Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ពន្ធ​មួយ​ចំនួន​ ដើម្បី​សម្រួល​ដល់ការធ្វើ​​ធុរកិច្ច​

Admin Alynana | Nov 14, 2023
រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ពន្ធ​មួយ​ចំនួន​ ដើម្បី​សម្រួល​ដល់ការធ្វើ​​ធុរកិច្ច​
Clinic narith

រដ្ឋាភិបាល​បាន​សម្រេច​លុប​ចោល​ពន្ធ​មួយ​ចំនួន​ ដើម្បី​សម្រួល​ដល់ការធ្វើ​​ធុរកិច្ច​ក្រោម​ដែន​សមត្ថកិច្ច​ពន្ធដារ។

ក្នុង​វេទិការ​រាជរដ្ឋាភិបាល​និង​វិស័យ​ឯកជន ប្រមុខរដ្ឋាភិបាល​បាន​ប្រកាស​បន្ត​លើ​យន្តការ​លុប​ចោល​ការ​យកពន្ធ​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​អណ្ណតិ​មុនៗ​បាន​អនុវត្ត​កន្លង​មក។
-ពន្ធ​សត្តឃាត
-ពន្ធ​លើ​របប​ម៉ៅការ
-ពន្ធ​តែមប្រិ៍​សារពើពន្ធ លើ​លិខិតរដ្ឋបាល, លិខិត​តុលាការ និង ឯកសារ​អត្រានុកូលដ្ឋាន
-ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន៖ ទោចក្រយានយន្ត, ត្រីចក្រយានយន្ត, ត្រាក់ទ័រ និងគ្រឿង​យន្ត​ប្រហាក់ប្រហែល និង ជលយានយន្ត​មាន​កម្លាំង​ដល់ ១៥០ សេះ
-ពន្ធប្រថាប់ត្រា​លើលិខិតបង្កើតក្រុមហ៊ុន

បន្ថែមលើនេះក៏មានការលើកលែងពន្ធមួយចំនួនទៀតដែលរាជរដ្ឋាភិបាលនឹង​បន្ត​អនុវត្ត​ជា​គោលការណ៍​មិនយកពន្ធរួមមាន៖

-ដីកសិកម្ម, ដីស្រែ​ជាលក្ខណៈ​គ្រួសារ,
-ពន្ធ​នាំចូល​សម្ភារៈ​កសិកម្ម,
-កសិផល​កសិកម្ម,
-ពន្ធអចលនទ្រព្យ​តម្លៃទាប​ជាង ១០០ ០០០ ០០០ (មួយរយលាន) រៀល
-ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ​លើ​អចលនទ្រព្យ​ពី​ឪពុកម្តាយ​មក​កូន យាយតា​មក​កូនចៅ​ ប្រពន្ធ និង ប្តី សម្រាប់​អំណោយ តែ ១ លើក និង​មរតក
-អាករ​លើ​តម្លៃ​បន្ថែមលើ​មុខ​ទំនិញ ដែល​ជា​អាហារ​ជា​មូលដ្ឋាន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋរហូត​ដល់ចុង​ឆ្នាំ ២០២៨
-ពន្ធលើប្រាក់បៀវត្ស​អប្បបរមា​របស់មន្ត្រីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នួលអប្បបរមា​របស់​កម្មករ-និយោជិត។

ជាមួយ​គ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី ៧ ក៏នឹងបន្តអនុវត្តការលុបការបង់ភាស៊ី និងការបង់​ថ្លៃ​ផ្សេងៗ​ទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋ​តាមកញ្ច្រែង, កញ្ជើ ល្អី នៅតាម​ទីផ្សារ​នានា​នៅ​ទូទាំងប្រទេស ព្រមជាមួយនឹងគោលនយោបាយ​​​នៃការអនុញ្ញាត​ឱ្យអាជីវករលក់ដូរ​តាមផ្សាររដ្ឋ និង​ទីតាំង​ផ្សាររដ្ឋមាន​សិទ្ធិកាន់កាប់​ប្រើប្រាស់ និងអាស្រ័យ​ផល​លើតូប, រាន, ស្តង់ លក់ដូរ និង មាន​សិទ្ធិ​ផ្ទេរសិទ្ធិ​ឱ្យកូនចៅ ឬ អ្នកដទៃបាន ។

ប្រមុខ​រដ្ឋាភិបាល​បាន​គូស​បញ្ជាក់​បន្ត​ថា ដើម្បីសម្រាលបន្ទុករបស់ប្រជាជនទូទៅ និងវិស័យឯកជនក្នុងន័យ​ជំរុញសកម្មភាព​​សេដ្ឋកិច្ចនៅក្នុងគ្រប់វិស័យឱ្យមានភាពរស់រវើក រាជរដ្ឋាភិបាលនីតិកាល​ទី ៧ សម្រេចផ្ដល់ការអនុគ្រោះបន្ថែម​លើ​ប្រភេទពន្ធមួយចំនួនដូចខាងក្រោម៖

ទី១ បន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមាន​លក្ខណៈជាបុរី ដែលមានថ្លៃក្រោម ឬ ស្មើ ៧ ម៉ឺនដុល្លារអាម៉េរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤

ទី២ លើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់​ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានថ្លៃលើស ៧ ម៉ឺនដុល្លារអាម៉េរិក ដោយអនុញ្ញាត​ឱ្យដកទំហំ​ទឹកប្រាក់ ៧ ម៉ឺនដុល្លារអាម៉េរិក ចេញពីមូលដ្ឋាន​គិតពន្ធប្រថាប់ត្រា សម្រាប់​ការទិញ​លំនៅឋានក្នុង​គម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និង បាន​ចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៤

ទី៣ បន្តពន្យារពេលការអនុវត្តពន្ធ​លើចំណេញមូលធន​ទាំង ៦ ប្រភេទ រួមមានពន្ធលើចំណេញ​អចលនទ្រព្យ, ភតិសន្យា, ទ្រព្យ​វិនិយោគ, កេរ្តិ៍ឈ្មោះ​អាជីវកម្ម, កម្មសិទ្ធិបញ្ញា និង រូបិយវត្ថុបរទេសរហូត​ដល់ដំណា​ច់ឆ្នាំ ២០២៤

ទី៤ លើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនប្រើប្រាស់ដោយ​ម្ចាស់​អចលនទ្រព្យ អាចបង់តែប្រាក់ពន្ធដោយមិនចាំបាច់បង់ពន្ធបន្ថែម និងការប្រាក់ រហូត​ដល់​ដំណាច់​ខែ មិថុនា ឆ្នាំ ២០២៤។ ការលើកលែង​នេះពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួម​ទាំង​ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ

ទី៥ លើកលែងការកំណត់ពន្ធឡើងវិញដែលរួមមាន៖ ប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ចាប់ពីឆ្នាំដាក់ឱ្យអនុវត្តពន្ធរហូតដល់ឆ្នាំ ២០២៣ ចំពោះ អចលនទ្រព្យ ដែលបានចុះបញ្ជី និង ប្រកាសបង់ពន្ធលើអចលនទ្រព្យ កន្លងមក ខុស តម្លៃដី ឬ សំណង់, ទំហំដី ឬ សំណង់, ប្រភេទសំណង់ ឬ/និង អាយុកាលសំណង់ ។ ចាប់ពីឆ្នាំ ២០២៤ តទៅ, ត្រូវអនុវត្តតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន; និង

ទី៦ អនុញ្ញាតឱ្យចុះបញ្ជីនិងបង់ប្រាក់ពន្ធចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬ គ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជី និងប្រកាសបង់ពន្ធអចលនទ្រព្យកន្លងមក។

បន្ថែម​ពីនេះរដ្ឋាភិបាល​បាន​ប្រកាស​លើក​លែង​ពន្ធលើដីធ្លីមិនបានប្រើប្រាស់ដែល​មាន​ទំហំ​ក្រោម ៥ ហិកតា និង​ក្រៅ​តំបន់​ជាប់​ពន្ធ​លើ​អលចនទ្រព្យ៕