Alynana Media Cambodia
Icon Collap
clinic narit

អបអរសាទរ! កម្ពុជាត្រូវបានអនុសញ្ញាអូតាវ៉ាបោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ

Admin Alynana | Nov 25, 2023
អបអរសាទរ! កម្ពុជាត្រូវបានអនុសញ្ញាអូតាវ៉ាបោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ
Clinic narith

ភ្នំពេញ៖ អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃ​អនុសញ្ញា​ស្តីពី​ការ​ហាម​ការ​ប្រើប្រាស់​មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​លើកទី៥ ឆ្នាំ ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

កិច្ច​ប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តងហើយ  កម្ពុជា គឺ ជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ ក្នុងតំបន់អាស៊ី ដែល​ធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ា​ឆ្នាំ២០០៤ លើកទី២ នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣ នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤ នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥ នៅប្រទេសកម្ពុជា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាប សម្រាប់ ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិក ចំនួន ១៦៤ ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័នពិភពលោកជាច្រើនទៀត។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកា​ដែល​កម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោស​សម្អាត​មីន​ប្រឆាំង​មនុស្សឱ្យអស់ និងពិនិត្យ មើលលើ វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង មក ។ កម្ពុជាគ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣រួមមាន៖

១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា

២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង

៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម

ជាងនេះទៅទៀតកម្ពុជានឹងរៀបចំឱ្យមានជាសេចក្តី ថ្លែងការណ៍ស្តីពី ផែនការសកម្មភាព ៥ ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ ដោយមានឈ្មោះថា “សេចក្តី ថ្លែង ការ ណ៍ សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan" ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។

ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំមន្រ្តី បុគ្គលិក អាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ ជាតិ-អន្តរជាតិ សហគមន៍ សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ​ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជារួចចាកផុតពីទុក្ខវេទនា​ដោយសារ​មីន​ប្រឆាំង​មនុស្សដែលជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។ 

ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិក នៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការ សកម្មភាពមីនក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ។   

សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំង​មនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និង​ការ​ផ្ទេរ​គ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា របស់ អង្គការ សហប្រជាជាតិ និង ជា ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះ​បញ្ហា​មនុស្ស​ធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕