ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែតុលានេះ កម្លាំងទ័ពមួកខៀវកម្ពុជានាំមុខចំនួន៥២រូប ដែលបានបំពេញបេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី នឹងអញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយពីUN ប្រកាសដកទ័ពមួកខៀវចេញពីម៉ាលី ដោយសារបញ្ហាអសន្តិសុខ សង្គ្រាមនៅទីនោះ។
បើតាមតំណាងក្រុមគ្រួសារដែលរង់ចាំសាច់ញ្ញាតិ មួយរូប បានថ្លែងប្រាប់BTV ព្រឹកថ្ងៃទី២៧ ខែតុលានេះថា ពួកគាត់មានការសប្បាយចិត្តជាខ្លាំង អង្គការសហប្រជាជាតិ UN បានប្រកាសជម្លៀសកងទ័ពមួកខៀវចេញពីប្រទេសម៉ាលី ខណៈស្ថានភាពនៅក្នុងតំបន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ UN នៅក្នុងប្រទេសម៉ាលី បាននឹងកំពុងជួបបញ្ហាអសន្តិសុខធ្ងន់ធ្ងរ ប្រឈមហានិភ័យខ្ពស់ ដោយការរងបាញ់ប្រហារញឹកញាប់ពីក្រុមឧទ្ទាម ដែលនេះជាបង្ការគ្រោះថ្នាក់ និងការពារសុវត្ថិភាពដ៏សំខាន់។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ចុងក្រោយនេះ កម្ពុជា មានកម្លាំងទ័ពមួកខៀវប្រមាណ២៦៩នាក់ បំពេញបេសកកម្ម ការងារវិស្វកម្មថែទាំព្រលានយន្តហោះ និង ការងារកំទេចគ្រឿងផ្ទុះ ហើយនៅថ្ងៃទី២៧ ខែតុលានេះ គឺមានទ័ពមួកខៀវកម្ពុជានាំមុខ ចំនួន៥២រូបបានត្រឡប់មកដល់មាតុប្រទេសមុន ហើយកងកម្លាំងមួកខៀវកម្ពុជា នៅតំបន់ផ្សេងៗទៀត នឹងត្រូវបានUN រៀបចំបញ្ជូនត្រឡប់មកកម្ពុជា វិញជាបន្តបន្ទាប់។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិត នៅខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីការឯកភាពឲ្យដកកងទ័ព UN មួកខៀវរបស់ខ្លួន ដែលកំពុងបំពេញបេសកកម្មនៅម៉ាលី ដោយសារអង្គការសហប្រជាជាតិ បានជម្លៀសកងទ័ព (UN) ដែលក្នុងនោះក៏មានមួកខៀវកម្ពុជាផងដែរ ចេញពីតំបន់បំពេញបេសកកម្មថែរក្សាសន្តិសុខនៅប្រទេសម៉ាលីនោះ ដោយសាររងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។
សូមជម្រាបថា ដល់ឆ្នាំ២០២៣នេះ កម្ពុជាបានបញ្ជូលកងកម្លាំងជិត ៩ពាន់នាក់ ចេញបំពេញបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍៖ សាធារណ រដ្ឋស៊ូដង់ ស៊ូដង់ ខាងត្បូង ឆាដ អាហ្វ្រិក កណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម ព្រលានយន្តហោះ កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៨៧៤នាក់ ក្នុងនោះនារី ចំនួន១៤១នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន៖ សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី៕