លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ តុលានេះថា បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១,០៦៩ អគារ ស្មើនឹង ៩៦៥ គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។
លោកបានបន្តថា សំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន ១៧៧ អគារ ស្មើនឹង១៦១ គម្រោងសំណង់អគារកំពុងដំណើរការសាងសង់មានចំនួន ៥៣ អគារ ស្មើនឹង ២៩គម្រោង និងអគារផ្អាកការសាងសង់ជាបណ្តោះអាសន្ន (ជាប់គាំង) មានចំនួន ៣៦៤ អគារ ស្មើនឹង ៣៤១ គម្រោង ដែលភាគច្រើនជាគម្រោងវិនិយោគរបស់ជនជាតិចិន។
លោកបានពន្យល់បន្ថែមថា «ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩ មានលំហូរទុនវិនិយោគ ទីផ្សារកាស៊ីណូ និងអចលនទ្រព្យ ដែលធ្វើឱ្យមានកំណើនយ៉ាងគំហុកនៃអគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០-២០២២ ដោយសារការចាកចេញរបស់ទីផ្សារ វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកល ធ្វើឱ្យបាត់បង់វិនិយោគ និងទីផ្សារ ក្នុងនោះមានគម្រោងវិនិយោគ និងអគារជាប់គាំងជាច្រើនដូចបានបង្ហាញតួលេខខាងលើ»។
ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ។ ក្នុងនោះរាជរដ្ឋាភិបាលសម្រេច៖
-ដាក់ចេញ “វិធានការជាកញ្ចប់” ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យមសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
-“វិធានការជាកញ្ចប់” នេះ រួមបញ្ចូល ១) ការកំណត់និយមន័យ និងវិសាលភាព ២) វិធានការទូទៅ និង៣) វិធានការលើកទឹកចិត្ត សម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
“វិធានការជាកញ្ចប់” នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹមនិយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦មក ក្នុងខេត្តព្រះសីហនុ។
លោកសង្ឃឹមថា ការដាក់ចេញនូវ”វិធានការជាកញ្ចប់” របស់រាជរដ្ឋាបាលខាងលើនេះ នឹងអាចជួយដោះស្រាយវិបត្តអគារជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕