Alynana Media Cambodia
Icon Collap
clinic narit

អ្នកនាំពាក្យ៖ គិតត្រឹម​​ខែ​តុលា ខេត្តព្រះសីហនុមាន​សំណង់អគារខ្ពស់ៗ​ចំនួន ១,០៦៩ អគារ ក្នុងនោះសាងសង់រួច ៤៧៥ អគារ

Admin Alynana | Oct 18, 2023
អ្នកនាំពាក្យ៖ គិតត្រឹម​​ខែ​តុលា ខេត្តព្រះសីហនុមាន​សំណង់អគារខ្ពស់ៗ​ចំនួន ១,០៦៩ អគារ ក្នុងនោះសាងសង់រួច ៤៧៥ អគារ
Clinic narith

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ តុលានេះថា បច្ចុប្បន្នសំណង់អគារ នៅខេត្តព្រះសីហនុមានចំនួន ១,០៦៩ អគារ ស្មើនឹង ៩៦៥ គម្រោង ក្នុងនោះសំណង់អគារដែលបានសាងសង់រួច និងកំពុងប្រកបអាជីវកម្មមានចំនួន ៤៧៥ អគារ ស្មើនឹង ៤៣៤ គម្រោង។

លោកបានបន្តថា សំណង់អគារដែលបានសាងសង់រួច និងមិនទាន់ដំណើរការប្រើប្រាស់មានចំនួន ១៧៧ អគារ ស្មើនឹង​១៦១ គម្រោងសំណង់អគារកំពុងដំណើរការសាងសង់មានចំនួន ៥៣ អគារ ស្មើនឹង ២៩គម្រោង និងអគារផ្អាកការសាងសង់ជាបណ្តោះអាសន្ន (ជាប់គាំង) មានចំនួន ៣៦៤ អគារ ស្មើនឹង ៣៤១ គម្រោង ដែលភាគច្រើនជាគម្រោងវិនិយោគរបស់ជនជាតិចិន។

លោកបានពន្យល់បន្ថែមថា «ក្នុងឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៩ មានលំហូរទុនវិនិយោគ ទីផ្សារកាស៊ីណូ និងអចលនទ្រព្យ ដែលធ្វើឱ្យមានកំណើនយ៉ាងគំហុកនៃអគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ។ ប៉ុន្តែនៅចុងឆ្នាំ២០១៩ ដល់ឆ្នាំ ២០២០-២០២២ ដោយសារការចាកចេញរបស់ទីផ្សារ វិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកល ធ្វើឱ្យបាត់បង់វិនិយោគ និងទីផ្សារ ក្នុងនោះមានគម្រោងវិនិយោគ និងអគារជាប់គាំងជាច្រើនដូចបានបង្ហាញតួលេខខាងលើ»។

ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាកញ្ចប់ សម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ។ ក្នុងនោះរាជរដ្ឋាភិបាលសម្រេច៖
-ដាក់ចេញ “វិធានការជាកញ្ចប់” ដើម្បីបង្កើតជំនឿទុកចិត្តវិនិយោគ និងតម្រូវការទីផ្សារក្នុងរយៈពេលខ្លី មធ្យមសម្រាប់ដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ
-“វិធានការជាកញ្ចប់” នេះ រួមបញ្ចូល ១) ការកំណត់និយមន័យ និងវិសាលភាព ២) វិធានការទូទៅ និង៣) វិធានការលើកទឹកចិត្ត សម្រាប់ដោះស្រាយភាពជាប់គាំង ក្នុងទិដ្ឋភាពរួមផង និងតាមករណីនីមួយៗផង ដោយផ្អែកតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ខណៈដែលភាពជាប់គាំងនីមួយៗមានភាពខុសគ្នា អាស្រ័យតាមស្ថានភាពរបស់ម្ចាស់ដី ម្ចាស់អគារ និងគម្រោងវិនិយោគ ដូចមានរៀបរាប់លម្អិតក្នុងឧបសម្ព័ន្ធនៃលិខិតលេខ១៤៣៨ សហវ.លស ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

“វិធានការជាកញ្ចប់” នេះ ត្រូវអនុវត្តតាមលំដាប់អាទិភាពមុនក្រោយ ស្របតាមផែនការសកម្មភាពជាក់លាក់ និងកម្រិតត្រឹម​និយមន័យ និងវិសាលភាពនៃគម្រោងវិនិយោគជាប់គាំងចាប់ពីឆ្នាំ២០១៦មក ក្នុងខេត្តព្រះសីហនុ។

លោកសង្ឃឹមថា ការដាក់ចេញនូវ”វិធានការជាកញ្ចប់” របស់រាជរដ្ឋាបាលខាងលើនេះ នឹងអាចជួយដោះស្រាយវិបត្តអគារជាប់គាំងនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញកំណើនសេដ្ឋកិច្ចជាតិ៕