(ភ្នំពេញ)៖ សហភាពអឺរ៉ុប (EU) តាមរយៈក្របខណ្ឌ Global Gateway គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៨៦លានអឺរ៉ូ ស្មើនឹងជិត ៩៤លានដុល្លារអាមេរិក ជូនកម្ពុជាសម្រាប់អភិវឌ្ឍកម្មវិធីសំខាន់ៗចំនួន៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា នៅក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជម្រាបឱ្យដឹងនូវយុទ្ធសាស្រ្ត Global Gateway ដែលជាយុទ្ធសាស្រ្តថ្មីរបស់ EU ដែលមានគោលបំណងកៀរគរការវិនិយោគបន្ថែមសម្រាប់ប្រទេសជាដៃគូ។
ក្នុងនោះ នៅក្រោមក្របខណ្ឌ Global Gateway សហភាពអឺរ៉ុប គ្រោងផ្តល់ជំនួយចំនួនសរុបប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជាសម្រាប់កម្មវិធីថ្មីចំនួន ៤ រួមមាន៖ (១) កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព (២) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, (៣) កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស ២០២៤- ២០២៧ និង (៤) កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។
ក្រៅពីនេះ ក្រោមយុទ្ធសាស្ត្រថ្មីនេះដែរ EU បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives TEIs) ចំនួនពីរបន្ថែមទៀត ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ (Green Growth and Decent Jobs)។
ជាក់ស្តែង តាមរយៈការលើកកម្ពស់នេះ នឹងធ្វើឡើងទៅលើ៖ ១). TEI-1 ផ្តោតលើចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម (Sustainable Agriculture Value Chains) និង ២). TEI-2 ផ្តោតលើថាមពលបៃតង និង ខ្សែច្រវាក់តម្លៃឧស្សាហកម្ម (Green Energy and Industrial Value Chains) ៕