ទីក្រុងហុងកុងនឹងកាត់បន្ថយពន្ធលើការចុះបញ្ជីចំនួនពាក់កណ្តាលពោលគឺមានត្រឹមតែ ១៥ភាគរយសម្រាប់ការទិញផ្ទះដោយជនជាតិបរទេស និង៧ភាគរយសម្រាប់ប្រជាជនហុងកុង ដើម្បីជំរុញវិស័យនេះឡើងវិញក្រោយជួបវិបត្តិ។
ជនបរទេសដែលទិញផ្ទះនៅហុងកុងនឹងត្រូវបង់ពន្ធចុះបញ្ជីត្រឹមតែ១៥ភាគរយប៉ុណ្ណោះ ជំនួសឱ្យ៣០ភាគរយបើធៀបកាលពីមុន។ ទន្ទឹមនេះ ប្រជាជនហុងកុងទិញផ្ទះទីពីរនឹងបង់ពន្ធត្រឹមតែ៧,៥ភាគរយជំនួសឱ្យ១៥ភាគរយ ។ លើសពីនេះ អ្នកលក់ផ្ទះនឹងត្រូវរួចពន្ធផងដែរ ប្រសិនបើពួកគេជាម្ចាស់ផ្ទះរយៈពេល ២ ឆ្នាំ។
នេះជាលើកទីមួយហើយដែលហុងកុងបន្ធូរបន្ថយបទប្បញ្ញត្តិដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពប្រសើរឡើងវិញ។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តតាំងពីឆ្នាំ២០១០ ដើម្បីការពារកុំឱ្យតម្លៃកើនឡើងយ៉ាងខ្លាំងនៅពេលដែលអត្រាការប្រាក់ទាប។
ប្រធានប្រតិបត្តិតំបន់ហុងកុងលោក John Lee Ka-chiu បាននិយាយថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក អត្រាការប្រាក់បានកើនឡើងយ៉ាងខ្លាំង។ សេដ្ឋកិច្ចជាច្រើនបានធ្លាក់ចុះ។ ប្រតិបត្តិការទិញដូរផ្ទះនៅហុងកុង និងតម្លៃផ្ទះក៏បានធ្លាក់ចុះផងដែរ។
តម្លៃផ្ទះនៅហុងកុងបានធ្លាក់ចុះ ៤ខែជាប់ៗគ្នា។ សន្ទស្សន៍តម្លៃផ្ទះនៅទីនេះបានថយចុះ ៧,៩ភាគរយខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងទាបជាង ៤,២ភាគរយធៀបនិងខែមេសា។ ទន្ទឹមនឹងនេះ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អចលនទ្រព្យហុងកុងតែងតែស្ថិតក្នុងចំណោមតំបន់ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ។
យោងតាមទិន្នន័យពីក្រុមហ៊ុនអចលនទ្រព្យ Centaline ទីក្រុងហុងកុងមានអចលនទ្រព្យទំនេរជិត ២០៥០០ផ្ទះនៅក្នុងត្រីមាសទី៣ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជិត ២ទសវត្សរ៍។
វិបត្តិទីផ្សារអចលនទ្រព្យបច្ចុប្បន្ន គឺជាក្តីកង្វល់របស់លោក John Lee ។ ការធ្លាក់ចុះនៃតម្រូវការ និងការកើនឡើងអត្រាការប្រាក់បានទាញតម្លៃផ្ទះនៅទីនេះធ្លាក់ចុះរយៈពេល ៦ ឆ្នាំ។ ក្រុមហ៊ុនអចលនទ្រព្យ និងក្រុមហ៊ុនឈ្មួញជើងសាបានអំពាវនាវដល់មន្ត្រីឱ្យបន្ធូរបន្ថយបទប្បញ្ញត្តិគ្រប់គ្រងវិស័យនេះ។
បន្ទាប់ពីវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចរបស់ហុងកុងបានងើបឡើងវិញយឺត។ ទីផ្សារភាគហ៊ុន និងលំនៅឋានក៏មិនសូវមានភាពរស់រវើកទេ។ ក្រៅពីវិស័យអចលនទ្រព្យ បច្ចុប្បន្នហុងកុងក៏បានប្រកាសពីគោលនយោបាយជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ទីផ្សារភាគហ៊ុន ការដឹកជញ្ជូន អាកាសចរណ៍ បច្ចេកវិទ្យា និងវិស័យពិព័រណ៍។ ទាំងនេះមានគោលបំណងបង្កើនភាពទាក់ទាញសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង។
ទោះបីជាផលិតផលក្នុងស្រុកសរុបបានស្ទុះងើបឡើងវិញបន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែចំនួនភ្ញៀវទេសចរទៅកាន់ទីក្រុងហុងកុងមិនមានច្រើនដូចពេលមុនការរាលដាលជំងឺទេ ដែលបណ្តាលឱ្យវិស័យលក់រាយមានបញ្ហាប្រឈមខ្លាំង៕