ប្រទេសកម្ពុជា ពោរពេញទៅដោយតំបន់ទេសចរណ៍សម្បូរបែបទាំងតំបន់ឆ្នេរសមុទ្រ អេកូទេសចរណ៍បែបធម្មជាតិ និងរមណីយដ្ឋានប្រវត្តិសាស្ត្រមិនចាញ់ប្រទេសនានា នៅក្នុងតំបន់នោះទេ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ ការទាក់ទាញភ្ញៀវទេសចរបរទេសរបស់កម្ពុជា ជាពិសេសភ្ញៀវទេសចរមកពីអឺរ៉ុបហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសក្នុងតំបន់។ តើមានកត្តាអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរបរទេសមកពីអឺរ៉ុបរបស់កម្ពុជានៅមានកម្រិត?
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានអះអាងថា តំបន់ទេសចរណ៍របស់កម្ពុជា មានភាពសម្បូរបែប និងមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរ បើធៀបនឹងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសក្បែរខាង។
ក្រៅពីរមណីយដ្ឋានអង្គរ ដែលតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯកគ្មានពីរនៅលើពិភពលោក កម្ពុជាមានតំបន់ទេសចរណ៍ឆ្នេរសមុទ្រ កោះ និងតំបន់អេកូទេសចរណ៍បែបធម្មជាតិរាប់រាប់ពាន់កន្លែង ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកម្ពុជា ជាពិសេសមកពីប៉ែកអឺរ៉ុបហាក់នៅកម្រិតតិចតួចនៅឡើយបើធៀបនឹងប្រទេសមានសក្តានុពលទេសចរណ៍ក្នុងតំបន់ ជាពិសេសប្រទេសក្បែរខាង។ តើមានកត្តាអ្វីខ្លះធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសមកពីអឺរ៉ុបរបស់កម្ពុជានៅមានកម្រិត?
ឆ្លើយតបទៅនឹងសំណួរនេះ លោក ធួន ស៊ីណាន បានលើកឡើងថា កត្តាដែលធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេស ជាពិសេសមកពីប៉ែកអឺរ៉ុបមកកម្សាន្តនៅកម្ពុជា នៅមានកម្រិត គឺដោយសារកម្ពុជា នៅមានភាពទន់ខ្សោយលើផ្នែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ខ្វះការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសនៅតំបន់អឺរ៉ុប គួបផ្សំតម្លៃម្ហូបអាហារ និងសេវាកម្មទេសចរណ៍ផ្សេងៗនៅកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសជិតខាង។
ការខ្វះគោលនយោបាយលើកទឹកចិត្តពីរាជរដ្ឋាភិបាល ជាពិសេសពាក់ព័ន្ធនឹងការលើកលែងទិដ្ឋាការ បញ្ហាភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះសេដ្ឋកិច្ច ក៏ជាផ្នែកមួយធ្វើឱ្យចំនួនភ្ញៀវទេសចរបរទេស ជាពិសេសមកពីអឺរ៉ុបចូលកម្សាន្តនៅកម្ពុជា មានកម្រិតផងដែរ។
បើតាមការលើកឡើងរបស់អ្នកជំនាញរូបនេះ ការខ្វះសមិទ្ធផលទេសចរណ៍ថ្មីៗ ក៏អាចជាមូលហេតុធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសមកពីតំបន់អឺរ៉ុបរបស់កម្ពុជា មានកម្រិតផងដែរ។ យ៉ាងណាមិញលោក ធួន ស៊ីណាន ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្រួល និងដោះសា្រយបញ្ហានានានៅតាមព្រលានយន្តហោះ ដើម្បីផ្តល់ភាពកក់ក្តៅ និងផ្តល់អារម្មណ៍រីករាយជូនភ្ញៀវទេសចរបរទេស។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅត្រីមាសទី១ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង១លាន៥សែននាក់ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងនេះ ភ្ញៀវទេសចរមកពីអឺរ៉ុប មានចំនួនជាង២១ម៉ឺននាក់មានកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រសួងទេសចរណ៍រំពឹងថា វិស័យទេសចរណ៍អន្តរជាតិរបស់កម្ពុជា នៅឆ្នាំនេះនឹងអាចវិលទៅរកភាពល្អប្រសើរដូចមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩៕