សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «យើងកំពុងរៀបចំក្របខ័ណ្ឌប្រភេទថ្មីមួយ ដើម្បីបើកច្រកឱ្យអ្នកជំនាញនៅតាមមូលដ្ឋានដែលមិនមានក្របខ័ណ្ឌរដ្ឋ អាចចូលបំពេញភារកិច្ចក្នុងរូបភាពណា»។ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យតេជោសែនកោះធំ» នាថ្ងៃទី១២មីនានេះ ដែលបានបញ្ជាក់ថា ក្របខ័ណ្ឌប្រភេទថ្មីនេះ គឺមានលក្ខខណ្ឌការងារ រួមទាំងប្រាក់បៀវត្សដូចទៅនឹងមន្ត្រី។
បើតាមសម្តេច ក្របខ័ណ្ឌប្រភេទថ្មីដែលរដ្ឋាភិបាលកំពុងរៀបចំឡើងនេះ នឹងផ្តល់ទៅអ្នកបច្ចេកទេស ឬអ្នកជំនាញផ្នែកសុខាភិបាលនៅមូលដ្ឋានផ្ទាល់ ចូលបំពេញការងារ ក្នុងករណីនៅមូលដ្ឋាននោះខ្វះមន្ត្រីជំនាញ ឬមន្ត្រីបច្ចេកទេស។ សម្រាប់មន្តី្រ-រាជការដែលចូលនិវត្តន៍ហើយ តែនៅមានបំណងចង់ធ្វើការ និងចង់ជួយប្រជាពលរដ្ឋមូលដ្ឋានតាមរយៈជំនាញរបស់ខ្លួន ក៏អាចក្លាយជាមន្ត្រីកិច្ចសន្យាបច្ចេកទេស ហើយមានតួនាទីនៅក្នុងវិស័យនោះ ផងដែរ។
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បន្តនិយាយយ៉ាងដូច្នេះ៖ « បើចង់ឱ្យនាយកដ្ឋាន ឬពេទ្យបង្អែកស្រុក មានវេជ្ជបណ្ឌិតនៅមានកម្លាំងពេញ ដែលគាត់ចូលនិវត្តន៍ហើយពីភ្នំពេញមកនៅស្រុក។ ក៏ប៉ុន្តែគាត់មានជំនាញដែលមន្ទីរពេទ្យកំពុងតែខ្វះ អ៊ីចឹងប្រសិនយើងអាចឱ្យចូលមកបាន នោះការជាល្អ ជាជាងចាំពេទ្យនៅភ្នំពេញទម្លាក់វេជ្ជបណ្ឌិតដែលមិនទាន់ចូលនិវត្តន៍ជំនាញហ្នឹង»។
ក្របខណ្ឌប្រភេទថ្មីដែលរដ្ឋាភិបាលកំពុងនេះឡើង ក៏នឹងផ្តល់ឱ្យទៅឱ្យគ្រូបង្រៀន ក្នុងវិស័យអប់រំ ផងដែរ។ នេះជាភាពបត់បែនរបស់រដ្ឋាភិបាលក្នុងការបង្កើតក្របខណ្ឌប្រភេទថ្មីនេះ ដែលមិនត្រឹមផ្តល់ទៅឱ្យអ្នកចូលនិវត្តន៍ប៉ុណ្ណោះទេ សូម្បីតែពលរដ្ឋទូទៅដែលបញ្ចប់ការសិក្សាលើជំនាញណាមួយ ដែលមានបំណងចង់ជួយរដ្ឋាតាមរយៈជំនាញនោះ ក៏មានឱកាសទទួលចូលបំពេញការងារស្ថិតក្របខណ្ឌថ្មីនេះបាន ដែរ។
« យើងត្រូវបើកច្រកបែបនេះ ដោយធ្វើយ៉ាងណាដើម្បីធានានូវបុគ្គលនៅមូលដ្ឋាន។ រុញអគារ! អគារអត់មានជើងដើរទេ ប៉ុន្តែជំរុញមនុស្ស! មនុស្សត្រូវការចល័តព្រោះតម្រូវការការងារ និងតម្រូវការរបស់ជីវភាពគ្រួសារ[…]។»។ នេះជាបញ្ជាក់បន្ថែមសម្តេច ហ៊ុន ម៉ាណែត ដែលនឹងយកវិធីសាស្ត្រនេះដោះស្រាយនូវកង្វះខាតមន្ត្រីតាមមូលដ្ឋាននានា និងផ្តល់ឱកាសផ្តល់អ្នកចង់ធ្វើការងាររដ្ឋ៕