Alynana Media Cambodia
Icon Collap
clinic narit

អឺរ៉ុបគ្រោងផ្តល់ជំនួយជិត ៩៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ ៤

Media LNN | Jan 17, 2024
អឺរ៉ុបគ្រោងផ្តល់ជំនួយជិត ៩៤លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ ៤
Clinic narith

(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) តាមរយៈក្របខណ្ឌ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងជិត ៩៤លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ៗចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជម្រាបឱ្យដឹងនូវយុទ្ធសាស្រ្ត Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ដែលមានគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ។

ក្នុងនោះ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប គ្រោងផ្តល់ជំនួយចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន៖ (១) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព (២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, (៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤- ២០២៧ និង (៤) កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

ក្រៅពីនេះ ក្រោមយុទ្ធសាស្ត្រថ្មីនេះដែរ EU បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives TEIs) ចំនួនពីរបន្ថែមទៀត ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ (Green Growth and Decent Jobs)។

ជាក់ស្តែង តាមរយៈការលើកកម្ពស់នេះ នឹងធ្វើឡើងទៅលើ៖ ១). TEI-1 ផ្តោតលើចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម (Sustainable Agriculture Value Chains) និង ២). TEI-2 ផ្តោតលើថាមពលបៃតង និង ខ្សែច្រវាក់តម្លៃឧស្សាហកម្ម (Green Energy and Industrial Value Chains) ៕