ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អូអិណូ អាត់ស៊ូស៊ី បានអះអាងថា គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារនឹងត្រូវផ្ដល់ជូនកម្ពុជាក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា តាមរយៈគម្រោងនេះ គឺផ្ដោតទៅលើការអភិវឌ្ឍចំណ តកំពង់ផែឲ្យមានជម្រៅជ្រៅជាងមុន ដើម្បីឲ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦០តោនចូលចតបាន។
គម្រោងនេះទៀតសោត នឹងបញ្ចប់ត្រឹមឆ្នាំ២០២៦ «សម្រាប់ដំណាក់កាលបន្តទៀត គឺនឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឲ្យបានច្រើនថែមទៀត ជារួមគឺអាចពង្រីកបន្ថែម ៩ទីតាំងទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជា ទៅជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រឹមឆ្នាំ២០២៨»។ នេះជាប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុន។
លោកទូតជប៉ុនរូបនេះ បានលើកឡើងថា កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច។ ក្រោយបញ្ចប់ការសាងសង់កំពង់ផែអន្តរជាតិមួយនេះ នឹងអនុញ្ញាតឲ្យនាវាទំហំធំៗប្រមាណ ៩៣%អាចចូលចតបាន។
ការថ្លែងយ៉ាងដូច្នេះរបស់លោក អូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក្នុងកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ ទ្វេភាគី ដែលក្លិបអ្នកកាសែតកម្ពុជា សហការជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជារៀបចំធ្វើឡើង កាលពីពេលថ្មីៗនេះ។
ក្នុងគ្រានោះដែរ លោកទូតជប៉ុន ក៏បានលើកឡើងថា ចំពោះការដឹកជញ្ជូនកសិផលកម្ពុជាទៅជប៉ុនតាមផ្លូវទឹក គឺមានភាពពិបាកព្រោះថា កំពង់ផែនៅកម្ពុជាមានទឹករាក់ដោយមិនអាចចេញចូលកប៉ាល់ធំៗបាននោះទេ ដូច្នេះត្រូវចំណាយពេលច្រើន និងចំណាយលុយច្រើនទម្រាំនាំចេញទៅដល់ប្រទេសជប៉ុន។ លោកថាប្រសិនបើមានការអភិវឌ្ឍផ្សារភ្ជាប់ផ្លូវដឹកជញ្ជូនមានភាពងាយស្រួលតាមរយៈការស្តារកំពង់ផែព្រះសីហនុឲ្យមានទឹកជ្រៅធ្វើឲ្យកប៉ាល់ធំៗចូលបាននោះកសិផលកម្ពុជានឹងដឹកទៅដល់ជប៉ុនបានស្រួល។
សូមជម្រាបជូនថា ទំហំសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុនមានចំនួន១,៦ពាន់លានយេន គិតតាំងពីឆ្នាំ១៩៨១ ឥឡូវនេះ កើនឡើងដល់ជាង២០០ដងគិតត្រឹមឆ្នាំ២០២២។
ក្រុមហ៊ុនជប៉ុន សមាគមជប៉ុន មានការកើនឡើងខ្ពស់ហើយក្រុមហ៊ុនជប៉ុនបានចូលរួមក្នុងការសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះក្រុមហ៊ុនជប៉ុនបានដាក់ចេញនូវគម្រោងវិនិយោគធំៗជាច្រើនផងដែរ រួមមានការបើកដំណើរការផ្សារទំនើបអ៊ីអន រោងចក្រដំឡើងរថយន្តជាដើម៕