Alynana Media Cambodia
Icon Collap
clinic narit

អ្នក​មានជំនាញតាមមូលដ្ឋាន តែ​គ្មានក្របខណ្ឌ ​នឹងទទួលបាន​ឱកាស​បម្រើ​ការងារ​រដ្ឋ​ផងដែរ

Admin Alynana | Mar 13, 2024
អ្នក​មានជំនាញតាមមូលដ្ឋាន តែ​គ្មានក្របខណ្ឌ ​នឹងទទួលបាន​ឱកាស​បម្រើ​ការងារ​រដ្ឋ​ផងដែរ
Clinic narith

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​៖ «យើងកំពុងរៀបចំក្របខ័ណ្ឌប្រភេទថ្មីមួយ ដើម្បីបើកច្រកឱ្យអ្នកជំនាញនៅតាមមូលដ្ឋានដែលមិនមានក្របខ័ណ្ឌរដ្ឋ​ អាចចូលបំពេញភារកិច្ចក្នុងរូបភាពណា»។ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យតេជោសែនកោះធំ» នាថ្ងៃទី១២មីនានេះ ដែលបានបញ្ជាក់ថា​ ក្របខ័ណ្ឌប្រភេទថ្មីនេះ គឺមានលក្ខខណ្ឌការងារ រួមទាំងប្រាក់បៀវត្ស​​ដូចទៅនឹងមន្ត្រី។

បើតាមសម្តេច ក្របខ័ណ្ឌប្រភេទថ្មីដែលរដ្ឋាភិបាលកំពុងរៀបចំឡើងនេះ នឹងផ្តល់ទៅអ្នកបច្ចេកទេស ឬអ្នកជំនាញ​ផ្នែកសុខាភិបាលនៅមូលដ្ឋានផ្ទាល់ ​ចូលបំពេញការងារ ក្នុងករណីនៅមូលដ្ឋាននោះខ្វះមន្ត្រីជំនាញ ឬមន្ត្រីបច្ចេកទេស។​ សម្រាប់មន្តី្រ-រាជការ​ដែលចូលនិវត្តន៍ហើយ តែនៅមានបំណងចង់ធ្វើការ​ និងចង់ជួយប្រជាពលរដ្ឋមូលដ្ឋានតាមរយៈជំនាញរបស់ខ្លួន  ក៏អាចក្លាយជាមន្ត្រីកិច្ចសន្យាបច្ចេកទេស ហើយមានតួនាទីនៅក្នុងវិស័យនោះ ផងដែរ។ 
 
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បន្តនិយាយយ៉ាងដូច្នេះ៖ « បើចង់ឱ្យនាយកដ្ឋាន ឬពេទ្យបង្អែកស្រុក មានវេជ្ជបណ្ឌិត​នៅមានកម្លាំងពេញ ដែលគាត់ចូលនិវត្តន៍ហើយពីភ្នំពេញមកនៅស្រុក។ ក៏ប៉ុន្តែគាត់មានជំនាញដែលមន្ទីរពេទ្យកំពុងតែខ្វះ អ៊ីចឹងប្រសិនយើងអាចឱ្យចូលមកបាន នោះការជាល្អ ជាជាងចាំពេទ្យនៅភ្នំពេញទម្លាក់វេជ្ជបណ្ឌិតដែលមិនទាន់ចូលនិវត្តន៍ជំនាញហ្នឹង»។​  
 
ក្របខណ្ឌប្រភេទថ្មីដែលរដ្ឋាភិបាលកំពុងនេះឡើង ក៏នឹងផ្តល់ឱ្យទៅឱ្យគ្រូបង្រៀន ក្នុងវិស័យអប់រំ ផងដែរ។ នេះជាភាពបត់បែនរបស់រដ្ឋាភិបាល​ក្នុងការបង្កើតក្របខណ្ឌប្រភេទថ្មីនេះ ដែលមិនត្រឹមផ្តល់ទៅឱ្យអ្នកចូលនិវត្តន៍ប៉ុណ្ណោះទេ  សូម្បីតែពលរដ្ឋទូទៅដែលបញ្ចប់ការសិក្សាលើជំនាញណាមួយ ដែលមានបំណងចង់ជួយរដ្ឋាតាមរយៈជំនាញនោះ ក៏មានឱកាសទទួលចូលបំពេញការងារស្ថិតក្របខណ្ឌថ្មីនេះបាន ដែរ។ 
 
«​ យើងត្រូវបើកច្រកបែបនេះ ដោយធ្វើយ៉ាងណាដើម្បីធានានូវបុគ្គលនៅមូលដ្ឋាន។ រុញអគារ! អគារអត់មានជើងដើរទេ ប៉ុន្តែជំរុញមនុស្ស! មនុស្សត្រូវការចល័តព្រោះតម្រូវការការងារ និងតម្រូវការរបស់ជីវភាពគ្រួសារ[…]។»។ នេះជាបញ្ជាក់បន្ថែមសម្តេច ហ៊ុន ម៉ាណែត​ ដែលនឹងយកវិធីសាស្ត្រនេះដោះស្រាយនូវកង្វះខាតមន្ត្រីតាមមូលដ្ឋាននានា  និងផ្តល់ឱកាសផ្តល់អ្នកចង់ធ្វើការងាររដ្ឋ៕​