Alynana Media Cambodia
Icon Collap
clinic narit

រយៈពេល ​៥ ​ឆ្នាំមកនេះ ក្រសួង​ការងារ បណ្តុះបណ្តាល​កម្មករ​ជំនាញ​ បាន​ជាង ​២៧​ ម៉ឺន​នាក់​

Admin Alynana | Sep 20, 2023
រយៈពេល ​៥ ​ឆ្នាំមកនេះ ក្រសួង​ការងារ បណ្តុះបណ្តាល​កម្មករ​ជំនាញ​ បាន​ជាង ​២៧​ ម៉ឺន​នាក់​
Clinic narith

ភ្នំពេញៈ ​របាយការណ៍​ក្នុង​រយៈពេល ​៥​ ឆ្នាំ រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បណ្តុះបណ្តាល​កម្លាំង​ជំនាញ​វិជ្ជាជីវៈ​បាន​ជាង ​២៧​ ម៉ឺន​នាក់​ ដើម្បី​ចាក់​បញ្ចូល​ក្នុង​តម្រូវការ​ទីផ្សារ​ដ៏​ទូលំទូលាយ​។​

​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានបង្ហាញ​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា បាន​លើកឡើងថា កម្លាំង​ពលកម្ម​ជំនាញ ដែល​បានបញ្ចប់​ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​យ៉ាងតិច​ឬ​ស្មើ​កម្រិត​វិញ្ញាបនបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​រយៈពេល​ខ្លី មាន​ចំនួន ២៧ ម៉ឺន​នាក់ ក្នុង​ចន្លោះ​ឆ្នាំ​២០១៨-២០២២​។​

​ក្រសួង​បាន​បន្តថា សម្រាប់​ឆ្នាំ​២០២២ កម្លាំង​ពលកម្ម​ជំនាញ​ដែល​បានបញ្ចប់​ការអប់រំ និង​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ មាន​ប្រុស​ចំនួន ៥៣ ៧២៣ នាក់ ក្នុងនោះ​មានការ​កើនឡើង ៥,៩៨ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១ មាន​ចំនួន ៥០ ៦៩០ នាក់​។

​ដោយឡែក​ចំនួន​សិស្សស្រី​វិញ មាន​ចំនួន ១៩ ៩៤៩ នាក់ ក្នុងនោះ​មានការ​ថយចុះ ៩,១២ ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២១ មាន​ចំនួន ២១ ៩៥២ នាក់​។​
​សូមបញ្ជាក់ថា ការបង្ហាញ​របាយការណ៍​នេះ គឺ​ស្រប​ពេលដែល​រដ្ឋាភិបាល​ដាក់​ផែនការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​១​លាន​៥​សែន​នាក់ ដែល​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រងគ្រោះ​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​អាណត្តិ​ទី​៧​នេះ​។​

​លោក កត្តា អ៊​ន អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ថា កម្មករ​ជំនាញ​ជាង​២៧​ម៉ឺន​នាក់​នោះ ក្រសួង​បាន​បណ្តុះបណ្តាល​លើ​ជំនាញ​រួមមាន សំណង់ អគ្គិសនី មេកា​និក​រថយន្ត អេឡិចត្រូនិក បរិក្ខារ​ត្រជាក់​និង​កម្តៅ កម្មន្តសាល និង​ធុរកិច្ច ឬ​ព័ត៌មានវិទ្យា​ជាដើម​។​

 

​លោក​បាន​បញ្ជាក់ថា​៖«​ក្រសួង​បាន​បណ្តុះបណ្តាល​សិស្ស និស្សិត និង​កម្មករ​គ្រប់​វិស័យ​ដែល​បាន​ចុះឈ្មោះ​ចូលរៀន​។​ការបណ្ដុះបណ្ដាល​នេះ ក្រសួង​ការងារ និង​ប​ណ្តះ​បណ្តាល​វិជ្ជាជីវៈ​បានរៀបចំ​ចំនួន ៥​កម្រិត​បណ្តុះបណ្តាល​ចាប់ពី​ថ្នាក់​បច្ចេកទេស​កម្រិត​ក​ម្មករ​ជំនាញ​រហូតដល់​ថ្នាក់បណ្ឌិត​។ ជំនាញ​រយ​:​ពេល​ខ្លី​មាន​រយៈពេល​ពី ៣-៤​ខែ​»​។​

​ចំណែក ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ បាន​ទទួលស្គាល់ថា កម្ពុជា​នៅមាន​ការខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ បើទោះបីជា​រយៈពេល​ជាង​២០​ឆ្នាំ​មកនេះ កម្លាំង​ពលកម្ម​ជំនាញ​នៅតែមាន​ទាប​នៅឡើយ សូម្បីតែ​ជំនាញ​ផ្នែក​បច្ចេកទេស និង​ជំនាញ​ផ្នែក​គ្រប់គ្រង កម្ពុជា​នៅតែមាន​តិចតួច​ទេ​។​

​លោក​ថា ៖ «​យើង​មើល​ជាក់ស្តែង​អ្នកគ្រប់គ្រង​ពេលបច្ចុប្បន្ន​ហ្នឹង ដូចជា​នៅ​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន និង​ក្រុមហ៊ុន​ជាច្រើន ជនជាតិខ្មែរ​យើង​មាន​មិន​ដល់​៥០​ភាគរយ​ផង ខណៈដែល​តាមច្បាប់​ជនបរទេស​អាចមក​ក្នុង​រយៈពេល​ខ្លី​ទេ ប៉ុន្តែ​ដោយសារ​ខ្មែរ​មិនអាច​ចាប់យក​ការងារ​នេះ​បាន វា​ជា​បញ្ហា​ប្រឈម​មួយ​»​។​

​បើតាម​ក្រសួង​ការងារ ចំនួន​សិស្ស​បញ្ចប់​ការបណ្តុះបណ្តាល កម្រិត​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​កម្រិត ១ កម្រិត​២ និង​កម្រិត​៣ ក្នុង​ឆ្នាំ​២០២២ មាន​ចំនួន ១៦ ៧១៩ នាក់ ក្នុងនោះ​មាន​កើនឡើង ៦,៦៦ ភាគរយ​បើ​ប្រៀប​នឹង​រយៈពេល​ឆ្នាំ​២០២១ ដែលមាន​ចំនួន ១៥ ៦៧៤ នាក់​។

​ទន្ទឹមនឹងនេះ ចំនួន​សិស្ស​បញ្ចប់​ការបណ្តុះបណ្តាល​កម្រិត​ចាប់ពី​សញ្ញាបត្រ​ជាន់ខ្ពស់​បរិញ្ញាបត្ររង​បច្ចេកទេស ឬ​ឯកទេស ក្នុង​ឆ្នាំ​២០២២ មាន​ចំនួន ១២ ២៦៩ នាក់ ក្នុងនោះ​មានការ​កើនឡើង ២៤,៨២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០២១ មាន​ចំនួន ៩ ៨២៩ នាក់​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​បានដាក់​ចេញ​គោលនយោបាយ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​កម្មករនិយោជិត​ឱ្យបាន​ចំនួន ១​លាន ៥​សែន​នាក់ ដើម្បី​អភិវឌ្ឍ​ចំណេះ​ជំនាញ​ពួកគាត់​ឱ្យ​កាន់​តែមាន​កម្រិត​ខ្ពស់​ថែមទៀត ដែល​ពួកគាត់​អាច​ចូលរៀន​វេន​ព្រឹក យប់ និង​ចុង​សប្តាហ៍​ដោយ​មិន​បង់ប្រាក់ ហើយ​អ្នកក្រីក្រ​មាន​ប្រាក់ឧបត្ថម្ភ​ថែមទៀត​៕