(ភ្នំពេញ)៖ បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២ភាគរយហេីយ។ នេះបើតាមការបង្ហោះរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
ជាមួយគ្នានោះដែរ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ អភិបាលរាជធានីភ្នំពេញ នឹងអញ្ជេីញចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រារព្ធភ្ជាប់ស្ពានបេតុងខ្សែកាបនេះ។ តាមផែនការ ស្ពានខ្សែកាបនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះ។
ស្ពានបេតុងខ្សែកាបនេះ ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ និងគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១ ៦០៦ ៣៥៣ ដុល្លាអាមេរិក៕