Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជារកចំណូលបាន១៨៧លានដុល្លារពីការនាំចេញកៅស៊ូក្នុងឆមាសទី១ឆ្នាំ២០២៣

Media LNN | Jul 27, 2023
កម្ពុជារកចំណូលបាន១៨៧លានដុល្លារពីការនាំចេញកៅស៊ូក្នុងឆមាសទី១ឆ្នាំ២០២៣
Clinic narith

នៅឆមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញ ១៣៩ ២២០តោននៃកៅស៊ូទៅក្រៅប្រទេស កើនឡើង២,៧២ភាគរយ បើធៀបនឹងឆមាសទីមួយឆ្នាំ២០២២ ដែលកាលនោះកម្ពុជាបាននាំចេញចំនួន១៣៥ ៥៣៧ តោន។ ចំនួននេះបើគិតជាទឹកប្រាក់វិញគឺកម្ពុជារកចំណូលបាន ១៨៧ លានដុល្លារអាម៉េរិកពីការនាំចេញកៅស៊ូ ដែលជាចំណូលធ្លាក់ចុះអស់១៣,៥ភាគរយ ពីទឹកប្រាក់ ២១៦,៣លានដុល្លារដែលធ្លាប់រកបានក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម។

បើតាមរបាយការណ៍ដដែល ការធ្លាក់ចុះចំណូលបែបនេះគឺដោយសារតែតម្លៃកៅស៊ូមានការធ្លាក់ចុះ។ ជាក់ស្តែង សម្រាប់ ​ កៅស៊ូស្ងួតមួយតោនមានតម្លៃជាមធ្យម១៣៤៤ដុល្លារអាម៉េរិក ក្នុងឆមាសទី១ឆ្នាំ២០២៣ ធ្លាក់ចុះអស់ប្រហែល ២៥២ដុល្លារ ពីតម្លៃកៅស៊ូនៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដូចធ្លាប់បានអះអាងកន្លងមក បញ្ហា​ដែល​ធ្វើឱ្យ​តម្លៃ​កៅស៊ូ​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​នាពេលនេះ គឺមាន​ដូចជា តម្រូវ​ការមិន​សម​មា​ត្រ​នឹង​ការ​ផ្គត់ផ្គង់ ក្ដីបារម្ភ​ពី​អតិផរណា ការដំឡើង​អត្រា​ការប្រាក់គោល សង្គ្រាម​រវាង​រុស្ស៊ីនិង​អ៊ុយ​ក្រែ​ន និង​ផលប៉ះពាល់​ដែល​បណ្តាលមកពី​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​។​

សូមជម្រាបថា ទីផ្សារនាំចេញកៅស៊ូរបស់កម្ពុជារួមមាន ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងប្រទេសចិន។ មកទល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៤ ៥៧៨ ហិកតា ក្នុងនោះកៅស៊ូលើផ្ទៃដី ៣១៥ ៣៣២ ហិកតា ឬស្មើនឹង៧៨ភាគរយនៃផ្ទៃដីដាំដុះសរុប មានអាយុកាលល្មមអាចប្រមូលផលបាន៕