល់​សប្ដាហ៍​ទី​២ ខែកក្កដា ជើង​ហោះ​ហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣ ទទួលបាន ៨៥០ ​ក្នុង ​១ សប្តាហ៍ ហើយ​ចំនួន​នេះ​កើន​ដល់ ៨៧៨​ ជើង​ក្នុង​ ១ ​សប្តាហ៍​ចាប់ពី​សប្តាហ៍​ទី ​៣ និង​ទី ​៤ នៃ​ខែកក្កដា​។​

​លោក​ថ្លែងថា​៖ «​បើ​ផ្អែកលើ​ទិន្នន័យ​ដែល​ខ្ញុំ​ទទួលបាន​ពី​ក្រុមហ៊ុន​អាកាស​​ចរណ៍​ដែល​ដាក់ជូន​ពួកយើង គឺ​ខ្ញុំ​មិនឃើញ​ជើងហោះហើរ​ណាមួយ​ត្រូវបាន​លុបចោល ដោយសារ​ក្តីបារម្ភ​ពី​ការបោះ​ឆ្នោតជាតិ​នោះទេ​។ ផ្ទុយទៅវិញ យើង​ទទួល​បានការ​កើន​ឡើង ២៧​ ជើងហោះហើរ​ក្នុង ​១ ​សប្ដាហ៍ ចាប់ពី​សប្ដាហ៍​ទី ​៣ និង​សប្ដាហ៍​ទី​ ៤ ខែកក្កដា​»​។​

 

​លោក​លើកឡើងថា​៖ «​ខ្ញុំ​អាច​និយាយបានថា ស្ថានការណ៍​បោះឆ្នោត​មិន​ប៉ះពាល់​ដល់​ចំ​​នួន​ភ្ញៀវ​តាមផ្លូវ​អាកាស​ចូល​និង​ចេញពី​ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​ ៣​ របស់​យើង​ទេ​។ ដូច្នេះ​យើង​នៅតែ​ទទួល​បាន​កំណើន​ចំនួន​ជើង​ហោះ​ហើរ​ជា​រៀងរាល់​សប្តាហ៍ និង​ជា​រៀងរាល់ខែ ទោះបី​ជាការ​កើន​ឡើង​នេះ​មិនត្រូវ​តាម​ការរំពឹង​ទុក​របស់​យើង​ក៏ដោយ​»​។​

​លោក ធួន ស៊ីណាន ប្រធាន​​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​កម្ពុជា បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ចំនួន​ភ្ញៀវទេសចរ​បាន​កើន​ឡើងជា​បន្តបន្ទាប់​តាំងពី​ចុងឆ្នាំ​មុន ប៉ុន្តែ​វា​នៅតែ​ទាប​បើ​ធៀប​មុនពេល​មានការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩​។ លោក​បាន​សង្កេតឃើញថា បើ​ទោះ​កម្ពុជា​កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ​ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​បរទេស​នៅតែ​មក​កម្ពុជា​ដដែល​។​

​លោក​បញ្ជាក់ថា​៖ «​អ្នក​អាច​មើលឃើញថា​ចំនួន​ភ្ញៀវ​ទេស​​ចរ​នៅតែ​មក​ទស្សនា​ប្រទេស​យើង ទោះបី​ពួកគេ​ដឹងថា​យើង​កំពុង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ឆ្នាំនេះ​ក៏ដោយ​។ ភ្ញៀវ​ទេស​ចរ​បរទេស​មួយចំនួន​ដែល​ចូលមក​ក្នុងពេល​បោះឆ្នោត ទទួល​បាន​បទពិសោធន៍​ជាមួយ​យើង ខណៈ​អ្នក​ផ្សេងទៀត​មិន​បារម្ភ​អ្វី​ឡើយ​»​។​

​យោងតាម​ក្រសួង​ទេសចរ​ណ៍ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​បរទេស​ចំនួន​ ២ ១៦៣ ៧៨២ ​នាក់​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំនេះ កើន​ជាង ៣៣៣​ ភាគ​រយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​មុន​ដែលមាន ៣៤៣ ៤៦៤ ​នាក់​។ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​តាមផ្លូវ​អាកាស​មាន​ចំនួន ៧៨០ ៧៩៥​ នាក់ កើន​ឡើង ៣២៧,៨​ ភាគរយ​។​

​យោងតាម​តួលេខ​ភ្ញៀវ​ទេស​​ចរ​បរទេស​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន ៥៧២ ៤៧២​ នាក់ កើន ២៦៤​ ភាគរយ​, ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ២០១ ៤៩០ កើន ៨៩៣,៦​ ភាគរយ និង​ព្រលានយន្តហោះ​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សី​​ហ​នុ ៦ ៨៣៣​ នាក់​កើនឡើង​ជាង ៣៧​ ភាគរយ​៕