ភ្នំពេញ៖ អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងលើកទី៥ ឆ្នាំ ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។
កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តងហើយ កម្ពុជា គឺ ជាប្រទេសទី៥ នៅលើសកលលោក និងជាប្រទេសដំបូងគេបង្អស់ ក្នុងតំបន់អាស៊ី ដែលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំនេះ។ កិច្ចប្រជុំលើកទី១ធ្វើនៅប្រទេសកេនយ៉ាឆ្នាំ២០០៤ លើកទី២ នៅប្រទេសកូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣ នៅប្រទេសម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤ នៅប្រទេសន័រវែស ឆ្នាំ២០១៩ និងលើកទី៥ នៅប្រទេសកម្ពុជា ឆ្នាំ២០២៤ ខាងមុខ។
ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំ កម្ពុជាបានជ្រើសយកទឹកដីខេត្តសៀមរាប សម្រាប់ ការរៀបចំ និងមានការចូលរួមពីរដ្ឋសមាជិក ចំនួន ១៦៤ ប្រទេស និងរដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ-ស្ថាប័នពិភពលោកជាច្រើនទៀត។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ មើលលើ វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង មក ។ កម្ពុជាគ្រោងនឹងដាក់ចេញនូវការងារអាទិភាពចំនួន ៣រួមមាន៖
១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា
២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង
៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម
ជាងនេះទៅទៀតកម្ពុជានឹងរៀបចំឱ្យមានជាសេចក្តី ថ្លែងការណ៍ស្តីពី ផែនការសកម្មភាព ៥ ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្តន៍ ដោយមានឈ្មោះថា “សេចក្តី ថ្លែង ការ ណ៍ សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan" ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។
ក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរជូនចំពោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំមន្រ្តី បុគ្គលិក អាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ ជាតិ-អន្តរជាតិ សហគមន៍ សកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែង និងចូលរួមចំណែកជំរុញឱ្យប្រទេស និងប្រជាជនកម្ពុជារួចចាកផុតពីទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្សដែលជាមរតកសង្រ្គាមដ៏រ៉ាំរ៉ៃនៅកម្ពុជា ។
ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះរដ្ឋជាសមាជិក នៃអនុសញ្ញាអូតាវ៉ា និងសហគមន៍អន្តរជាតិ ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការ សកម្មភាពមីនក៏ដូចជាបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងកម្ពុជាធ្វើជាប្រធាន និងម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ។
សូមជម្រាបថា អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា របស់ អង្គការ សហប្រជាជាតិ និង ជា ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕