មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមកពីសហភាពអឺរ៉ុបចំនួន ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅប្រទេសកម្ពុជា។
ចំនួននេះតិចតួច បើប្រៀបធៀបវត្តមានក្រុមហ៊ុនអឺរ៉ុបដែលកំពុងវិនិយោគនៅប្រទេសជិតខាងកម្ពុជាមានដូចជាវៀតណាម ថៃ និងម៉ាឡេស៊ី។
លោក តាស៊ីឡូ ប្រីនហ្ស័រ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះថា កង្វះធនធានមនុស្សជំនាញជាបញ្ហាប្រឈមមួយ ដែលធ្វើឲ្យក្រុមហ៊ុនមកពីអឺរ៉ុបពិបាកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។
បើប្រៀបធៀបប្រទេសជិតខាងកម្ពុជាមានវៀតណាម ថៃ និងម៉ាឡេស៊ី មានក្រុមហ៊ុនអឺរ៉ុបជាច្រើនកំពុងមានវត្តមាននៅទីនោះ។ លោក តាស៊ីឡូ ប្រីនហ្ស័រ លើកឡើងគ្រាន់តែនៅប្រទេសវៀតណាមមានក្រុមហ៊ុនរបស់អាល្លឺម៉ង់ជាង ៨០ ក្រុមហ៊ុនកំពុងវិនិយោគផ្នែកផលិតកម្ម ដោយនេះមិនរួមបញ្ចូលក្រុមហ៊ុនមកពីប្រទេសអឺរ៉ុបផ្សេងទៀត។
លោកបន្តថា ក្រុមហ៊ុនសហភាពអឺរ៉ុបជាង ២៥០ ក្រុមហ៊ុន ដែលកំពុងវិនិយោគនៅកម្ពុជាមានដូចជាផ្នែកព្រលានយន្តហោះនិងសេវាកម្មផ្សេងៗ។
គួរបញ្ជាក់ថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham Cambodia) នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា រយៈពេលពីរថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា និងទាក់ទាញវិនិយោគិនអឺរ៉ុបមកដាក់ទុនវិនិយោគនៅកម្ពុជា។
វេទិកានេះនឹងមានពាណិជ្ជករដែលមកពីសហភាពអឺរ៉ុប វិនិយោគិនអឺរ៉ុបដែលកំពុងវិនិយោគ នៅប្រទេសជិតខាងកម្ពុជា តំណាងប្រទេសក្នុងតំបន់អាស៊ាន មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសង្គមស៊ីវិល រួមនឹងពាណិជ្ជក្នុងស្រុកប្រមាណជាង ២០០ នាក់នឹងចូលរួមកិច្ចប្រជុំកំពូលនេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងចេញផ្សាយឯកសារសំខាន់ចំនួន ២ ដែលលើកឡើងពីបរិយាកាសវិនិយោគនៅកម្ពជា គឺសៀវភៅ «ស» ឆ្នាំ២០២៤ និងឯកសារស្ទង់មតិទំនុកចិត្ដធុរកិច្ចឆ្នាំ ២០២៣ ដែលជាការស្ទង់មតិលម្អិតមួយ ដោយអនុញ្ញាតឱ្យអ្នកដឹកនាំធុរកិច្ចនៅក្នុងប្រទេសកម្ពុជា អាចធ្វើការពិពណ៌នាយ៉ាងច្បាស់លាស់ អំពីបរិយាកាសសម្រាប់ការធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា។
បើតាមលោក តាស៊ីឡូ ប្រីនហ្ស័រ ប្រធានសភាពពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា វេទិកានេះនឹងចូលរួមជួយផ្សព្វផ្សាយពីសក្ដានុពលប្រទេសកម្ពុជា ក៏ជាជម្រើសមួយសម្រាប់ការបណ្ដាក់ទុនវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍៕