(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន លើកទី៩ ក្រោមប្រធានបទ «លើកកំពស់អាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព»។
កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមអធិបតី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន, លោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល រួមនឹងរដ្ឋមន្រ្តីរ៉ែ តំណាងមកពីបណ្តាប្រទេសក្នុងតំបន់។
កិច្ចប្រជុំនេះ ក្រោមប្រធានបទ «ការលើកកម្ពស់អាស៊ានជាទិសដៅវិនិយោគរ៉ែប្រកបដោយចីរភាព៖ កាលានុវត្តភាព និងបញ្ហាប្រឈមនៅក្នុងខ្សែសង្វាក់តម្លៃរ៉ែសំខាន់ៗក្នុងតំបន់» ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរ៉ែអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នេះ ក៏មានការរៀបចំវេទិកានិងកិច្ចសន្ទនាគោលនយោបាយកម្រិតខ្ពស់លើកដំបូងដែលរៀបចំឡើង ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីវេទិកាកិច្ចសហប្រតិបត្តិការរ៉ែ ក្នុងគោលដៅស្វែងរកការសម្របសម្រួលដល់ការចូលរួមដំបូងក្នុងចំណោមរដ្ឋាភិបាលអាស៊ាន និងអ្នកពាក់ព័ន្ធ ដូចជាមួយ បណ្តាប្រទេសបូកបី ចិន ជប៉ុន កូរ៉េ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ ធុរកិច្ច និងវិស័យឯកជន ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពី បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍វិស័យរ៉ែក្នុងតំបន់ រួមទាំងលើប្រភេទរ៉ែសំខាន់ៗ ក៏ដូចជាការពិភាក្សាអំពីអនុសាសន៍ឆ្ពោះទៅរកការពង្រឹងអាស៊ានជាគោលដៅវិនិយោគរ៉ែប្រកបដោយចីរភាព នាពេលអនាគត។
ថ្លែងនាឱកាសនេះ លោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល បានថ្លែងថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ របស់បណ្តាប្រទេសនានាក្នុងតំបន់ និងការចូលរួមបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីបង្កើតអនាគតនៃវិស័យរ៉ែក្នុងតំបន់ អាស៊ានដេីម្បីអភិវឌ្ឍវិស័យនេះប្រកបដោយចីរភាព។
លោកបន្តថា «សារៈសំខាន់នៃ កិច្ចប្រជុំនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម និងការចាប់យកឱកាសនៅក្នុងវិស័យរ៉ែអាស៊ាន ការប្តេជ្ញាចិត្តរួមគ្នារបស់យើង គឺដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពក្នុងតំបន់របស់យើង» ៕