ភ្នំពេញៈ របាយការណ៍ក្នុងរយៈពេល ៥ ឆ្នាំ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង ២៧ ម៉ឺននាក់ ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។
របាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញកាលពីថ្ងៃទី១៨ ខែកញ្ញា បានលើកឡើងថា កម្លាំងពលកម្មជំនាញ ដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈយ៉ាងតិចឬស្មើកម្រិតវិញ្ញាបនបត្របច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លី មានចំនួន ២៧ ម៉ឺននាក់ ក្នុងចន្លោះឆ្នាំ២០១៨-២០២២។
ក្រសួងបានបន្តថា សម្រាប់ឆ្នាំ២០២២ កម្លាំងពលកម្មជំនាញដែលបានបញ្ចប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មានប្រុសចំនួន ៥៣ ៧២៣ នាក់ ក្នុងនោះមានការកើនឡើង ៥,៩៨ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ៥០ ៦៩០ នាក់។
ដោយឡែកចំនួនសិស្សស្រីវិញ មានចំនួន ១៩ ៩៤៩ នាក់ ក្នុងនោះមានការថយចុះ ៩,១២ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ មានចំនួន ២១ ៩៥២ នាក់។
សូមបញ្ជាក់ថា ការបង្ហាញរបាយការណ៍នេះ គឺស្របពេលដែលរដ្ឋាភិបាលដាក់ផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជាក្នុងអាណត្តិទី៧នេះ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញាថា កម្មករជំនាញជាង២៧ម៉ឺននាក់នោះ ក្រសួងបានបណ្តុះបណ្តាលលើជំនាញរួមមាន សំណង់ អគ្គិសនី មេកានិករថយន្ត អេឡិចត្រូនិក បរិក្ខារត្រជាក់និងកម្តៅ កម្មន្តសាល និងធុរកិច្ច ឬព័ត៌មានវិទ្យាជាដើម។
លោកបានបញ្ជាក់ថា៖«ក្រសួងបានបណ្តុះបណ្តាលសិស្ស និស្សិត និងកម្មករគ្រប់វិស័យដែលបានចុះឈ្មោះចូលរៀន។ការបណ្ដុះបណ្ដាលនេះ ក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈបានរៀបចំចំនួន ៥កម្រិតបណ្តុះបណ្តាលចាប់ពីថ្នាក់បច្ចេកទេសកម្រិតកម្មករជំនាញរហូតដល់ថ្នាក់បណ្ឌិត។ ជំនាញរយ:ពេលខ្លីមានរយៈពេលពី ៣-៤ខែ»។
ចំណែក ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ បានទទួលស្គាល់ថា កម្ពុជានៅមានការខ្វះខាតកម្លាំងពលកម្មជំនាញ បើទោះបីជារយៈពេលជាង២០ឆ្នាំមកនេះ កម្លាំងពលកម្មជំនាញនៅតែមានទាបនៅឡើយ សូម្បីតែជំនាញផ្នែកបច្ចេកទេស និងជំនាញផ្នែកគ្រប់គ្រង កម្ពុជានៅតែមានតិចតួចទេ។
លោកថា ៖ «យើងមើលជាក់ស្តែងអ្នកគ្រប់គ្រងពេលបច្ចុប្បន្នហ្នឹង ដូចជានៅរោងចក្រសហគ្រាសគ្រឹះស្ថាន និងក្រុមហ៊ុនជាច្រើន ជនជាតិខ្មែរយើងមានមិនដល់៥០ភាគរយផង ខណៈដែលតាមច្បាប់ជនបរទេសអាចមកក្នុងរយៈពេលខ្លីទេ ប៉ុន្តែដោយសារខ្មែរមិនអាចចាប់យកការងារនេះបាន វាជាបញ្ហាប្រឈមមួយ»។
បើតាមក្រសួងការងារ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាល កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ១ កម្រិត២ និងកម្រិត៣ ក្នុងឆ្នាំ២០២២ មានចំនួន ១៦ ៧១៩ នាក់ ក្នុងនោះមានកើនឡើង ៦,៦៦ ភាគរយបើប្រៀបនឹងរយៈពេលឆ្នាំ២០២១ ដែលមានចំនួន ១៥ ៦៧៤ នាក់។
ទន្ទឹមនឹងនេះ ចំនួនសិស្សបញ្ចប់ការបណ្តុះបណ្តាលកម្រិតចាប់ពីសញ្ញាបត្រជាន់ខ្ពស់បរិញ្ញាបត្ររងបច្ចេកទេស ឬឯកទេស ក្នុងឆ្នាំ២០២២ មានចំនួន ១២ ២៦៩ នាក់ ក្នុងនោះមានការកើនឡើង ២៤,៨២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២១ មានចំនួន ៩ ៨២៩ នាក់។
សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញគោលនយោបាយបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់កម្មករនិយោជិតឱ្យបានចំនួន ១លាន ៥សែននាក់ ដើម្បីអភិវឌ្ឍចំណេះជំនាញពួកគាត់ឱ្យកាន់តែមានកម្រិតខ្ពស់ថែមទៀត ដែលពួកគាត់អាចចូលរៀនវេនព្រឹក យប់ និងចុងសប្តាហ៍ដោយមិនបង់ប្រាក់ ហើយអ្នកក្រីក្រមានប្រាក់ឧបត្ថម្ភថែមទៀត៕