រដ្ឋាភិបាលបានសម្រេចលុបចោលពន្ធមួយចំនួន ដើម្បីសម្រួលដល់ការធ្វើធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ។
ក្នុងវេទិការរាជរដ្ឋាភិបាលនិងវិស័យឯកជន ប្រមុខរដ្ឋាភិបាលបានប្រកាសបន្តលើយន្តការលុបចោលការយកពន្ធមួយចំនួនដែលរដ្ឋាភិបាលអណ្ណតិមុនៗបានអនុវត្តកន្លងមក។
-ពន្ធសត្តឃាត
-ពន្ធលើរបបម៉ៅការ
-ពន្ធតែមប្រិ៍សារពើពន្ធ លើលិខិតរដ្ឋបាល, លិខិតតុលាការ និង ឯកសារអត្រានុកូលដ្ឋាន
-ពន្ធលើមធ្យោបាយដឹកជញ្ជូន៖ ទោចក្រយានយន្ត, ត្រីចក្រយានយន្ត, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល និង ជលយានយន្តមានកម្លាំងដល់ ១៥០ សេះ
-ពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន
បន្ថែមលើនេះក៏មានការលើកលែងពន្ធមួយចំនួនទៀតដែលរាជរដ្ឋាភិបាលនឹងបន្តអនុវត្តជាគោលការណ៍មិនយកពន្ធរួមមាន៖
-ដីកសិកម្ម, ដីស្រែជាលក្ខណៈគ្រួសារ,
-ពន្ធនាំចូលសម្ភារៈកសិកម្ម,
-កសិផលកសិកម្ម,
-ពន្ធអចលនទ្រព្យតម្លៃទាបជាង ១០០ ០០០ ០០០ (មួយរយលាន) រៀល
-ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យពីឪពុកម្តាយមកកូន យាយតាមកកូនចៅ ប្រពន្ធ និង ប្តី សម្រាប់អំណោយ តែ ១ លើក និងមរតក
-អាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ចុងឆ្នាំ ២០២៨
-ពន្ធលើប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-និយោជិត។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ ក៏នឹងបន្តអនុវត្តការលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង, កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស ព្រមជាមួយនឹងគោលនយោបាយនៃការអនុញ្ញាតឱ្យអាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើតូប, រាន, ស្តង់ លក់ដូរ និង មានសិទ្ធិផ្ទេរសិទ្ធិឱ្យកូនចៅ ឬ អ្នកដទៃបាន ។
ប្រមុខរដ្ឋាភិបាលបានគូសបញ្ជាក់បន្តថា ដើម្បីសម្រាលបន្ទុករបស់ប្រជាជនទូទៅ និងវិស័យឯកជនក្នុងន័យជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងគ្រប់វិស័យឱ្យមានភាពរស់រវើក រាជរដ្ឋាភិបាលនីតិកាលទី ៧ សម្រេចផ្ដល់ការអនុគ្រោះបន្ថែមលើប្រភេទពន្ធមួយចំនួនដូចខាងក្រោម៖
ទី១ បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានថ្លៃក្រោម ឬ ស្មើ ៧ ម៉ឺនដុល្លារអាម៉េរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤
ទី២ លើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានថ្លៃលើស ៧ ម៉ឺនដុល្លារអាម៉េរិក ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧ ម៉ឺនដុល្លារអាម៉េរិក ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និង បានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៤
ទី៣ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនទាំង ៦ ប្រភេទ រួមមានពន្ធលើចំណេញអចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និង រូបិយវត្ថុបរទេសរហូតដល់ដំណាច់ឆ្នាំ ២០២៤
ទី៤ លើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនប្រើប្រាស់ដោយម្ចាស់អចលនទ្រព្យ អាចបង់តែប្រាក់ពន្ធដោយមិនចាំបាច់បង់ពន្ធបន្ថែម និងការប្រាក់ រហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ ២០២៤។ ការលើកលែងនេះពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ
ទី៥ លើកលែងការកំណត់ពន្ធឡើងវិញដែលរួមមាន៖ ប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធរហូតដល់ឆ្នាំ ២០២៣ ចំពោះ អចលនទ្រព្យ ដែលបានចុះបញ្ជី និង ប្រកាសបង់ពន្ធលើអចលនទ្រព្យ កន្លងមក ខុស តម្លៃដី ឬ សំណង់, ទំហំដី ឬ សំណង់, ប្រភេទសំណង់ ឬ/និង អាយុកាលសំណង់ ។ ចាប់ពីឆ្នាំ ២០២៤ តទៅ, ត្រូវអនុវត្តតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន; និង
ទី៦ អនុញ្ញាតឱ្យចុះបញ្ជីនិងបង់ប្រាក់ពន្ធចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬ គ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធអចលនទ្រព្យកន្លងមក។
បន្ថែមពីនេះរដ្ឋាភិបាលបានប្រកាសលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ដែលមានទំហំក្រោម ៥ ហិកតា និងក្រៅតំបន់ជាប់ពន្ធលើអលចនទ្រព្យ៕