នៅឆមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញ ១៣៩ ២២០តោននៃកៅស៊ូទៅក្រៅប្រទេស កើនឡើង២,៧២ភាគរយ បើធៀបនឹងឆមាសទីមួយឆ្នាំ២០២២ ដែលកាលនោះកម្ពុជាបាននាំចេញចំនួន១៣៥ ៥៣៧ តោន។ ចំនួននេះបើគិតជាទឹកប្រាក់វិញគឺកម្ពុជារកចំណូលបាន ១៨៧ លានដុល្លារអាម៉េរិកពីការនាំចេញកៅស៊ូ ដែលជាចំណូលធ្លាក់ចុះអស់១៣,៥ភាគរយ ពីទឹកប្រាក់ ២១៦,៣លានដុល្លារដែលធ្លាប់រកបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម។
បើតាមរបាយការណ៍ដដែល ការធ្លាក់ចុះចំណូលបែបនេះគឺដោយសារតែតម្លៃកៅស៊ូមានការធ្លាក់ចុះ។ ជាក់ស្តែង សម្រាប់ កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម១៣៤៤ដុល្លារអាម៉េរិក ក្នុងឆមាសទី១ឆ្នាំ២០២៣ ធ្លាក់ចុះអស់ប្រហែល ២៥២ដុល្លារ ពីតម្លៃកៅស៊ូនៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដូចធ្លាប់បានអះអាងកន្លងមក បញ្ហាដែលធ្វើឱ្យតម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិធ្លាក់ចុះនាពេលនេះ គឺមានដូចជា តម្រូវការមិនសមមាត្រនឹងការផ្គត់ផ្គង់ ក្ដីបារម្ភពីអតិផរណា ការដំឡើងអត្រាការប្រាក់គោល សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងផលប៉ះពាល់ដែលបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយ។
សូមជម្រាបថា ទីផ្សារនាំចេញកៅស៊ូរបស់កម្ពុជារួមមាន ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងប្រទេសចិន។ មកទល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះកៅស៊ូលើផ្ទៃដី ៣១៥ ៣៣២ ហិកតា ឬស្មើនឹង៧៨ភាគរយនៃផ្ទៃដីដាំដុះសរុប មានអាយុកាលល្មមអាចប្រមូលផលបាន៕