Alynana Media Cambodia
Icon Collap
clinic narit

មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​៖ ​មាន​ក្រុមហ៊ុន​មក​ពី​សហភាព​​អឺរ៉ុប​ជាង ២៥០ ក្រុមហ៊ុន កំពុង​វិនិយោគ​នៅកម្ពុជា

Admin Alynana | Sep 26, 2023
មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​៖ ​មាន​ក្រុមហ៊ុន​មក​ពី​សហភាព​​អឺរ៉ុប​ជាង ២៥០ ក្រុមហ៊ុន កំពុង​វិនិយោគ​នៅកម្ពុជា
Clinic narith

មន្រ្តី​ជាន់ខ្ពស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​មកពី​សហភាព​អឺរ៉ុប​ចំនួន​ ២៥០ ក្រុមហ៊ុន កំពុង​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

ចំនួន​នេះ​តិច​តួច បើ​ប្រៀបធៀបវត្តមានក្រុមហ៊ុនអឺរ៉ុប​ដែលកំពុង​វិនិយោគ​នៅ​​ប្រទេស​ជិត​ខាង​កម្ពុជា​មាន​ដូចជា​វៀតណាម ថៃ និង​ម៉ាឡេស៊ី។​

លោក តាស៊ីឡូ ប្រីនហ្ស័រ ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នេះ​ថា កង្វះ​ធនធាន​មនុស្ស​ជំនាញ​ជា​បញ្ហា​ប្រឈម​មួយ​ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មក​ពី​អឺរ៉ុប​ពិបាក​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។

បើ​ប្រៀបធៀប​ប្រទេស​ជិត​ខាង​កម្ពុជា​មាន​វៀតណាម ថៃ និង​ម៉ាឡេស៊ី មាន​ក្រុមហ៊ុន​អឺរ៉ុប​ជាច្រើន​កំពុង​មាន​វត្តមាន​នៅ​ទីនោះ។ លោក តាស៊ីឡូ ប្រីនហ្ស័រ លើកឡើង​​គ្រាន់តែ​នៅ​​ប្រទេស​វៀតណាមមាន​ក្រុមហ៊ុន​របស់​អាល្លឺម៉ង់​ជាង ៨០ ក្រុមហ៊ុន​កំពុង​វិនិយោគ​ផ្នែក​ផលិតកម្ម ដោយ​នេះ​មិន​រួម​បញ្ចូល​ក្រុមហ៊ុន​មក​ពី​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។

លោក​បន្ត​ថា ក្រុមហ៊ុនសហភាព​​អឺរ៉ុប​​ជាង ២៥០ ក្រុមហ៊ុន​ ដែល​​​កំពុង​វិនិយោគ​នៅ​កម្ពុជា​មាន​ដូចជា​ផ្នែក​ព្រលាន​យន្តហោះ​និង​សេវាកម្ម​ផ្សេងៗ។

គួរ​បញ្ជាក់ថា សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (Eurocham Cambodia) នឹង​រៀបចំកិច្ចប្រជុំកំពូល​ធុរកិច្ច​អាស៊ាន-កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​នៅរាជធានីភ្នំពេញ ចាប់ពី​ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែ​កញ្ញា ឆ្នាំ២០២៣ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគ​របស់កម្ពុជា និង​ទាក់ទាញ​វិនិយោគិនអឺរ៉ុប​មក​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា។

វេទិកា​នេះ​នឹង​មាន​ពាណិជ្ជករ​ដែល​មកពី​សហភាព​អឺរ៉ុប វិនិយោគិនអឺរ៉ុប​ដែល​កំពុងវិនិយោគ នៅ​ប្រទេស​ជិតខាង​កម្ពុជា តំណាង​ប្រទេស​ក្នុងតំបន់​អាស៊ាន មន្រ្តីរាជរដ្ឋាភិបាល​កម្ពុជា តំណាង​អង្គការ​សង្គម​ស៊ីវិល រួម​នឹងពាណិជ្ជក្នុងស្រុកប្រមាណជាង ២០០ នាក់នឹងចូលរួម​កិច្ចប្រជុំកំពូលនេះ។

​ក្នុង​អំឡុងពេលនៃ​កិច្ចប្រជុំកំពូល​នេះ សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​នឹង​ចេញផ្សាយ​ឯកសារ​សំខាន់​ចំនួន ២ ដែល​លើក​ឡើងពី​បរិយាកាស​វិនិយោគ​នៅកម្ពជា គឺ​សៀវភៅ «ស» ឆ្នាំ២០២៤ ​និង​ឯកសារ​ស្ទង់មតិ​ទំនុក​ចិត្ដ​ធុរកិច្ច​ឆ្នាំ ២០២៣ ដែល​ជាការ​ស្ទង់មតិ​លម្អិត​មួយ ដោយ​អនុញ្ញាត​ឱ្យអ្នក​ដឹកនាំ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា អាច​ធ្វើការ​ពិពណ៌នា​យ៉ាង​ច្បាស់លាស់ អំពី​បរិយាកាស​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា។

បើតាម​លោក តាស៊ីឡូ ប្រីនហ្ស័រ ប្រធាន​សភាព​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​​កម្ពុជា ​វេទិកា​នេះ​នឹង​ចូលរួម​ជួយ​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ប្រទេស​កម្ពុជា​ ក៏​ជា​ជម្រើស​មួយ​សម្រាប់​ការ​បណ្ដាក់​ទុន​​វិនិយោគ​នៅ​តំបន់​អាស៊ីអាគ្នេយ៍៕